រាជធានីភ្នំពេញ ៖ អ្នកគ្រូ ពេជ្រ កញ្ចនា បង្រៀនថ្នាក់ទី៧នៅវិទ្យាល័យបឹងត្របែក ត្រូវបានលោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋ អាជីវករមួយក្រុម នាំគ្នាផ្តិតមេដៃសំណូមពរមកការិយាល័យនិពន្ធកោះសន្តិភាពជួយចុះផ្សាយបង្ហាញមុខមាត់គាត់ដែលមានសាច់ទ្រលុកទ្រលន់ ហើយបច្ចុប្បន្នគេចខ្លួនបាត់ដោយប្រមូលយកប្រាក់តុងទីនរាប់សែនដុល្លារទៅជាមួយផង ព្រោះរូបគាត់ធ្វើជាមេតុងទីន ។
ជួបជាមួយអ្នកយកព័ត៌មានកោះសន្តិភាព កាលពីរសៀលថ្ងៃទី២៥ កក្កដា ឆ្នាំ២០១២ ក្រុមលោកគ្រូ អ្នកគ្រូបង្រៀនជាសមាជិកតុងទីនដែលកំពុងខាតបង់ប្រាក់សន្សំរាប់ពាន់រាប់ម៉ឺនដុល្លារក្នុងម្នាក់ៗបានសំណូមពរតាមរយៈកោះសន្តិភាព អំពាវនាវទៅមេតុងទីនឈ្មោះពេជ្រ កញ្ចនា ឱ្យចូលខ្លួនមកដោះស្រាយជាមួយសមាជិកតុងទីន ទើបរួចខ្លួនពីប្រព័ន្ធច្បាប់ ។ ក្រុមអ្នកខាតបង់ប្រាក់ដោយសារមេតុងទីនវេចប្រាក់រត់នេះ បានសូមឱ្យសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ជួយចាត់វិធានការតាមផ្លូវច្បាប់លើអ្នកគ្រូ ពេជ្រ កញ្ចនា ដូចដែលមានរូបថតភ្ជាប់ជាមួយនេះផង ព្រោះបុគ្គលរូបនេះជាមនុស្សរូបស្រស់ តែបង្កប់ពិសពុលទុច្ចរិតឆបោកលុយតុងទីនដែលសមាជិកម្នាក់ៗព្យាយាមអត់ហា៊នស៊ីចាយ ដើម្បីសន្សំលុយយកមកបង់តុងទីនតាមពេលវេលាកំណត់ ប៉ុន្តែទីបញ្ចប់ទទួលបាននូវការខាតបង់លុយរាប់ម៉ឺនដុុល្លារតាមរយៈមេតុងទីនបោកប្រាស់នេះ ។
សូមបញ្ជាក់ថា តុងទីនដែលអ្នកគ្រូ កញ្ចនា ធ្វើមេនោះមានមួយក្បាលពី៥០ដុល្លារ ទៅ ២០០ដុល្លារ ហើយរយៈពេលនៃការដេញ គឺមានមួយខែម្តង និងកន្លះខែម្តង ។ មូលហេតុដែលផ្ទុះរឿងចោទប្រកាន់លើមេតុងទីនប្រមូលលុយរត់ គឺដោយសារថ្មីៗនេះមានសមាជិកតុងទីនខ្លះដេញតុងទីនបានហើយអត់បានលុយ ។ លើសពីនេះទៅទៀត កន្លងមកមានសមាជិកតុងទីនខ្លះបានប្តឹងទៅប៉ូលិសក្រសួងមហាផ្ទៃចាប់ខ្លួនមេតុងទីនឈ្មោះពេជ្រ កញ្ចនា យកទៅឃុំខ្លួនដើម្បីបង្ខំទារប្រាក់ចំនួនពីរដងរួចមកហើយ ។ បច្ចុប្បន្ន អ្នកគ្រូ ពេជ្រ កញ្ចនា បានរត់គេចបាត់ស្រមោលឈឹងទំនងអត់ងាកក្រោយទេ ។
អ្នកគ្រូ ពេជ្រ កញ្ចនា ពុំអាចទំនាក់ទំនងសុំការបំភ្លឺបានទេ តាមរយៈទូរស័ព្ទ ។
សូមរំលឹកថា ការលេងតុងទីនបានផ្ទុះបាតុភាពជាបន្តបន្ទាប់ដោយសារមេតុងទីនមិនល្អ ចេះតែវេចសំពាយរត់ដែលមេខ្លះប្រមូលបានរាប់សែនដុល្លារ ពិសេសគឺនៅរាជធានីភ្នំពេញ ៕
ចែករំលែកព័តមាននេះ