សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោកចូបៃដិនថ្លែងកាលពីថ្ងៃទី១០វិច្ឆិកាថា គ្មានអ្វីអាចរារាំងការផ្ទេរអំណាចរវាងប្រធានាធិបតីចប់អាណត្តិ និងអ្នកបន្តវេននៅសេតវិមានបានឡើយ ក៏ទោះបីលោកដូណាល់ត្រាំ នៅក្រាញសាកល្បងតវ៉ា និងមិនព្រមទទួលស្គាល់ លទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីដែលលោកជាអ្នកឈ្នះ ដោយបរិហារទាំងគ្មានភស្ដុតាងពីការក្លែងបន្លំក្ដី ។
លោកបៃដិនថ្លែងបែបនេះ ក្នុងសុន្ទរកថាមួយនៅរដ្ឋដឺឡាវ៉ា កន្លែងដែលក្រុមរបស់លោកកំពុងរៀបចំបង្កើតរដ្ឋការថ្មីមួយ សម្រាប់បន្តការងារចាប់ពីថ្ងៃទី២០មករា ជាថ្ងៃផ្ទេរតំណែងប្រធានាធិបតី។ លោកថាយើងប្រញាប់បោះជំហានទៅមុខ ដោយរៀបចំទុកឲ្យហើយរដ្ឋការរបស់យើង និងពិនិត្យថាតើយើងនឹងជ្រើសរើសនរណាខ្លះ សម្រាប់បណ្ដាតំណែងក្នុងរដ្ឋបាលថ្មី ហើយនឹងគ្មានអ្វីអាចរារាំងរឿងនោះឡើយ។ លោកបន្តថា ប្រការដែលលោកត្រាំនៅតែមិនព្រមទទួលស្គាល់ជ័យជម្នះរបស់យើងគឹជារឿងគួរឲ្យធុញមួយ។
លោកPOMPEOសន្យាពីការឆ្លងកាត់សន្សឹមៗទៅរកអាណត្តិទី២របស់លោកត្រាំ រដ្ឋមន្ត្រីការបរទេសអាមេរិក លោកMIKE POMPEO បានបដិសេធកាលពីថ្ងៃទី១០វិច្ឆិកា មិនទទួលស្គាល់ជ័យជម្នះ របស់លោកចូបៃដិនដោយសន្យាពីការឆ្លងកាត់ដោយសន្សឹមៗ ឆ្ពោះទៅរកអាណត្តិទី២ របស់លោកដូណាល់ត្រាំ។
ពេលសួរពីបណ្ដាវិធានការដែលប្រកាន់យក ដោយក្រសួងការបរទេសអាមេរិក ជាក្រសួងគន្លឹះមួយខាងសន្តិសុខជាតិ ដើម្បីសម្រួលដល់ការឆ្លងកាត់ជាមួយបណ្ដាក្រុមរបស់ប្រធានាធិបតីជាប់ឆ្នោត លោកPOMPEOឆ្លើយថា នឹងមានការឆ្លងកាត់ដោយសន្សឹមៗឆ្ពោះទៅរកអាណត្តិទី២របស់រដ្ឋការលោកត្រាំ។
ក្នុងសន្និសីទសារព័ត៌មានមួយលោកបន្តថា យើងនឹងរាប់បណ្ដាសំឡេងទាំងអស់ ហើយលោកអះអាងថា បណ្ដាមេដឹកនាំលើពិភពលោកទាំងមូល សុទ្ធតែដឹងថា នោះជាដំណើរការស្របច្បាប់មួយ ដែលត្រូវការពេលវេលា៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo
ចែករំលែកព័តមាននេះ