ខេត្តប៉ៃលិន ៖ ក្នុងវត្ថុបំណងទាក់ទាញ ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដែលធ្វើដំណើរមកកម្សាន្តនៅខេត្តប៉ៃលិន និងរក្សាសោភ័ណភាព នាឱកាសចូលឆ្នាំសកលឆ្នាំ២០២១ ទើបរហូតមកដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត បានណែនាំដល់មន្ត្រីនៅតាមមន្ទីរជុំវិញខេត្ត ជាពិសេសគឺកងកម្លាំង នគរបាលនៃស្នងការដ្ឋានខេត្ត ព្រមទាំងមន្ត្រីរាជការ ចុះលាបថ្នាំតាមរបាំងពុះចែកទ្រូងផ្លូវ កាត់ស្មៅថែសួនផ្កា និងលាងសម្អាតតាមផ្លូវសាធារណៈជាដើម ជាពិសេសគឺនៅចំណុចផ្លូវភ្លោះដងផ្លូវជាតិលេខ៥៧ ចាប់ពីពីចំណុចភ្នំយ៉ាតរហូតទៅដល់ភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ។
ឧត្តមសេនីយ៍ត្រី ពេជ្រ ឆើត ស្នងការរងនគរបាលខេត្ត ដែលបានដឹកនាំកងកម្លាំងចុះបាញ់ទឹកលាងសម្អាតតាមដងផ្លូវខាងលើ ថ្លែងថា ក្រោយពីមានបញ្ជាពីលោកស្នងការ រូបលោកក៏បាននាំកងកម្លាំងដែលប្រចាំបញ្ជានៅស្នងការដ្ឋានទាំងអស់ ចេញទៅសម្អាតនៅតាមដងផ្លូវសាធារណៈ ដើម្បីចូលរួមអបអរសាទរឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី ដូចជាប្រើរថយន្តដឹកទឹកចំនួន២គ្រឿងបាញ់លាងសម្អាតផ្លូវកុំឲ្យមានភាពកខ្វក់ ជាការចូលរួមក្នុងការធ្វើអនាម័យ បង្កើតភាពទាក់ទាញដល់ភ្ញៀវទេសចរចូលមកកម្សាន្តក្នុងខេត្តប៉ៃលិន។
លោកស្នងការរងបន្តថា នៅក្នុងខេត្តប៉ៃលិន បើឃើញផ្លូវថ្នល់មានសភាពកខ្វក់ មានភក់ជ្រាំ ខាងរដ្ឋបាលខេត្តតែងតែបញ្ជាដល់កងកម្លាំងនគរបាល ឱ្យចេញរថយន្តពន្លត់អគ្គិភ័យដឹកទឹកដើម្បីបាញ់លាងសម្អាត ជាពិសេសគឺនៅមុនពេលបុណ្យចូលឆ្នាំសកល មុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឬបុណ្យភ្ជុំបិណ្ឌជាដើម ។ រដ្ឋបាលខេត្ត តែងតែធ្វើអនាម័យលាងសម្អាតជាប្រចាំដើម្បីឱ្យទីក្រុងស្អាត នាំមកនូវសុខភាពល្អ និងទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលមកកម្សាន្តនៅខេត្តប៉ៃលិន ដែលមកលេងម្ដងហើយចង់មកម្ដងទៀត ។
ចំណែកមន្ត្រីរាជការ គឺមានភាពសស្រាក់សស្រាំ អ្នកខ្លះមានអំបោស ចបជីក បង្គី កាំបិត និងសម្ភារផ្សេងៗទៀត ដើម្បីសម្អាតសួនកុមារ និងផ្លូវសាធារណ: សម្រាប់ជាគំរូដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរ ឱ្យយកចិត្តទុកដាក់ធ្វើអនាម័យផ្ទះសម្បែងរបស់ខ្លួនផងដែរ ។ លើសពីនេះទៀត ក៏មានតុបតែងភ្លើងចម្រុះពណ៌នៅមុខសាលាខេត្ត ក្បែរវិមានឯករាជ្យ ដើម្បីឱ្យប្រជាពលរដ្ឋដើរលេងកម្សាន្ត មានភាពទាក់ទាញផងដែរ ។
នៅយប់ថ្ងៃចុងក្រោយនៃឆ្នាំ២០២០ មានប្រជាពលរដ្ឋស្ទើរគ្រប់ភូមិនាំគ្នាធ្វើកម្មវិធីផ្សេងៗដើម្បីអបអរសាទរឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី ដោយមានអ្នកខ្លះចាក់ធុងបាស់រាំសប្បាយនៅមុខផ្ទះអ្នកខ្លះធ្វើម្ហូបអាហារជួបជុំគ្នាទទួលទានជា លក្ខណ:គ្រួសារយ៉ាងសប្បាយរីករាយ លុះអស់រយ:ពេល១ទៅ២ម៉ោងក៏បែកគ្នាទៅផ្ទះរៀងៗខ្លួនវិញ ។ ចំណែកអ្នកខ្លះ គេនៅហូបចុកជួបជុំមិត្តភក្តិ និងរាំលេងកម្សាន្តសប្បាយតាំងពីព្រលប់រហូតដល់ម៉ោង១រំលងអធ្រាត្រ ទើបបែកគ្នាទៅសម្រាកនៅតាមផ្ទះរៀងៗខ្លួន ។
នៅសួនកុមារមុខសាលាខេត្ត អាជ្ញាធរខេត្ត ក៏បានរៀបចំកម្មវិធីឆ្លងឆ្នាំដែរ ដោយមានដាក់ភ្លើងបំភ្លឺដ៏ស្រស់បំព្រង មានការដុតកាំជ្រួច ដេញឧបទ្រពចង្រៃនៅឆ្នាំចាស់ចេញ ហើយទទួលមកវិញនូវពរជ័យសម្រាប់ឆ្នាំថ្មី ។ ជាក់ស្តែងកាលពីវេលាម៉ោងប្រមាណ៩និង៣០នាទីយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ មានប្រជាពលរដ្ឋ រស់នៅក្នុងភូមិអូរច្រាលិច សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន និងប្រជាពលរដ្ឋរស់នៅក្នុងភូមិផ្សេងៗទៀត ក្នុងក្រុងប៉ៃលិន នាំគ្នាទិញម្ហូបអាហារពីផ្សារ ត្រៀមរៀបចំអបអរសាទរការឆ្លងឆ្នាំចាស់២០២០ ឈានចូលឆ្នាំថ្មី២០២១ ។
ពលរដ្ឋម្នាក់ឈ្មោះ ចែមួយ អាយុ៣៩ឆ្នាំរស់នៅក្នុងភូមិខាងលើ និយាយថា នៅយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ក្រុមគ្រួសាររបស់គាត់បានរៀបចំជួបជុំគ្នាធ្វើម្ហូបអាហារ ស្លការីទាកាប៉ា ធ្វើទឹកសម្រាប់នំបញ្ចុក៥០គីឡូក្រាម និងមានបុកល្ហុង ហើយហៅអ្នកក្នុងភូមិក្មេងចាស់ប្រុសស្រី នាំគ្នាទទួលទានជាមួយនឹងបងប្អូនសាច់ញាតិរបស់ខ្លួនតាំងពីល្ងាច ។ លុះរហូតដល់ម៉ោង១០យប់ ក៏មានអ្នកខ្លះត្រឡប់ទៅសម្រាកនៅឯផ្ទះវិញ តែអ្នកខ្លះនៅរាំលេងកម្សាន្តរហូតដល់រំលងអធ្រាត្រឆ្លងចូលឆ្នាំថ្មីទើបទៅសម្រាក ដើម្បីចូលរួមអបអរឆ្នាំថ្មីដែលឈានចូលមកដល់ ។
ចំណែកនៅតាមភូមិក្បែរៗនោះ គេមានដុតភ្លើងគប់ដោយមានដុតដំឡូងជ្វា និងអាំងសាច់ហូបជួបជុំគ្នាក្នុងគ្រួសារយ៉ាងសប្បាយរីករាយ ។ជាមួយនេះ ក៏មានការច្រៀងចម្រៀងឆ្លងឆ្លើយគ្នា ដើម្បីអបអរការឆ្លងឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីយ៉ាងកងរំពង ព្រោះពួកគាត់សប្បាយរីករាយដែលជីវិតនៅលើផែនដីនេះបាន១ឆ្នាំទៀតហើយ ។
រីឯអ្នកខ្លះទៀត ក៏ធ្វើដំណើរទៅកន្លែងអាស្រមយាយយ៉ាត ដើម្បីបួងសួងសុំសេចក្តីសុខ សម្រាប់ឆ្នាំថ្មី អ្នកខ្លះដែលនៅក្នុងផ្ទះក៏អុជធូប ទៀន បួងសួងដល់ទេវតាសុំសេចក្តីសុខរៀងៗខ្លួន ។ ក៏មានបងប្អូនមួយចំនួន ដែលគាត់មានជំនឿលើព្រះជាម្ចាស់ បានបួងសួងសុំឱ្យមានសេចក្តីសុខ កម្លាំងមាំមួន សុខភាពល្អ និងមានប្រាជ្ញាឈ្លាសវៃ ដើម្បីបន្តការងារសម្រាប់ឆ្នាំថ្មី២០២១ ។
ប្រភពព័ត៌មានបញ្ជាក់ថា នៅឯសួនកុមារវិញ អាជ្ញាធរខេត្ត បានដុតកាំជ្រួចលាន់ឮសូរកងរំពង ខណៈឆ្នាំថ្មីជិតឈានចូលមកដល់ ក្នុងការចូលរួមអបអរសាទរ ព្រមទាំងមានការរាំលេងកម្សាន្តសប្បាយផងដែរ ៕
ចែករំលែកព័តមាននេះ