ប្រេស៊ីល៖តាមប្រភពព័ត៌មាន Reuters បានឱ្យដឹងថា ក្រសួងសុខាភិបាលប្រេស៊ីលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋមន្ត្រីសុខាភិបាលប្រេស៊ីល លោក Eduardo Pazuello ត្រូវបានរកឃើញថាមានជំងឺកូវីដ ហើយត្រឡប់ទៅមន្ទីរពេទ្យវិញ កាលពីថ្ងៃអាទិត្យ បន្ទាប់ពីទើបតែចេញពីពេទ្យនៅព្រឹកថ្ងៃដដែល។
ក្រសួងបាននិយាយថា លោក Pazuello ដែលជានាយទាហានសកម្មម្នាក់ នឹងស្នាក់នៅក្នុងមន្ទីរពេទ្យយោធាជាវិធានការបង្ការទុកជាមុន។
សេចក្តីថ្លែងការណ៍បានឱ្យដឹងថា៖ «លោករដ្ឋមន្ត្រីសុខាភិបាល Pazuello គឺមានស្ថានភាពសុខភាពល្អ និងមានស្ថេរភាព ហើយគួរសម្រាករហូតដល់ថ្ងៃស្អែក»។
ក្រសួងបាននិយាយមុននេះថា រដ្ឋមន្ត្រីបានធ្វើតេស្តរកមេរោគកូវីដវិជ្ជមាននៅថ្ងៃទី២១ ខែតុលា។ គាត់បានពិនិត្យនៅមន្ទីរពេទ្យកាលពីថ្ងៃសុក្រ ដោយទទួលរងពីការខ្វះជាតិទឹក។
ប្រហែលពាក់កណ្តាលនៃគណៈរដ្ឋមន្ត្រីដែលមានសមាជិក ២៣នាក់ របស់ប្រធានាធិបតីស្តាំនិយមលោក Jair Bolsonaro បានឆ្លងវីរុសនេះ ហើយប្រធានាធិបតីនិងភរិយារបស់គាត់ក៏ធ្លាប់មានជំងឺនេះនៅក្នុងខែកក្កដាផងដែរ។
ប្រទេសប្រេស៊ីលមានការរីករាលដាលនៃការស្លាប់ដោយជំងឺកូវីដ ដែលមានអ្នកបាត់បង់ជីវិតចំនួន ១៦០,០៧៤ នាក់ ដែលជាប់លំដាប់ថ្នាក់ទី២ បន្ទាប់ពីសហរដ្ឋអាមេរិក៕
ចែករំលែកព័តមាននេះ