ខេត្តកោះកុង ៖ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ អង្គការ WCS បានចែកចាយរូបភាព និងវីដេអូបង្ហាញអំពីកូនក្រពើត្រី(Siamese crocodile)ដែលជាប្រភេទជិតផុតពូជបំផុតក្នុងចំណោមប្រភេទសត្វក្រពើជិតផុតពូជបំផុតដទៃទៀតនៅលើពិភពលោក កំពុងហែលនៅក្នុងបឹងធម្មជាតិមួយ ស្ថិតក្នុងស្រុកស្រែអំបិល ខេត្តកោះកុង។
រូបភាពទាំងនេះថតបានដោយក្រុមការពារសំបុកក្រពើត្រីនៃអង្គការ WCS ក្នុងកំឡុងពេលចុះល្បាតសហការជាមួយរដ្ឋបាលជលផល និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ។ ក្រុមការងារខាងលើបានប្រទះឃើញកូនក្រពើត្រីចំនួន១៥ក្បាល ដែលកូនក្រពើនីមួយៗមានប្រវែងប្រហែល ៣០សង់ទីម៉ែត្រ កំពុងហែលនៅក្នុងបឹងធម្មជាតិក្នុងតំបន់ដីសើមដែលជាទីជម្រកដ៏សំខាន់មួយរបស់ក្រពើប្រភេទនេះ។
ក្រុមការងារបានកត់សម្គាល់ឃើញថា ដោយសារក្នុងឆ្នាំនេះមានភ្លៀងធ្លាក់តិចបឹងនៅក្នុងតំបន់ ដីសើមនេះកាន់តែរាក់ទៅៗដែលធ្វើឱ្យប៉ះពាល់ដល់ទីជម្រករបស់វាក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ។ ក្រពើត្រីត្រូវបានកត់ត្រាចូលក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទជិតផុតពូជបំផុតនៅលើពិភពលោក ។
អ្នកវិទ្យាសាស្ត្របានរកឃើញវត្តមានរបស់វានៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ក៏ប៉ុន្តែបច្ចុប្បន្ន វត្តមានរបស់ក្រពើប្រភេទនេះស្ទើរតែផុតពូជនៅក្នុងប្រទេសវៀតណាម និងថៃ និងមាននៅសេសសល់តិចតួចក្នុងប្រទេសឡាវ និងឥណ្ឌូនេស៊ី ។
តាមការសិក្សាស្រាវជ្រាវកន្លងមក វត្តមានប្រភេទនេះប្រហែលជា ៥.០០០ក្បាល នៅក្នុងប្រទេសកម្ពុជា ដែលចាត់ទុកថា ជាចំនួនមួយច្រើនជាងប្រទេសដទៃទៀត ។ ក្រពើត្រីកំពុងប្រឈមទៅនឹងកត្តាគំរាមកំហែងជាច្រើនដូចជា ការបាត់បង់ទីជម្រក និងការប្រមាញ់ខុសច្បាប់ លើ ក្រពើ ជំទង់ និងការប្រមូលយកកូនតូច និងពងរបស់វាទៅលក់ឱ្យកសិដ្ឋានចិញ្ចឹមក្រពើនៅក្នុងប្រទេស កម្ពុជា វៀតណាម និងថៃ ។
អង្គការ WCS បាន និងកំពុងអនុវត្តកម្មវិធីអភិរក្សមួយចំនួន ដើម្បីការពារប្រភេទនេះកុំឱ្យផុតពូជ ។ គម្រោង បានដាក់បញ្ចូលក្រុមអតីតអ្នកប្រមាញ់ដើម្បីចូលរួមស្វែងរក និងការពារសំបុកនៅក្នុងធម្មជាតិ ។ តាមរយៈការ អនុវត្តច្បាប់ក្រុមល្បាតចម្រុះដែលរួមមានមន្ត្រីរដ្ឋបាលជលផល និងសមាជិកសហគមន៍មូលដ្ឋានបានចុះប្រមូលយកឧបករណ៍នេសាទខុសច្បាប់ដែលអាចទាក់ជាប់សត្វក្រពើត្រី និងទប់ស្កាត់ការបំផ្លាញទីជម្រករបស់វា ។
ដោយការអប់រំ និងផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងនៅក្នុងសហគមន៍មូលដ្ឋានអំពីការអភិរក្សប្រភេទនេះជាការងារសំខាន់ ដូច្នេះគម្រោងស្នើសុំឱ្យមានការចូលរួមយ៉ាងសកម្មពីសហគមន៍មូលដ្ឋានដើម្បីឈានទៅ សម្រេចផែនការសកម្មភាពអាទិភាពមួយចំនួនមានដូចជា ការបង្កើនជីវភាពសហគមន៍តាមរយៈជំនួយ បច្ចេកទេស វារីវប្បកម្ម និងដើម្បីធានាថាពួកគាត់មិនធ្វើសកម្មភាពនេសាទខុសច្បាប់ចូលទៅក្នុងតំបន់ដីសើម ដែលជាទីជម្រករបស់ក្រពើត្រីនោះទេ។
សកម្មភាពអភិរក្សមួយទៀតគឺការយកកូនក្រពើទៅចិញ្ចឹមថែទាំឱ្យធំ មុនយកទៅលែងក្នុងធម្មជាតិនឹងជួយធ្វើឱ្យចំនួនក្រពើត្រីនៅក្នុងធម្មជាតិកើនឡើងវិញ៕
ចែករំលែកព័តមាននេះ