រាជធានីភ្នំពេញ ៖ យុវតីម្នាក់ត្រូវបានជនសង្ស័យចំនួន២នាក់ជិះម៉ូតូទៅជិត រួចធ្វើសកម្មភាពឆក់យកទូរស័ព្ទ ខណៈនាងកំពុងឈប់តាមផ្លូវ អង្គុយលើម៉ូតូកាន់ទូរសព្ទ័ឆាតទៅរកបងស្រី ។
បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទបានសម្រេចហើយ ជនសង្ស័យបានព្យាយាមបើកម៉ូតូគេចខ្លួនដែរ ប៉ុន្តែត្រូវយុវតីជាម្ចាស់ទូរស័ព្ទជិះម៉ូតូដេញតាមពីក្រោយ លុះបានចម្ងាយប្រមាណ៣០០ម៉ែត្រទើបតាមទាន់ ។ ពេលនោះនាងក៏បានសម្រេចចិត្តបុកពីក្រោយម៉ូតូជនសង្ស័យខាងលើ បណ្ដាលឲ្យដួលទាំងអស់គ្នាតែម្ដង ហើយស្របពេលនោះកម្លាំងនគរបាលប៉ុស្តិ៍ក្រាំងពង្រកំពុងល្បាតជិតនោះដែរ ក៏បានជួយដេញតាមឃាត់ខ្លួនជនសង្ស័យបានម្នាក់ ចំណែកម្នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល ដោយបាននាំយកទូរស័ព្ទរបស់នាងទៅជាមួយផងដែរ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ ត្រង់ចំណុចខាងមុខសួនឧស្សាហកម្មវឌ្ឍនៈ២ ផ្លូវជាតិលេខ៣ ស្ថិតនៅក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានី ភ្នំពេញ ។
នគរបាលបានប្រាប់ឲ្យដឹងថា យុវតីជាម្ចាស់ទូរស័ព្ទខាងលើឈ្មោះ ណុះ ហ្វារីតា អាយុ១៧ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរសិស្ស មានទីលំនៅក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ចំណែកជនសង្ស័យម្នាក់ដែលត្រូវឃាត់ខ្លួនឈ្មោះ រិន ណារ័ត្ន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួល ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ រីឯបក្សពួកដែលរត់គេចខ្លួនរួចឈ្មោះ មាស វិសាល ហៅ ប៉ាលី ភេទប្រុស អាយុ២៣ឆ្នាំ គឺជាមុខសញ្ញាលួច ឆក់ និងប្លន់ ហើយកន្លងមកធ្លាប់បានធ្វើសកម្មភាពជាច្រើនដងរួចមកហើយដែរ។
ក្រោយពេលឃាត់ខ្លួនម្នាក់ខាងលើ នគរបាលដកហូតយកម៉ូតូមួយគ្រឿងម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌សលាយក្រហម ពាក់ស្លាកលេខ កណ្តាល 1PC-1714 និងដាវកែច្នៃ១ដើម ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ យុវតីម្នាក់ខាងលើបានជិះម៉ូតូ១គ្រឿងម៉ាក MSX ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1II-5040 ចេញពីផ្ទះស្ថិតនៅខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដើម្បីទៅលេងផ្ទះបងធម៌ឈ្មោះ សំ ស្រីមុំ ភេទស្រី អាយុ២៤ឆ្នាំ ស្ថិតនៅក្នុងភូមិក្រាំងពង្រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ដោយធ្វើដំណើរតាមផ្លូវជាតិលេខ៣ ក្នុងទិសដៅពីជើងទៅត្បូង លុះទៅដល់ត្រង់ចំណុចមុខសួនឧស្សាហកម្មវឌ្ឍនៈ២ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ នាងបានឈប់ម៉ូតូនៅលើចិញ្ចើមផ្លូវជាតិលេខ៣ រួចកាន់ទូរស័ព្ទនិយាយតាមឆាតជាមួយបងស្រី ។
តាមប្រភពព័ត៌មានដដែលបានបន្តថា ខណៈនោះស្រាប់តែជនសង្ស័យទាំង២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយហ្ស៊ុយគីនិចទៅជិតរួចធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃពីដៃនាង បន្ទាប់មកបានជិះម៉ូតូគេចខ្លួនដែរ ប៉ុន្តែត្រូវនាងជិះម៉ូតូដេញតាមពីក្រោយ ហើយស្រែកថាចោរៗ លុះបានចម្ងាយប្រមាណ៣០០ម៉ែត្រទើបតាមទាន់ ពេលនោះនាងបានបុកពីក្រោយម៉ូតូជនសង្ស័យបណ្ដាលឲ្យដួលទាំងអស់គ្នាតែម្ដង ។
តាមប្រភពព័ត៌មានដដែលបានបន្តទៀតថា ស្របពេលនោះកម្លាំងនគរបាលប៉ុស្តិ៍ក្រាំងពង្រដែលកំពុងល្បាតនៅក្បែរនោះដែរ បានជួយអន្តរាគមន៍ឃាត់ជនសង្ស័យម្នាក់ឈ្មោះ រិន ណារ័ត្ន រួមនឹងម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌សលាយក្រហម១គ្រឿង និងដាវកែច្នៃដើម ចំណែកឈ្មោះ មាស វិសាល ហៅ ប៉ាលី ដែលជាបក្សពួកគេចខ្លួនបាត់ដោយយកទូរស័ព្ទដែលឆក់បានពីយុវតីខាងលើទៅជាមួយផងដែរ ។
តាមប្រភពខាងលើបានបន្តទៀតថា ក្រោយពេលចាប់ខ្លួនជនសង្ស័យបានហើយ កម្លាំងនគរបាលក៏នាំជននោះទៅធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ហើយជនសង្ស័យបានសារភាពប្រាប់នគរបាលថា ខ្លួននិងបក្សពួកខាងលើ ពិតជាបានធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃពីយុវតីខាងលើប្រាកដមែន ហើយកន្លងមកធ្លាប់បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ និងប្លន់ម៉ូតូរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ជាច្រើនលើកថែមទៀតផង៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ