ខេត្តកោះកុង ៖ បុរសជាមន្ត្រីយោធាម្នាក់បានធ្លាក់ពីលើសណ្ឋាគារជាន់ទី៣ កំពស់១០ម៉ែត្រ បណ្តាលឱ្យបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ កាលពីវេលាម៉ោង៧និង២៥នាទីព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចសណ្ឋាគារមួយកន្លែង ស្ថិតក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។
ជនរងគ្រោះឈ្មោះវណ្ណ ព្រឹក្សា ភេទប្រុស អាយុ៤៥ឆ្នាំ ជាមន្ត្រីយោធា មានទីលំនៅខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមប្រភពពីសមត្ថកិច្ចបានបញ្ជាក់ថា តាមការបំភ្លឺពីភរិយារបស់ជនរងគ្រោះបានឱ្យដឹងថា ក្រុមគ្រួសាររបស់គាត់មានគ្នាចំនួន៤នាក់ បានធ្វើដំណើរមកកំសាន្ត និងស្នាក់នៅសណ្ឋាគារខាងលើ ដោយជនរងគ្រោះដែលជាប្ដីមានជំងឺប្រចាំកាយលើសឈាម ។
តាមប្រភពដដែលបានបន្តថា កាលពីយប់ថ្ងៃទី១៨ មិថុនា ប្តីរបស់គាត់បានពិសាស្រាជាមួយបងប្អូននៅមាត់សមុទ្ររហូតដល់វេលាម៉ោង២ឈានចូលព្រឹកថ្ងៃទី១៩ មិថុនា ទើបចូលបន្ទប់សណ្ឋាគារវិញ លុះដល់ព្រឹកថ្ងៃកើតហេតុ ប្តីរបស់គាត់បានមកឈរនៅវេរ៉ង់ដាមុខបន្ទប់ រួចធ្លាក់ចុះមកក្រោម បណ្តាលឱ្យបាត់បង់ ជីវិតតែម្ដង ។
តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីបានទទួលព័ត៌មានខាងលើភ្លាម កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងខេមរៈភូមិន្ទ និងក្រុមគ្រូពេទ្យ ចុះទៅត្រួតពិនិត្យកន្លែងកើតហេតុ និងសពជនរងគ្រោះ ។ ក្រោយពិនិត្យរួចបានបញ្ជាក់ថា ជនរងគ្រោះមានស្នាមរបួសបែកក្បាលខាងក្រោយប្រវែង៥សង្ទីម៉ែត្រ និងជម្រៅ១,៥សង្ទីម៉ែត្រ ហូរឈាមតាមច្រមុះ ត្រចៀក បាក់ឆ្អឹងជំនីខាងឆ្វេង និងខៀវភ្នែកទាំងសងខាង ។
ក្រោយពីពិនិត្យរួច សពជនរងគ្រោះត្រូវបានកម្លាំងជំនាញធ្វើលិខិតប្រគល់ជូនទៅក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ