ខេត្តស្វាយរៀង ៖ ឈ្មួញដឹកធ្យូងបម្រុងនាំចេញទៅប្រទេសវៀតណាមនោះធ្ងន់កហើយ ត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្វាយរៀងបង្ក្រាប រួចបញ្ជូនទៅមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើស្វាយរៀង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅព្រះរាជអាជ្ញាអមសាលាដំបូងខេត្តចាត់ការតាមនីតិវិធី និងត្រូវឱ្យម្ចាស់ធ្យូងចូលមកដោះស្រាយដោយធ្វើការផាកពិន័យតាមច្បាប់ស្តីពីព្រៃឈើ គឺត្រូវផាកពិន័យ១គុណនឹងបី ដោយគិតតម្លៃធ្យូងក្នុង១គីឡូក្រាម៦០០រៀលx៣=១,៨០០រៀល ក្នុងរថយន្ត១គ្រឿងដឹកធ្យូង១០តោនស្មើនឹង១៨លានរៀល។
បើតាមម្ចាស់ធ្យូងម្នាក់បានប្រាប់ឱ្យដឹងនាព្រឹកថ្ងៃទី១៥ មេសា ឆ្នាំ២០២០នេះថា បើរដ្ឋបាលព្រៃឈើស្វាយរៀងធ្វើការផាកពិន័យធ្យូង១០តោនគិតជាប្រាក់១៨លានរៀលក្នុងរថយន្ត១គ្រឿងគឺគាត់គ្មានប្រាក់យកទៅបង់ទេ ដោយគ្រួសាររបស់គាត់មានជីវភាពក្រីក្រគ្មានមុខរបរ ក៏ទៅខ្ចីប្រាក់ពីធនាគារដើម្បីទិញរថយន្តចាស់មួយគ្រឿងក្នុងតម្លៃ២ពាន់ដុល្លារយកមកកែច្នៃដឹកធ្យូងលក់ និងដើរប្រមូលទិញធ្យូងពីប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ ក្នុងតម្លៃ១គីឡូក្រាមតម្លៃ៦០០រៀល ហើយយកមកលក់ឱ្យតាមដេប៉ូក្នុងខេត្តស្វាយរៀងតម្លៃ១គីឡូក្រាម៧០០រៀល។
តាមប្រភពដដែលបានឱ្យដឹងបន្តថា មុនថ្ងៃកើតហេតុ គឺពួកគេបានដឹកយកមកលក់ឲ្យដេប៉ូមួយនៅខាងលិចផ្សារស្រុកស្វាយជ្រំចំនួនជាង៤០តោន និងមានគ្នា៤នាក់ លុះពេលដឹកយកមកថ្មីជាជើងទី២ ស្រាប់តែម្ចាស់ដេប៉ូនោះបែជាលែងទិញ ធ្វើឱ្យពួកគាត់ដេកចាំអស់២ថ្ងៃ២យប់ ហើយធ្យូងនេះគឺជាកំទេចធ្យូងតូចៗមិនអាចប្រើការបានដូចជាដាំស្លរ ឬអាំងសាច់ទេ ព្រោះជាធ្យូងផ្ទុះ មានតែលក់ចេញទៅប្រទេសវៀតណាមគេទិញយកទៅចូលរោងចក្រកិនផលិតធ្យូងជាថ្មីទើបប្រើការបាន ដោយធ្យូងនេះប្រជាពលរដ្ឋគាស់គល់ឈើនិងមែកឈើតូចៗដុតជាធ្យូងដុំតូចៗ និងជាកម្ទេចធ្យូង ។ បើធ្យូងប្រើការបានដូចជាដាំស្ល ឬអាំងសាច់ គឺលក់ក្នុងតម្លៃ១.២០០រៀលក្នុង១គីឡូក្រាម។
តាមប្រភពដដែលបានឱ្យដឹងបន្តថា រីឯថ្លៃដើម ធ្យូងរបស់គាត់សរុប៦លានរៀលបូក និងថ្លៃរថយន្ត៨លានរៀលសរុប១៤លានរៀល ហើយបើផាកពិន័យ១៨លាន ដោយត្រូវដកហូតធ្យូងយកចូលរដ្ឋទាំងអស់ឲ្យតែរថយន្តវិញទេ ដូច្នេះគាត់គ្មានលទ្ធភាពរកប្រាក់មកបង់ការផាកពិន័យទេ បើរកប្រាក់មកបង់ គឺមានតែទៅខ្ចីធនាគារបន្ថែមទៀត ខាតកាន់តែច្រើន ជំពាក់ធនាគារវ័ណ្ឌក ។
ទាក់ទិននឹងករណីខាងលើនេះដែរ លោកខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀងបានមានប្រសាសន៍ថា លោកបានប្រគល់ឲ្យខណ្ឌរដ្ឋបាលព្រៃឈើស្វាយរៀងរើធ្យូងថ្លឹង ហើយធ្វើការផាកពិន័យតាមច្បាប់ព្រៃឈើទៅ។
ទាក់ទិននឹងករណីខាងលើនេះដែរ មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្វាយរៀងបានឲ្យដឹងថា ធ្យូងមានម្ចាស់ចូលមកដោះស្រាយចំនួន៦ម្ចាស់ (៦នាក់) ហើយធ្យូងថ្លឹងសរុបមានចំនួនជាង៥០តោន ។
តាមប្រភពដដែលបានបន្តទៀតថា ការផាកពិន័យតាមច្បាប់ស្តីពីព្រៃឈើ ក្នុងមាត្រា៩៦ ចែងថាត្រូវទទួលពិន័យអន្តរការណ៍ពីរដ្ឋបាលព្រៃឈើជាប្រាក់គុណបី(៣)ដងនៃតម្លៃវត្ថុតាងពិតប្រាកដនៃទីផ្សារ ហើយធ្យូង១គីឡូក្រាមតម្លៃ៦០០រៀលx៣=១,៨០០រៀល ក្នុង១០តោនស្មើនឹង១៨លានរៀល ។ វត្ថុតាងពិតប្រាកដនៃបទល្មើសព្រៃឈើ ត្រូវរឹបអូសជាសម្បត្តិរដ្ឋស្របតាមបទបញ្ញត្តិនៃច្បាប់នេះ ។ វត្ថុតាងផ្សេងទៀតក្រៅពីផលអនុផលព្រៃឈើ អាចប្រគល់ឲ្យសាមីុជនវិញតែក្នុងករណីប្រព្រឹត្តល្មើសនិងមាត្រា៩៦នៃច្បាប់នេះ។
តាមប្រភពដដែលបានបន្តទៀតថា ចំពោះរថយន្តដឹកធ្យូងទាំង៨គ្រឿងនេះគឺបទល្មើសនៅក្នុងស្រុក រីឯករណីចោទថា រថយន្តដឹកធ្យូងទាំងអស់នេះបម្រុងឆ្លងដែនទៅប្រទេសវៀតណាមនោះ លោកមិនបានដឹងច្បាស់ទេ ដោយមន្ត្រីរដ្ឋបាលព្រៃឈើទទួលតពីសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តជាអ្នកចាប់បញ្ជូនមកប្រគល់ឲ្យនៅទីកន្លែងកងរាជអាវុធហត្ថ។ ចំពោះម្ចាស់ធ្យូងបានមកជួបដោះស្រាយចំនួន៦នាក់ គឺខាងមន្ត្រីរដ្ឋបាលព្រៃឈើបានបំពេញឯកសាររួចហើយ តែពួកគាត់មិនព្រមផ្តិតមេដៃយល់ព្រមការផាកពិន័យ ដូច្នេះទើបខាងរដ្ឋបាលព្រៃឈើបានកសាងសំណុំរឿងបញ្ជូនទៅលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀងចាត់ការតាមនីតិវិធី ហើយចំពោះចំណាត់ការយ៉ាងណានោះគឺជាឆន្ទានុសិទ្ធិរបស់លោកព្រះរាជអាជ្ញារ។
សូមរំលឹកផងដែរ កាលពីវេលាម៉ោង៧យប់ថ្ងៃទី១២ មេសា ឆ្នាំ២០២០ មានករណីរថយន្តឈ្មួញដឹកធ្យូងចំនួន៨គ្រឿង (ក្នុងនោះរថយន្តធុនធំ៥គ្រឿង បុងតូច៣គ្រឿង) មកពីខេត្តត្បូងឃ្មុំ តាមផ្លូវជាតិលេខ៣១៣ ឆ្ពោះទៅច្រកទ្វារព្រំដែនទ្វេភាគីបុស្សមន ឃុំបុស្សមន ស្រុករំដួល បម្រុងឆ្លងដែនទៅប្រទេសវៀតណាម ក៏ប៉ុន្តែត្រូវសមត្ថកិច្ចនគបាលប្រចាំច្រកទ្វារព្រំដែនទ្វេភាគីប៉ុស្តិ៍មនមិនអនុញ្ញាត ព្រោះគ្មានច្បាប់ ឬអាជ្ញាប័ណ្ណនាំចេញ ទើបសមត្ថកិច្ចឲ្យថយក្រោយវិញ ក៏ប៉ុន្តែក្រុមឈ្មួញមិនព្រមថយក្រោយនាំគ្នាចតនៅលើថ្នល់ក្នុងភូមិបុស្សមន ឃុំបុស្សមន មានចម្ងាយពីច្រកទ្វារព្រំដែន២០០ម៉ែត្រ ហើយព្យាយាមទំនាក់ទំនងរត់ការនាំចេញរហូតដល់ព្រឹកថ្ងៃទី១៣ មេសា ក្រុមល្បាតកងរាជអាវុធហត្ថខេត្តឃើញក៏ឃាត់សួរនិងចាប់បញ្ជូនមកកងរាជអាវុធហត្ថខេត្តធ្វើការពិនិត្យឆែកឆេរ ដោយសង្ស័យមានបង្កប់ឈើប្រណីតនៅក្រោមធ្យូូង តែការរើធ្យូងពិនិត្យពុំឃើញមានបង្កប់ឈើប្រណីតទេ ក៏ប្រគល់ឲ្យមន្ត្រីខណ្ឌ័រដ្ឋបាលព្រៃស្វាយរៀងចាត់ការបន្ត។
ខណៈនោះដែរ អ្នកបើកបររថយន្តទាំង៨គ្រឿងបាននាំគ្នារត់គេចខ្លួនអស់បន្សល់ទុកតែរថយន្តនៅកន្លែងកងរាជអាវុធហត្ថខេត្ត ដោយពួកគេប្រាប់ថា ពួកគេគ្រាន់តែស៊ីឈ្នួលបើករថយន្តឲ្យគេទេ យ៉ាងណាចាំជួបជាមួយម្ចាស់ធ្យូង និងម្ចាស់រថយន្តទៅ ។ ពេលនោះគឺនៅសល់តែបុរសជាជនពិការជើងម្នាក់ ដោយគាត់នៅស្តាយរថយន្តនិងធ្យូងរបស់គាត់ ។ រហូតមកដល់ម៉ោង១និង៣០នាទីរសៀលថ្ងៃទី១៥ មេសា ឆ្នាំ២០២០នេះ ពុំទាន់មានម្ចាស់ធ្យូង និងម្ចាស់រថយន្តណាម្នាក់មកដោះស្រាយនិងទទួលយកការផាកពិន័យទេ ដោយពួកគាត់ឆ្លើយថាគ្មានលទ្ធភាព៕
ចែករំលែកព័តមាននេះ