បារាំង៖តាមប្រភពព័ត៌មាន Oddity Central បានឱ្យដឹងថា Sylvain ដែលជាគ្រូបង្រៀនមកពី Essonne នៅប្រទេសបារាំង ប្រឈមនឹងការបាត់បង់ការងារ ពីព្រោះឪពុកម្តាយខ្លះមិនគាំទ្រការចាក់សាក់ពេញរាងកាយរបស់គាត់ ដែលរាប់បញ្ចូលទាំងមុខរបស់គាត់ផង។
គ្រូបង្រៀនវ័យ ៣៥ឆ្នាំ បានទៅប៉ុស្តិ៍ទូរទស្សន៍បារាំង BFM TV ដើម្បីត្អូញត្អែរអំពីការគម្រាមកំហែងបាត់បង់ការងាររបស់គាត់យ៉ាងតឹងរ៉ឹង ផ្អែកលើរូបរាងរបស់គាត់។ គាត់អះអាងថា ថ្នាក់លើរបស់គាត់បានស្នើសុំឱ្យគាត់ឈប់បង្រៀនកូនសិស្សមត្តេយ្យទៀតហើយ បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីឪពុកម្តាយទាក់ទងនឹងរូបរាយមិនធម្មតារបស់គាត់។ ជាក់ស្តែង គេមិនបានរិះគន់លើការបង្រៀនរបស់គាត់ទេ តែគេប្រកាន់ទៅលើស្នាមសាក់លើកាយ លើមុខ និង សូម្បីតែលើគ្រាប់ភ្នែករបស់គាត់។
គ្រូបង្រៀនរូបនេះបាននិយាយថា គាត់លែងត្រូវបានអនុញ្ញាតឱ្យបង្រៀននៅមតេយ្យទៀតហើយ ពីព្រោះសមាជិកនៃ L’Ean Nationale មិនចង់ដោះស្រាយជាមួយបណ្តឹងរបស់ឪពុកម្តាយទៀតទេ។ លោកបន្ថែមថា ការចាក់សាក់របស់គាត់មិនមានឥទ្ធិពលលើសមត្ថភាពបង្រៀនរបស់គាត់ទេ ហើយគាត់តែងតែបំពេញការងាររបស់គាត់ឱ្យអស់ពីសមត្ថភាព។ ទោះយ៉ាងណាក៏ដោយ មានអ្នកដែលជឿថា គាត់គឺមិនសមជាគ្រូបង្រៀនក្មេងៗទាល់តែសោះ ព្រោះគ្រាន់តែឃើញគឺក្មេងៗខ្លាចបាត់ទៅហើយ។
ស្ថានភាពប្លែករបស់គ្រូបង្រៀនរូបនេះ បានបង្កឱ្យមានការជជែកវែកញែកយ៉ាងក្តៅគគុកលើបណ្តាញសង្គមបារាំងនៅសប្តាហ៍នេះ ដោយអ្នកប្រើប្រាស់មួយចំនួនបានអះអាងថាសមត្ថភាពរបស់គាត់ជាគ្រូបង្រៀន គឺជារឿងតែមួយគត់ដែលចាំបាច់ត្រូវខ្វល់ ហើយខ្លះទៀតនិយាយថារូបរាងរបស់គាត់ធ្វើឱ្យគាត់មិនអាចទទួលយកបានក្នុងចំណោមកុមារតូចៗ។ ចុះអ្នកទាំងអស់គ្នាវិញ យល់យ៉ាងណាដែរសម្រាប់ការចាក់សាក់របស់គ្រូបង្រៀនខាងលើ?
ចែករំលែកព័តមាននេះ