ខេត្តស្វាយរៀង ៖ ក្មេងប្រុសអាយុ១២ឆ្នាំម្នាក់កំពុងជួយរាយខ្សែភ្លើងជាមួយពូនៅក្នុងរោងការ ហើយពូរបស់ក្មេងប្រុសរងគ្រោះបានបោះសំណុំខ្សែភ្លើងរំលងខ្សែភ្លើងរបស់រដ្ឋដែលនៅលើបង្គោលភ្លើងរួចក៏ទើលើខ្សែកាបស្រាត បណ្តាលឱ្យឆ្លងចរន្តអគ្គីសនីឆក់ក្មេងប្រុសរងគ្រោះបាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៤និង៤០នាទីរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅភូមិព្រៃតាយឹង ឃុំប្រសូតិ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
តាមប្រភពពីសាច់ញាតិជនរងគ្រោះបានអោយដឹងថា ក្មេងប្រុសរងគ្រោះខាងលើឈ្មោះលី ភារុណ អាយុ១២ឆ្នាំ ជាសិស្ស មានបងប្អូនចំនួន៤នាក់ ក្មេងប្រុសរងគ្រោះជាកូនទី៤ រស់នៅភូមិឃុំកើតហេតុខាងលើមានម្តាយឈ្មោះយ៉ាន អាយុ៤៧ឆ្នាំ និងឪពុកឈ្មោះខុន អាយុ៤៨ឆ្នាំ បានទៅធ្វើការសំណង់នៅខេត្តកំពតអស់ហើយ ដោយផ្ញើកូនៗទាំង៤នាក់ឱ្យនៅជាមួយបងប្អូនសាច់ញាតិ និងជីដូន ជាអ្នកមើលថែ។
តាមប្រភពពីសាច់ញាតិជនរងគ្រោះបានអោយដឹងបន្តថា នៅពេលទំនេរក្មេងប្រុសរងគ្រោះជួយពូដើរដាក់ភ្លើងតាមរោងបុណ្យ និងរោងការ ហើយមុនពេលកើតហេតុ ក្មេងប្រុសរងគ្រោះបានជួយរាយខ្សែភ្លើងដាក់ក្នុងរោងការឲ្យគេមួយកន្លែង ខណៈកំពុងរាយខ្សែភ្លើងនោះ ពូរបស់ក្មេងប្រុសរងគ្រោះក៏បានបោះខ្សែភ្លើងរំលងខ្សែភ្លើងនៅលើបង្គោលភ្លើងរដ្ឋ តែបែរជាខ្សែភ្លើងនោះទៅទើលើខ្សែកាបស្រាត ដែលមានកម្លាំងភ្លើងខ្លាំង បណ្តាលអោយឆ្លងចរន្តអគ្គីសនីឆក់ក្មេងប្រុសរងគ្រោះខ្លោចខ្លួន និងបានបាត់បង់ជីវិតភ្លាមៗនៅនិងកន្លែងកើតហេតុតែម្តង។
ក្រោយពីពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុដើម្បីធ្វើកោសល្យវិច្ច័យលើខ្លួនជនរងគ្រោះ បន្ទាប់ពីពិនិត្យរួច សមត្ថកិច្ចក៏ប្រគល់ជនរងគ្រោះឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ចំណែកជីដូនពេលឃើញអ្នកភូមិសែងចៅមកដល់ផ្ទះ ធ្វើឱ្យគាត់មានការតក់ស្លុតយ៉ាងខ្លាំងនិងយំរហូតសន្លប់បាត់បង់ស្មារតី ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ