ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌា​ប្រើ​ទូ​រទេះភ្លើង​៥០០​បន្ថែម ធ្វើ​ជា​គ្រែ​បណ្ដោះអាសន្ន សម្រាប់​អ្នកជំងឺ​កូ​វី​ដ​-១៩

3 ឆ្នាំ មុន

ទីក្រុង​ដេ​លី ៖ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក អា​មី​ត សារ Amit Shah បាន​ប្រកាស​វិធានការ​ជា​កញ្ចប់​បន្ទាន់​ថ្មី​មួយ សម្រាប់​រដ្ឋធានី​ដេ​លី…

ទីក្រុង​ដេ​លី ៖ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក អា​មី​ត សារ Amit Shah បាន​ប្រកាស​វិធានការ​ជា​កញ្ចប់​បន្ទាន់​ថ្មី​មួយ សម្រាប់​រដ្ឋធានី​ដេ​លី ស្រប​ពេល​មានការ​កើនឡើង​យ៉ាង​ឆាប់រហ័ស នៃ​អ្នក​ឆ្លង​វីរុស​កូ​វី​ដ​-១៩ ។ វិធានការ​នោះគឺ ប្រទេស​ឥណ្ឌា​នឹង​បំ​លែង​ទូ​រទេះភ្លើង​ចំនួន ៥០០​បន្ថែម​ទៀត ដើម្បី​បង្កើត​ជា​គ្រែ​ចំនួន ៨,០០០ ​សម្រាប់​អ្នកជំងឺ ។ រួម​ទាំង​ត្រូវការ ​គិលានុបដ្ឋាយិកា ថែទាំ​តាម​គេហដ្ឋាន ​ជា​ចាំបាច់​ផង​ដែរ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់ BBC នៅ​ព្រឹកថ្ងៃ​ទី​១៥ មិថុនា​នេះ ។

​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ Amit Shah បានជួប​ពិភាក្សា​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី អា​វី​ន ខេ​ជី​រី​វ៉ាល Arvind Kejriwal រួចហើយដើម្បី​ដោះស្រាយ​វិបត្តិ​នេះ ។

ចំនួន​អ្នក​ឆ្លង COVID-19 ប្រចាំ​ថ្ងៃ នៅ​ឥណ្ឌា​បាន​កើន​ខ្ពស់​ជិត ១២.០០០​នាក់ ។ ខណៈ​ដែល ចំនួន​ឆ្លង​សរុប បាន​បញ្ជាក់​ជា​ផ្លូវការ កើនឡើង​ដល់​ជាង ៣៣០.០០០ ករណី​ហើយ នាំ​ឲ្យ​ប្រទេស​ឥណ្ឌា​ស្ថិត​នៅ​លំដាប់​ទី​៤ នៅ​លើ​ពិភពលោក បន្ទាប់​ពី​សហរដ្ឋអាមេរិក ប្រេ​ស៊ី​ល និង​រុ​ស្ស៊ី ។ ហើយ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា ចំនួន​អ្នកជំងឺ​កូ​វី​ដ​១៩​ យ៉ាង​ហោច​ណាស់ ៩.២០០ នាក់​ហើយ​បាន​ស្លាប់ នេះ​បើ​យោង​តាម​ប្រភព​ផ្លូវការ ពី​ទិន្នន័យ​ដែល​បាន​ចេញផ្សាយ​ដោយ​សាកលវិទ្យាល័យ ច​ន ហប​គី​ន​ស៍ ។

សារព័ត៌មាន​របស់​ឥណ្ឌា បាន​រាយការណ៍​ថា ដេ​លី គឺជា​រដ្ឋ​ដែល​រង​គ្រោះ​ខ្លាំង​ជាងគេ​ទី​៣ នៅ​ក្នុង​ប្រទេស បន្ទាប់​ពី Maharashtra និង Tamil Nadu ។

របាយការណ៍​ដដែល​បាន​បង្ហាញ​ថា គ្រែ​សម្រាប់​អ្នកជំងឺ Covid-19 ក្នុង​ទីក្រុង​ដេ​លី គិត​ទូ​ទាំង​មន្ទីរពេទ្យ​ឯកជន និង​រដ្ឋ មាន​ចំនួន ៩.៦៩៨ គ្រែ ក្នុង​នោះ​សល់ ៤.២៤៨ គ្រែ​ទៀត នៅ​ទំនេរ ។

ទោះជាយ៉ាងនេះក្តី លោកនាយក​រដ្ឋមន្ត្រី អា​វី​ន ខេ​ជី​រី​វ៉ាល គ្រោង​នឹង​ប្រើប្រាស់​សណ្ឋាគារ​ចំនួន​៤០ និង​សាល​ពិធីជប់លៀង ចំនួន​៧៧ បង្កើត​ជា​មន្ទីរពេទ្យ​បណ្តោះអាសន្ន ។

ប្រទេស​ឥណ្ឌា បាន​ចាប់ផ្តើម​បំ​លែង​ទូរថភ្លើង ទៅ​ជា​បន្ទប់​សម្រាក​ព្យាបាល ដាច់​ដោយឡែក​ពី​គ្នា កាលពី​ខែមេសា នៅ​ពេល​ដែល​មួយ​ផ្នែក​ធំ នៃ​បណ្តាញ​ផ្លូវដែក ត្រូវ​បាន​ផ្អាក ដោយសារ​ការ​បិទ​ប្រទេស ដើម្បី​បង្ការ​ការ​រាតត្បាត​នៃ​វីរុស​នេះ ។

កាលពី​ខែ​មុន រដ្ឋាភិបាល​ឥណ្ឌា បាន​ប្រកាស​បញ្ចប់​ការ​បិទ​ប្រទេស ដែល​បាន​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​២៥ ខែមីនា ។ នៅ​ពេល​ការ​រឹត​បន្តឹង​បាន​ចាប់ផ្តើម​បន្ធូរបន្ថយ​នោះ ចរាចរណ៍​ផ្លូវថ្នល់ និង​យន្ដហោះ បាន​កើនឡើង ហើយ​អាជីវកម្ម និង​កន្លែងធ្វើការ​ជា​ច្រើន ក៏​បាន​បើក​ដំណើរការ​វិញ ។ ទីផ្សារ​មាន​មនុស្ស​កកកុញ ម្តងទៀត ។ កត្តាទាំងនេះ ទំនងធ្វើឲ្យ​មានការ​កើនឡើង​យ៉ាង​ឆាប់រហ័ស នៃ​អ្នក​ឆ្លង​វីរុស​កូ​វី​ដ​-១៩ ក្នុង​ប្រទេស​ឥណ្ឌា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ