សហរដ្ឋអាមេរិក ៖ ភាពតានតឹងកើតមានកាលពីថ្ងៃទី៥ វិច្ឆិកា រវាងពួកបាតុករគាំទ្រលោកដូណាល់ំត្រាំនិងពួកបាតុករគាំទ្រលោកចូបៃដេន នៅមុខមជ្ឈមណ្ឌលសន្និសីទក្រុងហ្វីឡាដែលហ្វីយ៉ា ជាកន្លែងរាប់សន្លឹកឆ្នោតដែលបោះតាមប្រៃសណី។ ភាពតានតឹងមានខ្លាំងកាលពីថ្ងៃទី៥វិច្ឆិកានៅរដ្ឋផេនស៊ីលវេនៀ ក្រោយការបោះឆ្នោតប្រធានាធិបតីអាមេរិក ដែលលទ្ធផលនៅមិនទាន់ច្បាស់នៅឡើយ។
នៅតាមចិញ្ចើមថ្នល់ ពួកបាតុករប្រឆាំងលោកត្រាំច្រើនសិបនាក់ បានលើកប៉ាណូនានា អំពាវនាវឲ្យបន្តរាប់សន្លឹកឆ្នោត ដោយក្នុងបាតុកម្មនោះ មានអ្នកចូលរួមខ្លះនាំគ្នារាំ ជាមួយការចាក់បទភ្លេងដ៏កងរំពង។ នៅទល់មុខគ្នាពួកបាតុករគាំទ្រលោកត្រាំ ដែលជំទាស់ចំពោះការបន្តរាប់សន្លឹកឆ្នោត បញ្ជូនមកតាមប្រៃសណិបាននាំគ្នាស្រែកថា រដ្ឋផេនស៊ីលវេនៀអនុញ្ញាតឲ្យរាប់តែសន្លឹកឆ្នោតដែលផ្ញើមកដល់ត្រឹមថ្ងៃទី៣វិច្ឆិកា ហើយបដិសេធសន្លឹកឆ្នោតដែលមកដល់យឺតក្រោយថៃ្ងបោះឆ្នោត។
ជាច្រើនលើកបាតុករទាំង២ក្រុមបានឌឺដងដាក់គ្នា។ នៅរដ្ឋផេនស៊ីលវេនៀដែលមានមហាអ្នកបោះឆ្នោត២០រូប ជារដ្ឋចុងក្រោយមួយ ក្នុងចំណោមរដ្ឋចុងក្រោយទាំងឡាយដែលអ្នកឈ្នះនៅមិនទាន់ប្រកាសនៅឡើយ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo
ចែករំលែកព័តមាននេះ