ខេត្តស្វាយរៀង ៖ សមត្ថកិច្ចកងរាជអាវុធហត្ថ បានធ្វើការឡោមព័ទ្ធកាស៊ីណូនិងសណ្ឋាគារជីវីន ដែលសង្ស័យលួចបើកលេងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ និងចាប់ឃាត់ខ្លួនជនបរទេសជាង១០០នាក់ ភាគច្រើនជាជនជាតិចិន និងបានចាប់បញ្ជូនជនសង្ស័យជាអ្នកបើកល្បែង២នាក់ ក្នុងនោះមានជនជាតិចិនម្នាក់ និងជនជាតិឥណ្ឌូណេស៊ីម្នាក់ ទៅសាកសួរនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ។
ប្រតិបត្តិការឡោមពទ្ធ័កាស៊ីណូនិងសណ្ឋាគារខាងលើនេះ ធ្វើឡើងរយៈពេល២យប់២ថ្ងៃ គឺចាប់ពីវេលាម៉ោង៦ល្ងាចថ្ងៃទី២១ ខែឧសភា រហូតដល់វេលាម៉ោង២រសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ ដែលកាស៊ីណូនិងសណ្ឋាគារយីហោ«ជីវីន» នេះស្ថិតនៅជិតច្រកទ្វារព្រំដែនអន្តរជាតិបាវិត ក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ។
ការចុះបង្ក្រាបនេះ ដឹកនាំដោយលោក ឈីវអុិចគង់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តដោយមានការចូលរួមពីលោក លឹម សៀងហេងអភិបាលក្រុងបាវិត និងសហការជាមួយកងរាជអាវុធហត្ថខេត្ត ក្រុង ស្រុក ។បើតាមសមត្ថកិច្ចកងរាជអាវុធហត្ថបង្ហើបឲ្យដឹងថា ការចុះឡោមព័ទ្ធកាស៊ីណូនិងសណ្ឋាគារជឺវីននេះ ព្រោះមានការសង្ស័យថាមានលួចបើកលេងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ ដែលជាការប្រឆាំងនឹងបទបញ្ជារបស់រាជរដ្ឋាភិបាល ដែលឲ្យបិទកាស៊ីណូទាំងអស់ទូទាំងប្រទេស មិនឲ្យប្រមូលផ្តុំមនុស្សច្រើន ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ។
ទាក់ទិននឹងករណីខាងលើនេះ លោក ខាំសុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានឲ្យដឹងថា ជនបរទេសជាង១០០នាក់នេះភាគច្រើនជាជនជាតិចិន ហើយក្រោយពីសមត្ថកិច្ចធ្វើការសាកសួរគឺពួកគេសុទ្ធសឹងជាជនរងគ្រោះ ដូច្នេះអ្នកដែលមិនពាក់ពន្ធ័សមត្ថកិច្ចបានអនុញ្ញាតដោះលែងឲ្យត្រឡប់ទៅកន្លែងស្នាក់នៅ
វិញ ។
ចំពោះជនសង្ស័យ២នាក់ ដែលម្នាក់ជាជនជាតិចិនម្នាក់ និងម្នាក់ទៀតជាជនជាតិឥណ្ឌូណេស៊ី សមត្ថកិច្ចបានសាកសួរហើយធ្វើកិច្ចសន្យានិងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តចាត់ការតាមនីតិវិធីដោយជាប់ចោទពីបទបើកល្បែងស៊ីសងដោយខុសច្បាប់ ។ ប៉ុន្តែជនសង្ស័យទាំងនាក់ ត្រូវបានដាក់ឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន ក្រោមការត្រួតពិនិត្យរបស់តុលាការ ៕
ចែករំលែកព័តមាននេះ