ខេត្តសៀមរាប ៖ កាលពីថ្ងៃទី១៩ មីនា ឆ្នាំ២០២០ អ្នកស្រី ខាត់ សុឃីម តំណាងឱ្យតារាល្បីៗនៃព្រះរាជាណាចក្រកម្ពុជា និងក្រុមការងារវិនិយោគអុីណារីតាប្រមាណជាង២០០នាក់បាននាំគ្នាមកធ្វើការតវ៉ានៅមុខតុលាការខេត្តសៀមរាប ដើម្បីសុំដោះលែងឱ្យនៅក្រៅឃុំពាក់ព័ន្ធករណីចាប់ខ្លួនមេក្រុមវិនិយោគរបស់ពួកគេ ។
ប៉ុន្តែការសុំសំណូមពរនោះ មិនបានដូចចិត្តប៉ងប្រាថ្នាឡើយ ខណៈជនសង្ស័យត្រូវបានសមត្ថកិច្ចចាប់បញ្ជូនទៅដាក់ពន្ធនាគារ តាមពាក្យបណ្តឹងរបស់ប្រជាពលរដ្រាប់ពាន់នាក់ ដែលចាញ់បោកក្រុមហ៊ុននេះ និងតាមដីការបស់តុលាការខេត្ត គិតចាប់ពីថ្ងៃចាប់ខ្លួនខែសីហា ឆ្នាំ២០១៩ រហូតមកដល់ថ្ងៃ១៩ មីនា ឆ្នាំ២០២០ មានរយៈពេល៨ខែ ដែលមានទីតាំងជួលបើកអាជីវកម្ម ស្ថិតនៅមុខវិទ្យាអង្គរ តាមបណ្តោយផ្លូវ៧មករា ក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ហើយបច្ចុប្បន្នត្រូវបានបិទទ្វារ ប៉ុន្តែត្រូវម្ចាស់ផ្ទះបានយកមកជួលបន្តទៅឱ្យម្ចាស់ផ្សេងបាត់ទៀតហើយ ។
ក្រុមអ្នកតវ៉ាបានឱ្យដឹងទៀតថា ពួកគាត់មកពីតាមបណ្ដាខេត្តនានាទូទាំងប្រទេសកម្ពុជា មកធ្វើការតវ៉ាសុំឱ្យតុលាការដោះលែងតំណាងក្រុមហ៊ុនរបស់ខ្លួន ឈ្មោះលោកឌីម សួនណាត ដោយសារគាត មិនមានកំហុស។ ហើយក្រុមអ្នករកស៊ីវិនិយោគអះអាងទៀតថា ពួកគាត់មកជុំគ្នាថ្ងៃនេះ មិនមានអ្នកណាម្នាក់បាន រករឿង ឬប្ដឹង ឈ្មោះ ឌីម សួនណាត ឡើយ។ ដូច្នេះ តុលាការខេត្តសៀមរាបបានឃុំខ្លួនគាត់៨ខែ ហើយមិនដោះលែង លោក ឌីម សួន ណាត ឬយកមកជមនុំជំរះទៀត ធ្វើឱ្យប៉ះពាល់ដល់ជីវភាពរបស់សមាជិកក្រុមហ៊ុន ឬប្រជាពលរដ្ឋ ដែលបានដាក់ទុនរកស៊ីជាមួយគាត់យ៉ាងខ្លាំង ។ ព្រោះថា ពលរដ្ឋទាំងអស់នោះ ភាគច្រើនជំពាក់ប្រាក់ធនាគារ ដោយសារយកលុយមកដាក់ទុនជាមួយលោក ឌីម សួនណាត នោះ ដើមក៏មិនបាន ហើយលុយការ ក៏អត់ផង ក៏ស្រាប់តែចូលគុកទៅវិញ។
អ្នកស្រី ខាត់ សុឃីម បានឱ្យដឹងថា លោកឌីម សួន ណាត តំណាងក្រុមហ៊ុន អ៊ី ណារីតា បានធ្វើលិខិតអះអាង កាលពីថ្ងៃទី១៥ មីនា ២០២០ ដោយមានមេធាវីឈ្មោះ លីន ឡា នីន ចេញមុខធានាថា បងប្អូនអ្នកវិនិយោគទាំងអស់ នឹងផ្ដល់ឱកាសឱ្យខ្ញុំបាទមានសេរីភាព ដើម្បីខិតខំប្រឹងប្រែងរកប្រាក់សម្រាប់ទូទាត់សងបងប្អូនទាំងអស់គ្នាវិញ ។ រីឯ លោក ប្រាក់ វុទ្ធី អាយុ៤៩ ឆ្នាំ រស់នៅ ភូមិត្រាង ឃុំកណ្ដែក ស្រុកប្រាសាទបាគង ឱ្យដឹងថា រូបលោកដាក់ប្រាក់វិនិយោគជាមួយ លោកឌីម សួន ណាត អស់ប្រាក់ចំនួន១០ម៉ឺនដុល្លារអាមេរិក មិនទាន់បានប្រាក់ការ មួយរៀលផង ស្រាប់តែគេចាប់ប្រធានក្រុមហ៊ុនបាត់ ។
លោក វុទ្ធី បន្តថា អ្នកដែលដាក់ទុនវិនិយោគ ជាមួយលោក ឌីម សួន ណាត នៅក្នុងខេត្តសៀមរាបមានចំនួន២៧៥នាក់ សរុបជាទឹកប្រាក់ប្រមាណ ៤,៥៥លានដុល្លារអាមេរិក( បួនលានប្រាំសែនប្រាំម៉ឺនដុល្លារអាមេរិក ) នេះបើតាមខ្ញុំដឹង។ ហើយបើគិតទូទាំងប្រទេស មានជាង២០០០នាក់ក្រុមហ៊ុន អ៊ីណារីតា ពួកអ្នករកស៊ីមុនគេបង្អស់បានផលចំណេញ មិនដែលខកខានឡើយ កាលពីមុខក្រុមហ៊ុននេះ បានឱ្យលុយមកបងប្អូនប្រជាពលរដ្ឋស្រួលណាស់ ។
ព័ត៌មានបន្ថែម កោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។
ចែករំលែកព័តមាននេះ