ខេត្តកណ្តាល ៖ ជាការនឹកស្មានមិនដល់ដែលស្លឹកខ្ទឹមបានធ្លាក់ថោករហូតគ្មានអ្នកទិញយកទៅលក់នៅលើទីផ្សារខុសពីរាល់ឆ្នាំ ដែលធ្វើឲ្យអ្នកដាំអស់សង្ឃឹមក្នុងការបន្តដាំដំណាំនេះបន្តទៀត ពោល គឺផ្ទុយការគិតរបស់កសិករដែលជាអ្នកដាំថា មានជំងឺកូវីដ១៩ នឹងធ្វើឲ្យបន្លែឡើងថ្លៃ ។
កសិករម្នាក់ រស់នៅក្នុងឃុំព្រែកអំបិល ស្រុកស្អាងបានឲ្យដឹងថា គាត់តែងតែងប្រកបរកដាំខ្ទឹមយកស្លឹក ដើម្បីលក់ឲ្យម៉ូយយកលក់បន្ត នៅទីផ្សារនារាជធានីភ្នំពេញ ប៉ុន្តែសម្រាប់ឆ្នាំនេះខ្ទឹម របស់គាត់គ្មានអ្នកទិញនោះទេ ដែលជាហេតុធ្វើឲ្យគាត់សម្រេចចិត្តដកកាត់យកគល់ឲ្យអ្នកធ្វើជ្រក់បន្តិចៗ ដើម្បីបានប្រាក់ឲ្យកូនចាយសងថ្លៃប្រេង ជី ថ្នាំសម្លាប់សត្វល្អិត គេបន្តិចបន្តួច ។
កសិករដដែលបានលើកឡើងថា ខ្ទឹមដែលគាត់ដាំនេះបានប្រើពូជអស់ជាច្រើនរយគីឡូ ដោយដាំបានបាញ់ទឹកជារៀងរាល់ថ្ងៃ បាញ់ថ្នាំ ដាក់ជីជាច្រើន ដើម្បីទទួលបានផលល្អ ផ្ទុយទៅវិញនៅពេលទទួលបានផល ឬល្មមដកលក់ គ្មានឈ្មួញ ឬថៅកែមកមើលនោះទេ ។ ខ្ទឹមនេះបានធ្លាក់ចុះថោកជាបន្តបន្ទាប់ ដែលដំបូងឡើងគាត់បានលក់ដកឲ្យគេក្នុងមួយគីឡូក្រាម១ពាន់រៀល ប៉ុន្តែមកដល់ពេលនេះគ្មានថៅកែ ឬឈ្មួញមកសួរនាំនោះទេ គឺមានតែអ្នកធ្វើជ្រក់លក់មកឲ្យដកហើយ កាត់លក់ឲ្យគេប៉ុណ្ណោះ ។
ប្រភពបានបន្តថា ការដាំខ្ទឹមនេះដោយសង្ឃឹមថា បានតម្លៃខ្ពស់ព្រោះថា មានជំងឺកូវីដ១៩ មិនមានការនាំចូលបន្លែ ខ្ទឹមមកពីស្រុកគេ តែអ្វីដែលគិតនោះ គឺផ្ទុយពីការគិតដែលធ្វើឲ្យខ្ទឹមគាត់គ្មានអ្នកទិញនៅសល់លើដីជាច្រើន ។
បើតាមកសិករដែលដាំខ្ទឹមដដែលបានឲ្យដឹងខ្ទឹមដែលគេយកទៅជ្រក់លក់នៅទីផ្សារនេះត្រូវបានគេកុម្ម៉ង់ប្រមាណជាង១០គីឡូ ទៅ២០គីឡូក្នុងមួយថ្ងៃ ដោយក្នុងមួយគីឡូតម្លៃ២៥០០រៀល ប៉ុន្តែគាត់បានជួលឈ្នួលកាត់ក្នុងមួយគីឡូ៥០០រៀល ដែលគិតទៅខ្ទឹមដែលកាត់ និងលាងស្អាតសល់ឲ្យអ្នកយកទៅជ្រក់សល់២០០០រៀលប៉ុណ្ណោះ ។
ប្រភពក៏បានឲ្យដឹងទៀតថា ខ្ទឹមដែលនៅសល់ គឺត្រូវដកហាលទុកធ្វើពូជ ដើម្បីដាំនៅពេលក្រោយទៀត ប៉ុន្តែគាត់ថាអស់សង្ឃឹមថា ក្នុងការដាំខ្ទឹមហើយ ព្រោះថា តម្លៃស្លឹកខ្ទឹមថោករហូត ។
ចំណុចនេះកសិកររូបនេះក៏បានអំពាវនាវដល់ក្រសួងកសិកម្ម រុក្ខាប្រមាណ និងនេសាទក៏ដូចជា រដ្ឋាភិបាលគួរគិតពីទីផ្សារបន្លែក៏ដូចជា តម្លៃស្លឹកខ្ទឹមផងដែរ ធ្វើយ៉ាងណាឲ្យទទួលបានតម្លៃថ្លៃ ដើម្បីឲ្យកសិករដែលជាអ្នកដាំលក់បានប្រាក់យកទៅសងទំនិញដូចជា ប្រេងសាំង ជី ថ្នាំសម្លាប់សត្វល្អិតជាដើម បើមិនដូច្នេះទេគាត់នឹងជំពាក់បំពុលធនាគាគេកាន់តែច្រើនឡើង ដោយសារខ្ចឹមកធ្វើដើមទុន។
ចំណែកលោក សុខ ដែលជាអ្នកដាំខ្ទឹមក៏បានត្អូញត្អែផងដែរថា ខ្ទឹមថោកធ្វើឲ្យគាត់លែងចង់បានដាំខ្ទឹមហើយ ព្រោះថា ដាំខ្ទឹមម្តងនេះមិនអាចសងទំនិញគេគ្រាន់នោះទេ ។ លោកថា ជារាងរាល់ឆ្នាំស្លឹកខ្ទឹមមានតម្លៃសមរម្យ ប៉ុន្តែសម្រាប់ឆ្នាំនេះទោះបីជាមានជំងឺកូវីដ១៩ក៏ដោយខ្ទឹមនៅតែគ្មានតម្លៃដដែល ខុសពីការអំពាវនាវរបស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។
បើតាមការចុះទៅកន្លែងដាំតែម្តង កោះសន្តិភាពបានឃើញថា កសិករដែលដាំដំណាំខ្ទឹម បង្ហាញទឹកមុខស្រពោនប្រៀបដូចជា ខ្ទឹមដែលត្រូវនឹងកំដៅថ្ងៃខ្លាំងអីញ្ចឹងព្រោះគាត់ឃើញដាំណាំដាំបានល្អតែគ្មានអ្នកទិញទៅវិញ៕
ចែករំលែកព័តមាននេះ