ខេត្តបន្ទាយមានជ័យ ៖ ដោយសារមេរោគកូវីដ១៩ បានធ្វើឲ្យពិភពលោកជួបបញ្ហាជាប់គាំងលើវិស័យជាអាទិភាពនានា ដូចជាសេដ្ឋកិច្ច និងទេសចរណ៍ ហើយអ្វីដែលធ្វើឱ្យមានការភ័យខ្លាចនោះគឺការឆ្លងជំងឺដ៏កាចសាហាវបានសម្លាប់មនុស្សរាប់សែននាក់ និងរាប់លាននាក់បានឆ្លងដែលបង្ខំឱ្យប្រទេសមួយចំនួនបានប្រកាន់យកវិធានការបិទប្រទេស ។ ជាមួយគ្នានេះ ប្រទេសថៃបានបិទព្រំដែនដើម្បីទប់ស្កាត់ការរីករាលដាលជំងឺខាងលើបានធ្វើឱ្យពលរដ្ឋកម្ពុជាក្រីក្រដែលរស់បានដោយសារលក់កម្លាំងលីសែង ឬអូសរទេះឆ្លងដែនជ្រែទំនិញឱ្យឈ្មួញបានជួបបញ្ហាសេដ្ឋកិច្ចគ្រួសារកាន់តែធ្ងន់ធ្ងរ ។
ជាក់ស្តែង រទេះដែលកម្មករអូសដឹកទំនិញឆ្លងកាត់ព្រំដែនខ្មែរថៃនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដែលជារបររកចំណូលចិញ្ចឹមជីវិតតាមក្រុមគ្រួសារពេលនេះត្រូវចតចោលត្រៀបត្រាចង់ពុកផុយកន្លែងខ្លះស្មៅដុះស្ទើរលិចក៏មានដែរ ។ ឈរក្បែររទេះដ៏កម្សត់របស់ខ្លួនបុរសម្នាក់ហាក់អស់សង្ឃឹម ក្នុងការសាកសួរគេឯងថាតើព្រំដែននឹងបើកវិញនៅពេលណា ?
បុរសម្នាក់រស់នៅភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែតប្រាប់កោះសន្តិភាពថា គាត់និងក្រុមគ្រួសារស់ទាំងលំបាក ព្រោះគ្មានចំណូលប្រចាំថ្ងៃក្នុងសម័យកូវីដ១៩នេះ ។ អ្នកផ្សេងទៀតក៏ដូចគ្នាដែរនិយាយបែបអស់សង្ឃឹមថា បើស្ថានការណ៍នៅតែស្ថិតក្នុងសភាពបែបនេះ ហើយភាគីថៃមិនបើកព្រំដែនដូចប្រក្រតីឡើងវិញទេនោះ គ្រប់គ្នាប្រាកដជានឹងជួបបញ្ហាជីវភាពគ្រួសាកាន់តែធ្ងន់ធ្ងរ ពិសេសប្រាក់បំណុលជំពាក់ធនាគារតែម្តង ។
នៅចំណុចរង្វង់មូលនិងដងផ្លូវនៅមាត់ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត មានភាពស្ងប់ស្ងាត់គឺស្ងាត់ឈឹង មិនមានមនុស្សឆ្លងកាត់គគ្រឹកគគ្រេងដូចមុនឡើយ គឺមានតែរថយន្តធុនធំរបស់ថៃដឹកទំនិញចូលកម្ពុជា ឯទំនិញរបស់ខ្មែរដែលមានតិចតួចបំផុត ត្រូវដឹកចេញទៅថៃក៏ត្រូវប្រើប្រាស់រថយន្តថៃមកដឹកទៅដែរ ។
ជុំវិញចម្ងល់នានារបស់អ្នកស្រុកថា តើថ្ងៃណាគេនិងបើកច្រកព្រំដែននេះ ? ឆ្លើយតបនឹងសំណួរលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតប្រាប់តាមទូរស័ព្ទថា ប្រទេសថៃពេលនេះគេកំពុងស្ថិតក្នុងគ្រាអាសន្ននៅឡើយ ដូច្នេះមិនអាចដឹងថាពេលណាទើបគេបើកព្រំដែននោះទេ ។ លោកបញ្ជាក់ថា កន្លងទៅថ្មីៗ សូម្បីអាជ្ញាធរខេត្តស្នើសុំទៅអាជ្ញាធរខេត្តស្រះកែវថៃតាមសំណើអាជីវករខ្មែរដែលលក់ដូរនៅផ្សាររុងក្លឿ ចង់ចូលទៅមើលតូបរៀងៗខ្លួន ក្រែងទំនិញខូចខាតដោយសារទឹកភ្លៀងក៍ត្រូវភាគីថៃបដិសេធ ដោយអះអាងថា ប្រទេសគេកំពុងស្ថិតក្នុងគ្រាអាសន្ន ។
ក្រសួងផែនការបានផ្ដើមស្រង់តួលេខគ្រួសារក្រីក្រ ឬជួបការលំបាក អំឡុងវិបត្តិជំងឺកូវីដ-១៩ ដើម្បីរដ្ឋត្រៀមផ្ដល់ថវិកាឧបត្ថម្ភដល់គ្រួសារទាំងឡាយណា ដែលក្រីក្រ ឬជួបការលំបាក ។ បើតាមក្រសួងសេដ្ឋកិច្ច ប្រាក់ដែលត្រៀមឧបត្ថម្ភដល់គ្រួសារក្រីក្រស្ថិតនៅក្នុងបញ្ចប់ថវិការួមរបស់កម្មករ កម្មការិនី ដែលរដ្ឋាភិបាលបំរុងប្រើប្រាស់ចន្លោះពី៨០០ ទៅ២០០០លានដុល្លារ ។ចំពោះតួលេខផ្លូវការនៃគ្រួសារក្រីក្រ ឬជួបការលំបាក អំឡុងវិបត្តិជំងឺកូវីដ-១៩ នឹងបង្ហាញឲ្យដឹងនៅចុងខែឧសភានេះ ។ លោក ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកផែនការនៃក្រសួងផែនការ បានថ្លែងប្រាប់ថា ក្រសួងផែនការកំពុងដុតដៃជើងពន្លឿនការងារនេះ ខណៈរលកទី១នៃវីរុសកូវីដបានញ្ចប់ត្រឹមការព្យាបាលអ្នកជំងឺ១២២ ជាសះស្បើយនៅថ្ងៃទី១៦ ខែឧសភា ។
ចំណែកក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានឲ្យដឹងនៅថ្ងៃទី១៧ខែឧសភានេះដែរថា ក្រសួងសេដ្ឋកិច្ច ត្រៀមខ្លួនជានិច្ច ទម្លាក់ប្រាក់បំរុង នៅពេលដែលទទួលបានតួលេខចំនួនពលរដ្ឋរងផលប៉ះពាល់ដោយកូវីដ១៩ ពីក្រសួងផែនការ ។តាមវិទ្យុបារាំងអន្តរជាតិបានផ្សាយថាលោក មាស សុខសេនសាន្ត អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានគូសបញ្ជាក់ថា នីតិវិធីក្នុងការឧបត្ថម្ភប្រាក់ទៅពលរដ្ឋក្រីក្រដែលជួបការលំបាកអំឡុងពេលវិបត្តិកូវីដ១៩ អនុវត្តដូចគ្នានឹងកម្មករ កម្មការិនីរោងចក្រដែរ ។ កម្មករកម្មការិនីរោងចក្រទទួលបានប្រាក់ឧបត្ថម្ភ៤០ដុល្លារពីរាជរដ្ឋាភិបាល ។
សូមជម្រាបជូនថា ដំណើរការឧបត្ថម្ភប្រាក់ជូនគ្រួសារក្រីក្រ ធ្វើឡើងជាបីដំណាក់កាលដោយមានការចូលរួមពីក្រសួងចំនួនបីរួមមាន៖ ក្រសួងសេដ្ឋកិច្ច ជាអ្នកឧបត្ថម្ភប្រាក់ ខណៈក្រសួងផែនការជាអ្នកផ្ដល់តួលេខ ហើយបន្ទាប់មកក្រសួងសង្គមកិច្ចជាអ្នកផ្ដល់ប្រាក់ដោយផ្ទាល់ទៅ គ្រួសារក្រីក្រ ឬជួបការលំបាក អំឡុងវិបត្តិជំងឺកូវីដ-១៩តាមរយៈប័ណ្ណក្រីក្រ ។ ចំពោះអ្នក មិនទាន់មានបណ្ណក្រីក្រ គឺអាស្រ័យលើការវាយតម្លៃរបស់មន្ត្រីថ្នាក់ឃុំ-សង្កាត់ ហើយសម្រេចថា ក្រីក្រមែនឬយ៉ាងណា ហើយគួរផ្តល់ប្រាក់ឧបត្ថម្ភដែរ ឬមិនគួរ ។
លោក តូច ចាន់នី អ្នកនាំពាក្យក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ឲ្យដឹងថាប្រជាពលរដ្ឋក្រីក្រ អាចយកប័ណ្ណក្រីក្រ ទៅចុះឈ្មោះនៅថ្នាក់ឃុំ-សង្កាត់ ហើយបន្ទាប់មកពួកគាត់ អាចបើកប្រាក់ឧបត្ថម្ភតាមសេវាកម្មវីង។ ប៉ុន្តែយ៉ាងណាក៏ដោយក្រសួងទាំងបីនៅពុំទាន់ដឹងដូចគ្នាថា ពលរដ្ឋក្រីក្រមួយគ្រួសារនិងទទួលបានប្រាក់ឧបត្ថម្ភប៉ុន្មាន ។ សង្ឃឹមថា ជីវិតកម្មករអូសរទេះដែលស្ទើរតែដាច់បាយទៅហើយ និងទទួលបានការឧបត្ថម្ភនេះជាមិនខាន ៕
ចែករំលែកព័តមាននេះ