ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អតីតយោធិនពិការ​​ខំធ្វើ​ដំណើរ​មក​សុំ​​អភិបាលខេត្ត​ជួយ​រក​យុត្តិធម៌​រឿងទំនាស់​​​ដីធ្លី​

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ​៖ ​កាលពី​​រសៀល​ថ្ងៃ​ទី​១១ ​សីហា​ ឆ្នាំ​២០២០​ បុរស​ពិការ​ជើង​ទាំង​សង​ខាង​​ម្នាក់​ឈ្មោះ​កែវ សុវណ្ណ ​អាយុ​៤៩​ឆ្នាំ​ ជា​អតីត​យោធិន​រំសាយ បាន​ធ្វើ​ដំណើរ​ពី​ភូមិ​ខ្ពប​ត្រាច​…

ខេត្តស្វាយរៀង ​៖ ​កាលពី​​រសៀល​ថ្ងៃ​ទី​១១ ​សីហា​ ឆ្នាំ​២០២០​ បុរស​ពិការ​ជើង​ទាំង​សង​ខាង​​ម្នាក់​ឈ្មោះ​កែវ សុវណ្ណ ​អាយុ​៤៩​ឆ្នាំ​ ជា​អតីត​យោធិន​រំសាយ បាន​ធ្វើ​ដំណើរ​ពី​ភូមិ​ខ្ពប​ត្រាច​ ឃុំ​ជ្រៃ​ធំ​ ស្រុក​រមាស​ហែក​ ដើម្បី​ដាក់​ពាក្យ​បណ្តឹងសុំ​ឲ្យ​​លោក​​អភិបាល​នៃ​គណៈអភិបាល​ខេត្តស្វាយរៀង ​មេត្តា​ជួយ​រក​យុត្តិធម៌​ក្នុង​រឿង​​ទំនាស់​ដីធ្លី​២​កន្លែង​ទំហំ​៥.៤១៨​ម៉ែត្រការ៉េ​ ស្ថិត​នៅ​ភូមិ​ខ្ពប​ត្រាច​ ឃុំ​កំពង់ត្រាច ​ស្រុក​រមាស​ហែក​ ដោយ​មានឈ្មោះ​អាំ​ហម ភេទ​ប្រុស​ អាយុ​៥៤​ឆ្នាំ​ និង​ប្រពន្ធ ដែល​មាន​ទីលំនៅ​ភូមិ​កំពង់ត្រាច​ ឃុំ​កំពង់ត្រាច​ ស្រុក​រមាស​ហែក យក​ពូជស្រូវ​អ៊ី​អ៊ែ​រ ទៅ​ព្រោះ​ពីលើ​ស្រូវពង្រោះ​របស់​ជន​រង​គ្រោះ​ដែល​ជា​ជន​ពិការ​មាន​ដី​តែ​ជាង​កន្លះ​ហិ​កតា​(៥,៤១៨​ម៉ែត្រការ៉េ​)​ ប៉ុណ្ណោះ​ សម្រាប់​បង្កបង្កើន​ផល​ចិញ្ចឹមជីវិត​។

បើ​តាម​អាជ្ញាធរ​ភូមិ​ឃុំ​និង​លោក​អភិបាលស្រុក​រមាស​ហែក​បាន​ឲ្យ​ដឹង​ថា ករណី​ឈ្មោះ​អាំ ហម និង​ប្រពន្ធ​យក​ស្រូវពូជ​ទៅ​ព្រោះ​ពីលើ​ស្រូវពង្រោះ​របស់​ជន​រង​គ្រោះ​នោះ​កើតឡើង​ដោយ​ករណី​ទំនាស់​ដីធ្លី ឈ្មោះ​អាំ​ហម​ និង​ប្រពន្ធ មក​ទាមទា​រ​លោះ​ដីស្រែ​កេ​ររបស់​ឪពុក​ពី​សង្គម ក៏​ប៉ុន្តែ​ជន​រង​គ្រោះ​មិន​ព្រម​ក៏​មាន​ទំនាស់​ជា​បន្តបន្ទាប់​រហូត​បច្ចុប្បន្ន ត្រូវ​អាជ្ញាធរ​ឃុំ​បាន​ដោះស្រាយ​២​លើក អាជ្ញាធរ​ស្រុក​បាន​ដោះស្រាយ​ចំនួន​៣​លើក​ក៏​មិន​ស្រុះស្រួល​គ្នាដែរ​ ទើប​លោក​អភិបាលស្រុក​រមាស​ហែក​ឲ្យ​ជន​រង​គ្រោះ​ដាក់​ពាក្យបណ្តឹង​​ទៅ​​តុលាការ​ខេត្តស្វាយរៀង​ដោះស្រាយ​វិញ​។​

ទាក់ទិន​ករណី​ខាងលើ​នេះ​ដែរ​ លោកយាយ​ម៉ា​ន់​ម៉ៅ អាយុ​៧០​ឆ្នាំ​ ដែល​ជា​ម្តាយ​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា ដំណើររឿង​ឈ្មោះ​អាំ​ស៊ី​ន (​ឳ​ពុក​ឈ្មោះ​អាំ​ហម​)​ត្រូវជា​កូនចិញ្ចឹម​ឳ​ពុក​របស់​គាត់​(​ម៉ា​ន់​ម៉ៅ​)​ អាំ​ស៊ី​ន ​ជា​កូនកំព្រា ក្រោយ​ពី​រៀប​ការ​ ឪពុក​របស់​គាត់​បាន​ចែក​ដីស្រែ​ និង​ទី​សំណាប​ឲ្យ​ដើម្បី​ធ្វើស្រែ​ ហើយ​បើ​ថា​ដី​កេ​រ ​គឺ​កេ​រ​ឳ​ពុក​របស់​គាត់​ចែក​ឲ្យ​នៅ​ឆ្នាំ​១៩៦០​ឈ្មោះ​អាំ ស៊ី​ន គ្មាន​ប្រាក់​ទិញ​កង់​ជិះ​ក៏​យក​ដី​មក​បញ្ចាំ​ឲ្យ​គាត់​១៨០​រៀល ​។

លោក​យាយ​បានបន្ត​ថា ​លុះដល់​ឆ្នាំ​១៩៧៩​ បែក​ប៉ុ​ល​ពត គាត់​បាន​មក​ចាប់ដី​នៅ​ស្រុក​កំណើត​វិញ​ហើយ​អាស្រ័យ​ផល​លើ​ដីស្រែ​២​កន្លែង​នេះ​រហូត ចំពោះ​ឈ្មោះ​អាំ​ស៊ី​ន​ បាន​ទៅ​រស់នៅ​ភូមិ​កំពង់ត្រាច ​ឃុំ​កំពង់ត្រាច​ ទីរួមស្រុក​រមាស​ហែក​ ​ហើយ​ដីស្រែ​២​កន្លែង​នេះ​គឺ​គាត់​បាន​កាន់កាប់​ចាប់តាំងពី​ឆ្នាំ​១៩៧៩​រហូត​ដល់​បច្ចុប្បន្ន​ធ្វើស្រែ​អាស្រ័យ​ផល​មិន​ដែល​អាក់ខាន​ឆ្នាំ​ណា​ទេ​ ។ ​នៅ​ឆ្នាំ​១៩៨៥​ឈ្មោះ​អាំ​ស៊ី​ន បាន​យក​ប្រាក់​មក​សង​៨០​រៀល នៅ​ជំពាក់​៨០​រៀល​ទៀត ក្រោយមក​ឈ្មោះ​អាំ​ស៊ី​ន​ ក៏​បាន​ចែកឋានទៅ ។

លោកយាយបានប​ន្តថា លុះ​នៅ​ឆ្នាំ​១៩៩៣​ ឈ្មោះ​អាំ​ហម​ ជា​កូន​បាន​មក​ខ្ចី​មាស​៥​ហ៊ុន ហើយ​និយាយ​ថា​ «មីង​ខ្ញុំ​សុំ​បញ្ចាំ​ដី​២​កន្លែង​ដី​កេ​រ្ត៍​ឳ​ពុក​ខ្ញុំ​មីង​ឯង​ធ្វើស្រែ​ទៀត​ទៅ» ។ គាត់​នឹក​ថា​ជា​ក្មួយ​ក៏​មិន​បាន​និយាយ​អ្វី​ដែរ​ក៏​ឲ្យ​មាស​៥​ហ៊ុន​ទៅ​ ។​ រហូត​ដល់​ឆ្នាំ​១៩៩៨ ឈ្មោះ​អាំ​ហម ក៏​បាន​មក​និយាយ​លក់​ផ្តាច់​ថា «​មីង ​ខ្ញុំ​ត្រូវការ​មាស​១​ជី ធ្វើ​ដើម​រកស៊ី មីង​ឯង​មាន​មាស​១​ជី​ឲ្យ​ខ្ញុំ ខ្ញុំ​លក់​ដី​២​កន្លែង​ឲ្យ​មីង» គាត់​ក៏​ឆ្លើយ​ថា មីង​គ្មាន​មាស​ទេ ក៏​ហៅ​កូន​ឈ្មោះ​កែវ​សុវណ្ណ​ ឲ្យ​មាស​១​ជី​ទៅ​ឈ្មោះ​អាំ ហម បើ​លក់​ផ្តាច់​ហើយ​នៅ​ទាមទា​ដី​កេ​រអី​ទៀត​។

លោកយាយ​បាន​បន្ត​​ទៀត​ថា លក់​ផ្តាច់​នៅ​ឆ្នាំ​១៩៩៨ មក​ដល់​ឆ្នាំ​២០១៩​រយៈពេល​២០​ឆ្នាំ​ស្រាប់តែ​យក​មាស​១​ជី​កន្លះ​មក​សុំ​លោះ​យក​ដី​កេ​រវិញ​ ​ហើយ​ឈ្មោះ​អាំ​ហម បាន​ដុត​បំផ្លាញ​ស្រូវ​របស់​ជន​រង​គ្រោះជា​បន្តបន្ទាប់ ហើយ​នៅ​ថ្ងៃ​ទី​៨​សីហា​២០២០​នេះ​ឈ្មោះ​អាំ​ហម​និង​ប្រពន្ធ​យក​ស្រូវ​អ៊ី​អ៊ែ​រ ព្រោះ​ពីលើ​ស្រូវពង្រោះ​របស់​ជន​រង​គ្រោះ​ទៀត​ ទើបជនរងគ្រោះ​​មក​ដាក់​ពាក្យ​បណ្តឹងសុំ​ឲ្យ​​លោក​​អភិបាលខេត្ត​ជួយ​រក​យុត្តិធម៌​តែម្តង ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ