តៃវ៉ាន់ ៖ តាមប្រភពព័ត៌មាន The Star បានឱ្យដឹងថា បុរសម្នាក់នៅតៃវ៉ាន់ ត្រូវបានប៉ូលិសពិន័យជាប្រាក់១លានដុល្លារតៃវ៉ាន់ (ស្មើនឹងជាង៣ម៉ឺនដុល្លារអាមេរិក) ព្រោះតែបានគេចមិននៅក្នុងផ្ទះ ហើយទៅចូលក្លិបរាំសប្បាយទៅវិញ ក្នុងពេលកើតវីរុសកូវីដ-១៩ ។ នេះគឺជាអ្វីដែលអាជ្ញាធរបានប្រាប់ ។
បុរសដែលមិនបញ្ចេញឈ្មោះ គឺជាអ្នកដែលទើបតែធ្វើដំណើរមកពីអាស៊ីអាគ្នេយ៍ ហើយត្រូវគេតម្រូវឱ្យស្នាក់នៅដាច់ដោយឡែកពីគេរយៈពេល១៤ថ្ងៃ ។ តែបុរសរូបនេះ មិនព្រមស្តាប់តាមការណែនាំនោះទេ។ គេបានឃើញគាត់ជប់លៀងនៅក្នុងក្លិបរាត្រីទៅវិញ នៅពេលដែលប៉ូលិសធ្វើការត្រួតពិនិត្យកាលពីថ្ងៃអាទិត្យ។
កាលពីថ្ងៃចន្ទម្សិលមិញ អាជ្ញាធរបានសម្រេចពិន័យបុរសនេះជាប្រាក់យ៉ាងធ្ងន់ធ្ងរ ព្រោះតែព្រហើនមិនព្រមស្តាប់តាមការណែនាំ ហើយអាចនាំគ្រោះថ្នាក់ឱ្យអ្នកដទៃ ។
អភិបាលក្រុង New Taipei លោក Hou Yu-ih បានមានប្រសាសន៍ថា៖ «អ្នកទាំងឡាយណាដែលចាប់បាននៅកន្លែងមនុស្សច្រើនកុះករ និងមិនសូវមានខ្យល់ចេញចូលល្អ នឹងត្រូវចាប់យកមកដាក់នៅកន្លែងដាច់ដោយឡែក ហើយពិន័យឱ្យកប់ពពកដល់ទៅ១លានដុល្លារតៃវ៉ាន់។ ខ្ញុំនឹងមិនបន្ធូរដៃទេ» ។
កោះតៃវ៉ាន់ ត្រូវបានគេយកធ្វើជាឧទាហរណ៍មួយ នៃវិធីដោះស្រាយការផ្ទុះឡើងនៃវីរុសកូរ៉ូណាថ្មី ដោយរដ្ឋាភិបាលបានកាត់បន្ថយចំនួនអ្នកមកពីតំបន់ឆ្លង និងបានណែនាំយ៉ាងលម្អិតដល់មហាជនទូទៅ៕
ចែករំលែកព័តមាននេះ