ថៃ ៖ តាមប្រភពព័ត៌មាន Bangkok Post បានឱ្យដឹងថា អ្នកជំនាញផ្នែកឧក្រិដ្ឋកម្មរបស់ថៃបាននិយាយថា ការពង្រឹងច្បាប់ គឺមិនគ្រប់គ្រាន់នៅឡើយទេ ដើម្បីដោះស្រាយជាមួយអ្នកប្រណាំងម៉ូតូតាមដងផ្លូវ។ ពោលគឺត្រូវពិនិត្យទៅលើហាងម៉ូតូ និងយានដ្ឋាន ដែលច្នៃម៉ាស៊ីនម៉ូតូសម្រាប់គោលបំណងប្រណាំង។
ក្រុមអ្នកជំនាញបានចែករំលែកទស្សនៈរបស់ពួកគេ បន្ទាប់ពីកងរាជអាវុធហត្ថថៃ ដែលដឹកនាំដោយជំនួយការអគ្គស្នងការនគរបាលជាតិលោកឧត្តមសេនីយ៍ទោ Damrongsak Kittiprapas កាលពីថ្ងៃអង្គារ៍សប្តាហ៍មុន បានចេញការព្រមានដ៏តឹងរឹងមួយ ប្រឆាំងនឹងអ្នកជិះម៉ូតូប្រណាំងគ្នាលើផ្លូវសាធារណៈ ក្រោយពីដកការរឹតបន្តឹងកូវីដ១៩។
លោកឧត្តមសេនីយ៍ទោ Damrongsak បានថ្លែងបែបនេះ មួយថ្ងៃបន្ទាប់ពីនាយករដ្ឋមន្ត្រីថៃ Prayut Chan-o-cha បាននិយាយថា រដ្ឋាភិបាលនឹងដាក់បម្រាមគោចរពេលរាត្រី ប្រសិនបើប្រជាជនខកខានមិនបានសហការជាមួយវិធានការគ្រប់គ្រងការរីករាលដាលជំងឺកូវីដ១៩។
សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យ Rangsit លោកវរសេនីយ៍ទោ Kritsanapong Phutrakul ដែលជាប្រធានមហាវិទ្យាល័យប្រឆាំងឧក្រិដ្ឋកម្ម និងរដ្ឋបាលយុត្តិធម៌ បានមានប្រសាសន៍ថា បញ្ហានៃការប្រណាំងនៅលើដងផ្លូវ គឺបណ្តាលមកពីកត្តាសង្គម។
លោកបានស្នើឱ្យយានដ្ឋានច្នៃម៉ាស៊ីនម៉ូតូប្រណាំង គួរតែត្រូវបានត្រួតពិនិត្យ ហើយម្ចាស់របស់វាត្រូវបានចាប់ខ្លួនស្របជាមួយនឹងការចាប់អ្នកប្រណាំង។ រដ្ឋាភិបាលក៏ត្រូវដោះស្រាយផងដែរថា តើត្រូវចាត់វិធានការអ្វីខ្លះ? បន្ទាប់ពីចាប់ខ្លួនអ្នកប្រណាំងក្មេងស្ទាវទាំងនេះ។
លោកបាននិយាយថា ពួកគេប្រហែលជាវិលត្រឡប់មកតាមផ្លូវវិញ បន្ទាប់ពីត្រូវបានដោះលែង។ ជាមួយគ្នានេះដែរ លោកថា រដ្ឋាភិបាលគួរតែអប់រំឪពុកម្តាយផង នៅពេលកូនៗរបស់ពួកគេទិញម៉ូតូ៕ ដកស្រង់ចេញពីវេបសាយ ៖ bangkokpost (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ