ខេត្តសៀមរាប ៖ សាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើតបានស្នើសុំទៅថ្នាក់ដឹកនាំខេត្តសៀមរាបជួយសម្រួលបញ្ជួនប្រតិភូខេត្តសៀមរាប ដើម្បីធ្វើទស្សនកិច្ចនៅប្រទេសទីម័រ ក្នុងការសិក្សាស្វែងយល់ផ្លាស់ប្តូរនូវបទពិសោធន៍គ្នាទៅវិញទៅមក សំខាន់ គឺសុំឲ្យមន្ត្រីជំនាញរបស់ខេត្តសៀមរាប ធ្វើការបង្រៀនដល់ប្រជាពលរដ្ឋទីម័រ ពីវិស័យទេសចរណ៍ និងកសិកម្ម។ នេះជាការលើកឡើងរបស់លោក Ermenegildo Kupa Lopes ឯកអគ្គរដ្ឋទូតនៃស្ថានទូតសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើតប្រចាំនៅកម្ពុជា ជាឱកាសជួបជាមួយនឹងថ្នាក់ដឹកនាំខេត្តសៀមរាបកាលពីថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ២០២០ នេះ។
ក្នុងនោះដែរ លោក Ermenegildo Kupa Lopes ក៏បានបញ្ជាក់នៅចំពោះមុខលោក ទៀ សីហា អភិបាកខេត្តសៀមរាប ពីគោលបំណងក្នុងការបំពេញបេសកកម្មមក កាន់ខេត្តសៀមរាប គឺ ដើម្បីធ្វើការសិក្សាស្វែងយល់ និង ទទួលបាននូវបទពិសោធន៍ក្នុងវិស័យទេសចរណ៍ និង កសិកម្ម របស់ខេត្តសៀមរាប សំដៅយកទៅធ្វើការផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋទីម័រខាងកើត។
លោកបានបន្តថា ម្យ៉ាងទៀតប្រទេសទីម័រ និង កម្ពុជា មានប្រវត្តិស្រដៀងគ្នា ដែលទើបនឹងបានឆ្លងផុតពីភ្លើងសង្គ្រាម ព្រមទាំងបានធ្វើការថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលតែជួយគាំទ្រទីម័រក្លាយជាសមាជិកទី១១របស់អាស៊ាន។ ឯកអគ្គរដ្ឋទូតក៏បានលើកផងដែរ ពីទំនាក់ទំនងរវាងកម្ពុជា និង ទីម័រ ដោយកម្ពុជាបានផ្តល់នូវក្តីស្រឡាញ់ជូនប្រទេសទីម័រទៀតផង។
ជុំវិញសំណើរខាងលើនេះ លោក ទៀ សីហា ក៏បានគូសបញ្ជាក់ដល់លោកអគ្គរដ្ឋទូតថា អាជ្ញាធរខេត្ត នឹងធ្វើ ការជ្រើសរើសពេលវេលាមួយដ៏សមគួរ ក្រោយពេលវិបត្តិជំងឺកូវីដ១៩ បានបាត់អស់ពីលើពិភពលោកយើងនេះ និង ធ្វើការរៀបចំគណៈប្រតិភូ ធ្វើទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ក្នុងការផ្តល់នូវសេចក្តីស្រឡាញ់រវាងប្រទេសកម្ពុជា និង ទីម័រខាងកើត ។
ជាមួយគ្នានោះផងដែរ អភិបាលខេត្តសៀមរាប បានឱ្យដឹងថា ខេត្តសៀមរាប មានសក្តានុពលសេដ្ឋកិច្ចដោយពឹងផ្អែកលើវិស័យកសិម្ម និង ទេសចរណ៍ ដោយមានប្រជាពលរដ្ឋប្រមាណ ៨២% ជាប្រជាកសិករ ចំពោះវិស័យទេសចរណ៍ ប្រវត្តិសាស្ត្រមួយនេះសម្បូរទៅដោយប្រាង្គប្រាសាទល្បាញល្បី និង រមណីយដ្ឋានធម្មជាតិ ភ្នំគូលែន និង បឹងទន្លេសាប ដែលបានទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិចូលមកទស្សនាកម្សាន្ត។
លោក ទៀ សីហា បានគូសបញ្ជាក់ថា ដោយនៅលើពិភពលោកបានកំពុងជួបនូវវិបត្តិជម្ងឺកូវីដ១៩ ធ្វើឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់វិស័យទេសចរណ៍ នៅខេត្តសៀមរាបបណ្តាលឲ្យមានការធ្លាក់ចុះផងដែរ។ លោកបានបន្តទៀតថា ចំពោះករណីនេះវិបត្តិជំងឺកូវិដ១៩នេះ អាជ្ញាធរខេត្ត បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តសេចក្តីណែនាំរបស់រាជរដ្ឋា ភិបាល និង ក្រសួងសុខាភិបាល មិនឲ្យមានឆ្លងរីករាលដាលនៅតាមសហគមន៍នោះឡើយ ហើយក៏ពុំទាន់មាននណនាម្នាក់បាត់បង់ជីវិតដោយសារជំងឺនេះផងដែរ ។
លោកបានបន្តថា ម្យ៉ាងទៀតអាជ្ញាធរខេត្ត នឹងធ្វើការស្តារឡើងវិញនូវក្នុងវិស័យទេសចរណ៍នេះ ដោយមានការចូលរួមពីបណ្តាម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ និង ភោជនីយដ្ឋាន រួមទាំងសេវាកម្មទេសចរណ៍ក្នុងខេត្តថែទៀតផង ៕
ចែករំលែកព័តមាននេះ