ខេត្តស្វាយរៀង ៖ ទំនាស់ដីធ្លីដែលកើតឡើងរវាងប្រជាពលរដ្ឋ៤០គ្រួសារ និងឈ្មោះ សំ សាវឿន ស្ថិតនៅភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀងនោះ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០នេះ ត្រូវបានលោកហែម ពិសិដ្ឋ អភិបាលរងខេត្ត ដឹកនាំក្រុមការងារអនុវត្តវិធានការណ៍រដ្ឋបាលស្របទៅតាមគោលការណ៍ច្បាប់ តាមការសំណូមពររបស់ប្រជាពលរដ្ឋ ដោយមានការរំលោភរំពានពីឈ្មោះសំ សាវឿន ហៅណន ជាអ្នកចាក់ដីលុបអូរធម្មជាតិ និងចំណីព្រែកទន្លេវ៉ៃគោ ធ្វើឲ្យស្ទះផ្លូវទឹកនោះ ទីបំផុតត្រូវបានអាជ្ញាធរខេត្ត យកគ្រឿងចក្រកាយរយៈពេល១ថ្ងៃ រហូតដល់ម៉ោង១២យប់ទើបរួច។
បើតាមលោកស សុដានី អភិបាលរងក្រុងស្វាយរៀងបានឲ្យដឹងថា ដើម្បីឆ្លើយតបក្នុងការសម្របសម្រួលរវាងបងប្អូនប្រជាពលរដ្ឋប្រមាណជាង៤០គ្រួសារ ដែលរស់នៅក្នុងភូមិខាងលើ អំពីបញ្ហាទំនាស់រវាងព្រំដីដែលចាក់បំពានទៅលើអូរធម្មជាតិ និងចំណីព្រែកទន្លេវ៉ៃគោ ហើយត្រូវបងប្អូនប្រជាពលរដ្ឋនាំគ្នាតវ៉ាមិនឱ្យលុបអូរធម្មជាតិតាំងពីបុរាណមកហើយ ដែលជាផ្លូវរំដោះទឹកសម្រាប់លំនៅដ្ឋាន និងដំណាំកសិផលរបស់បងប្អូននៅទីនេះផងដែរ។
លោកហែម ពិសិដ្ឋ អភិបាលរងខេត្តបានឲ្យដឹងថា ដោយមានការសំណូមពរពីបងប្អូនប្រជាពលរដ្ឋពីបញ្ហាការចាក់ដីលុបទៅលើអូរធម្មជាតិ ក្រោយពីក្រុមការងារបានចុះពិនិត្យទៅលើឯកសារក្នុងការទិញលក់ ហើយក៏រកឃើញដីលើសចំនួនក្នុងប្លង់ទិញ។
លោកបានបន្តថា ដោយសារការចាក់ដីរំលោភបំពានទៅលើអូរធម្មជាតិនេះពិតប្រាកដមែន លោកនិងក្រុមការងារក៏បានឲ្យគ្រឿងចក្រកាយដីនោះចេញវិញ និងសង់កញ្ចុះនៅលើដីចំណីព្រែកទន្លេវ៉ៃគោ ដែលជាដីរដ្ឋនោះត្រូវបានកាត់ និងរុះរើចេញតាមការសំណូមពររបស់បងប្អូនប្រជាពលរដ្ឋផងដែរ។
លោកបានបញ្ជាក់ថា បញ្ហាទំនាស់រវាងភាគីប្រជាពលរដ្ឋ និងប្រជាពលរដ្ឋដែលត្រូវរំលោភបំពានទៅលើដីអូរចំណីព្រែកត្រូវបានអាជ្ញាធរចុះដោះស្រាយ និងសម្របសម្រួលជូនប្រជាពលរដ្ឋប្រមាណជាង៤០គ្រួសារបានដូចដើមវិញហើយ។
ចំណែកបងប្អូនប្រជាពរដ្ឋក៏បានថ្លែងអំណរអរគុណ និងសាទរដល់លោកជាអភិបាលខេត្ត និងក្រុមការងារដែលបានជួយសម្របសម្រួល និងដោះស្រាយជូនបងប្អូនទាន់ពេលវេលា ពីព្រោះដល់រដូវវស្សាមានទឹកភ្លៀងធ្លាក់ គឺលែងព្រួយបារម្ភបញ្ហាទឹកជន់លិចផ្ទះ និងផលដំណាំទៀតហើយ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ