រាជធានីភ្នំពញ ៖ មេធាវីការពារសិទ្ធិជនជាប់ចោទអះអាងថា លោក កឹម សុខា បានបដិសេធមិនបានធ្វើកញ្ជះបរទេសណាទេ ក្នុងពេលមានការចាក់បញ្ចាំងវីដេអូក្នុងសវនាការនាព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ នេះ ។
លោក ចាន់ ចេន មេធាវីការពារក្តីលោក កឹម សុខា ម្នាក់ក្នុងចំណោម៩នាក់បាននិយាយបន្ទាប់ពីចប់សវនាការព្រឹកថ្ងៃទី៥ ខែកុម្ភៈ នេះថាតាមខ្សែវីដេអូបានបញ្ចាំងនោះជនជាប់ចោតមិនបានធ្វើជាខ្ញុំកញ្ជះបរទេសណាជាខាត់ខាត ។ លោកមេធាវីបន្តថា នេះជាការលើកឡើងរបស់លោក កឹម សុខា ទៅកាន់អង្គសវានាការ ក៏ដូចដែលអ្វីដែលលោក កឹម សុខា បានសំដែងក្នុងវីដេអូបានចាក់បញ្ចាំងពេញមួយព្រឹកនេះមិនបានរណបបរទេស និងកញ្ជះបរទេសណាជាដាច់ខាត ។
ចំណែកមេធាវីតំណាងរដ្ឋាភិបាលលោក គី តិច មិនបានផ្តល់ព័ត៌មានដល់អ្នកសារព័ត៌មាននៅឡើយទេ អាចស្អែកទើបផ្តល់ព័ត៌មានបាន ។ ចូលដល់សប្តាហ៍ទី៤ថ្ងៃទី៥ ខែកុម្ភៈ នេះលោកកឹម សុខា បានចូលមកាន់បន្ទប់សវនាការក្នុងការជំនុំជម្រះទោសរបស់លោកត្រូវបានតាមបទស្និដ្ឋិភាពជាមួយបរទេសតាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌកម្ពុជា ។
ក្រុមមេធាវី(ចុងចោទ)ការពារសិទ្ធិរបស់លោក កឹម សុខា បានអមដំណើរចូលក្នុងបន្ទប់សវនាការទី១ដើម្បីបង្ហាញពីភស្តុតាងដោះបន្ទុកជនជាប់ចោទវ័យ៦៧ឆ្នាំរូបនេះ ។ ចំណែកក្រុមមេធាវីតំណាងរាជរដ្ឋាភិបាល(ដើមចោទ)ដឹកនាំដោយលោកមេធាវី គី តិច បានដឹកនាំក្រុមមេធាវីចំនួន៣រូបផងដែរ ដើម្បីចោទសួរដល់ជនជាប់ចោទ និងបានបង្ហាញភស្តុតាងជាច្រើនក្នុងការដាក់បន្ទុកលើលោក កឹម សុខា ។
សូមបញ្ជាក់ថា លោក កឹម សុខា បន្តបង្ហាញមុខដោយពាក់ម៉ាស់ចូលតតាំងជាមួយតុលាការចូលដល់សប្តាហ៍ទី៤ ដើម្បីតតាំងក្នុងការឆ្លើយដោះបន្ទុកខ្លួនពីបទចោទប្រកាន់របស់ចៅក្រម លើភស្តុតាងវីដេអូដែលចាក់បង្ហាញដោយអង្គសវនាការ ៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ