ខេត្តកំពង់ស្ពឺ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា មានគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងរវាងរថយន្តម៉ាកតាកូម៉ាមួយគ្រឿងបុករះម៉ូតូ៣គ្រឿង និងរថយន្ត១គ្រឿងផ្សេងទៀត ខណៈពេលដែលរថយន្តបង្កកំពុងធ្វើដំណើរទៅស្តីដណ្តឹងកូនក្រមុំគេម្នាក់នៅខេត្តតាកែវ បណ្តាលឱ្យកូនកំលោះបានបាត់បង់ជីវិតនៅកន្លែងកើតហេតុ និងអ្នកដំណើរផ្សេងទៀតរងរបួសធ្ងន់-ស្រាលជាច្រើននាក់ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពី១០ព្រឹក ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ តាមបណ្ដោយផ្លូវជាតិលេខ៤១ ចន្លោះគីឡូម៉ែត្រ 21 22 ស្ថិតក្នុងឃុំស្រង់ ស្រុកគងពិសី ។
សេចក្តីរាយការណ៍បន្តថា ជនរងគ្រោះខាងលើនៅមិនទាន់ស្គាល់អត្ថសញ្ញាណនៅឡើយទេ ហើយពេលនេះជនរងគ្រោះដែលរងរបួសធ្ងន់-ស្រាលកំពុងត្រូវបានបញ្ជូននៅសង្គ្រោះនៅមន្ទីរពេទ្យហើយ។
បើតាមសាក្សីឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាកតាកូមាមួយគ្រឿងជិះគ្នា៩នាក់ បើកបរក្នុងទិសដៅពីជើងទៅត្បូង ក្នុងគោលបំណងទៅដណ្តឹងកូនក្រមុំរបស់គេនៅឯខេត្តតាកែវ លុះមកដល់ចំណុចកើតហេតុ ក៏បុករះជាមួយម៉ូតូចំនួន៣គ្រឿង ហើយភ្លាមៗនោះដែរ រថយន្តបង្កមិនបានឈប់នោះទេ គឺបានបន្តទៅមុខ ដើម្បីបើករត់គេចខ្លួន ។
ប្រភពដដែលបន្តថា ស្របពេលរថយន្តបង្កកំពុងតែបើកគេចខ្លួននោះ ក៏ស្រាប់តែទៅបុកពីក្រោយរថយន្តម៉ាកហាយឡិនឌ័រមួយគ្រឿងផ្សេងទៀតធ្វើដំណើរស្របទិសគ្នា ដែលជិះគ្នា៥នាក់យ៉ាងពេញទំហឹងតែម្តង ធ្វើឱ្យរថយន្តបង្កម៉ាកតាកូម៉ាបែកកង់ខ្លួនឯងរេចង្កូតធ្លាក់ផ្លូវទៅខាងឆ្វេងដៃ ហើយបុកជាមួយរបងសាលារៀន បណ្តាលឱ្យក្រឡាប់ជាច្រើនត្រឡប់ ធ្វើបុរសម្នាក់ដែលជាកូនកំលោះទៅស្តីដណ្តឹងកូនក្រមុំគេនោះ បណ្តាលឱ្យបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកសាច់ញាតិផ្សេងទៀតដែលរួមដំណើរនោះរងរបួសធ្ងន់-ស្រាល ។
ប្រភពដដែលបន្តថា ក្រោយពេលកើតហេតុ អ្នកបើករថយន្តបង្កបានបើកទ្វាររត់គេចខ្លួនបាត់ស្រមោលបន្សល់ទុកតែរថយន្ត និងជនរងគ្រោះនៅកន្លែងកើតហេតុ ។ ហើយសពបុរសម្នាក់ដែលត្រូវទៅស្តីដណ្តឹងកូនក្រមុំគេនៅខេត្តតាកែវនោះ ត្រូវបានគេដឹងថា រស់នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
បើតាមសាច់ញាតិជនរងគ្រោះប្រាប់ថា អ្នកបើកបររថយន្តតាកូមានោះ ទើបតែទិញរថយន្តនោះទេ ហើយកូនរបស់គាត់ដែលបាត់បង់ជីវិតនោះ បានជួលរថយន្តនេះឱ្យដឹកទៅស្តីដណ្តឹងកូនគេនៅខេត្តតាកែវ តែចៃដន្យអាក្រក់ជួបហេតុការណ៍បែបនេះតែម្តង។ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ