រាជធានីភ្នំពេញ ៖ ក្រសួងមហាផ្ទៃបានកំពុងពិនិត្យលើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក (ដ្រូន) ។ ក្រសួងបានបញ្ជាក់ថាអនុក្រឹត្យគ្រប់គ្រងដ្រូននេះ ធ្វើឡើងដើម្បីកំណត់អំពីការចុះបញ្ជីការ ការអនុញ្ញាតផលិត ការកែច្នៃ ការប្រើប្រាស់ រួមទាំងការកំណត់ ពីតំបន់ហាមឃាត់មិនឲ្យមានការប្រើប្រាស់ដ្រូន ផងដែរ។
ក្រសួងបានបន្ថែមថា «អនុក្រឹត្យនោះ មានវិសាលភាព អនុវត្តចំពោះអាកាសយានគ្មានមនុស្សបើក(ដ្រូន) គ្រប់ប្រភេទនៅ កម្ពុជា លើកលែងតែការផលិត ការកែច្នៃ និងការប្រើប្រាស់ដែលបម្រើឱ្យវិស័យការពារជាតិ និងសន្តិសុខដែលមានការអនុញ្ញាតពីរាជរដ្ឋាភិបាល»។
លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលដឹកនាំក្រុមការងារពិនិត្យអនុក្រិត្យនេះ ថាអនុក្រឹត្យស្តីពីការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក (ដ្រូន) នឹងអាចបញ្ចប់ក្នុងពេលឆាប់ៗខាងមុខ។ ក្រោយពិនិត្យចប់ក្រសួងមហាផ្ទៃនឹងមានរៀបចំកិច្ចប្រជុំជា អន្តរក្រសួងជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យ មុននឹងដាក់សេចក្តីព្រាងអនុក្រិត្យនោះ ទៅរាជរដ្ឋាភិបាលសម្រេច។
មកដល់ថ្ងៃទី៩ ខែមិថុនានេះ ក្រសួងមហាផ្ទៃបានផ្តើមពិនិត្យ ពិភាក្សាដល់ជំពូកទី៣ នៃ សេចក្តីព្រាងអនុក្រឹត្យ ដែលមាន៩ជំពូកនោះហើយ។
ទាំងអ្នកនាំពាក្យក្រសួងមហាផ្ទៃ និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល មិនអាចទាក់សូមការបញ្ជាក់បន្ថែមបានទេ។ ប៉ុន្តែកន្លងមកទោះបីជាពុំទាន់មានអនុក្រឹត្យគ្រប់គ្រងដ្រូននេះក្តី ក៏ស្ថាប័នសាធារណៈនិងឯកជនខ្លះ មិនអនុញ្ញាតឲ្យមានការបង្ហោះដ្រូនលើអគាររបស់គេទេ រួមទាំងស្ថានទូត និងស្ថាប័នរដ្ឋផងដែរ ។ នៅរាជធានីភ្នំពេញការថតពីលើអាកាសដោយដ្រូននៅតំបន់ខ្លះ ត្រូវសុំការអនុញ្ញាតពីសមត្ថកិច្ចជាមុន។
ចំពោះការផលិតដ្រូននេះវិញ កន្លងមក មានការផ្សព្វផ្សាយតាមបណ្តាញ Facebook ថា មានពលរដ្ឋនៅខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង អាចចេះច្នៃផលិតយន្តហោះដែលគ្មានមនុស្សបើកនេះបាន៕
ចែករំលែកព័តមាននេះ