រាជធានីភ្នំពេញ ៖ យោងតាមរបាយការណ៍បូកសរុបសភាពការណ៍ ប្រចាំខែកុម្ភៈ ឆ្នាំ២០១៤ (គិតពីថ្ងៃទី១១ ខែមករា ដល់ថ្ងៃទី១០ កុម្ភៈ ឆ្នាំ២០១៤) ដែលបង្ហាញដោយលោកឧត្តមសេនីយ៍ទោ ហឹុម យា៉ន ប្រធាននាយកដ្ឋានសណ្តាប់ធ្នាប់ នៅសាលប្រជុំអគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីព្រឹកថ្ងៃទី១៤ មីនា ឱ្យដឹងថា ក្នុងខែកុម្ភៈឆ្នាំ២០១៤ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន៤៩៣លើក ប្រៀបធៀបខែមករាមាន៤១០លើក កើនឡើង៨៣លើក ស្មើ២០% ។
បណ្តាគ្រោះថ្នាក់ខាងលើនេះបង្កឱ្យមនុស្សស្លាប់ចំនួន២២៨នាក់ លើ១៧២នាក់ កើនឡើង៥៦នាក់ស្មើ៣៣% (ជនបរទេស៤នាក់) ។ រងរបួស៨៨១នាក់ លើ៦៤៧នាក់ កើនឡើង២៣៤នាក់ស្មើ៣៦% ក្នុងនោះរបួសធ្ងន់៤៨៧នាក់ លើ៣៧៦នាក់ កើន១១១នាក់ (ជនបរទេស១១នាក់) របួសស្រាល៣៩៤នាក់លើ២៧១នាក់ កើន១២៣នាក់ (ជនបរទេស២១នាក់) ។ តាមរបាយការណ៍បញ្ជាក់ថា ក្នុងករណីគ្រោះថ្នាក់ខាងលើនោះបង្កឱ្យខូចខាតទោចក្រយានយន្ត៥០៥គ្រឿងលើ៤២៤គ្រឿងកើន៨១គ្រឿង រថយន្តធុនតូច១៩៧គ្រឿងលើ១៦៥គ្រឿង កើន៣២គ្រឿង រថយន្តធុនធំ៦៨គ្រឿងលើ៥០គ្រឿងកើន១៨គ្រឿង និងយានយន្តផ្សេងៗ៤៤គ្រឿងលើ៣៦គ្រឿងកើន៨គ្រឿង ។
គ្រោះថ្នាក់ខាងលើបណ្តាលមកពីការបើកបរលើសល្បឿនកំណត់៤៤%,មិនគោរពសិទ្ធិអាទិភាព១១%,បើកបរស្រវឹង១៧%,ប្រជែង១១%,បត់ឆ្វេងស្តាំមិនប្រយ័ត្ន៥%,មិនប្រកាន់ស្តាំ៦%,សុខភាព១%,កត្តាយានយន្តចំនួន២%,និងកត្តាផ្សេងៗ២% ។ ដោយឡែកគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងក្នុងពិធីបុណ្យចូលឆ្នាំចិន វៀតណាមក្នុងរយៈពេល៤ថ្ងៃ (ពីថ្ងៃទី៣០ ខែមករា ដល់ថ្ងៃទី២ កុម្ភៈ ២០១៤) ប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៣ មានចំនួន៩៨លើកលើ៩៣លើកកើនឡើង៥លើកស្មើ៥% បណ្តាលឱ្យស្លាប់មនុស្ស៣៣នាក់លើ៤៣នាក់ថយចុះ១០នាក់ស្មើ២៣% របួស១៩៧នាក់លើ១៦៥នាក់កើនឡើង៣២នាក់ ក្នុងនោះរបួសធ្ងន់១១៦នាក់លើ៩៧នាក់កើន១៩នាក់របួសស្រាល៨១នាក់លើ៦៨នាក់កើនឡើង១៣នាក់ ។
គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស គិតពីថ្ងៃទី១១ ខែវិច្ឆិកា ២០១២ ដល់ថ្ងៃទី១០ វិច្ឆិកា ២០១៣ កើតឡើងចំនួន៤.៣២២លើកធៀបនឹងឆ្នាំ២០១២ កើតឡើង៤.៣០៥លើកមានការកើន១៧លើក បណ្តាលឱ្យមនុស្សស្លាប់១.៩០១នាក់បើប្រៀបធៀបនឹងឆ្នាំ២០១២មនុស្សស្លាប់១.៨៩៤កើន៧នាក់ ស្រី៣៤៧នាក់ ប្រុស១.៥៥៤នាក់ ។ របួសធ្ងន់៤.២០៥នាក់ប្រៀបធៀបឆ្នាំ២០១២របួសធ្ងន់៤.៣៨៨នាក់ថយចុះ១៨៣នាក់ ស្រី១.០៣៧នាក់ ប្រុស៣.១៦៨នាក់,របួសស្រាល៣.០០៣នាក់ ធៀបឆ្នាំ២០១២មានចំនួន៣.០៧៩នាក់ស្រី៨០៩នាក់ និងប្រុស២.១៩៤នាក់ថយចុះ៧៦នាក់ ។
គួរបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសឆ្នាំ២០១៣ រាជធានីភ្នំពេញជាប់ចំណាត់ថ្នាក់លេខ១ ព្រោះគ្រោះថ្នាក់ចរាចរណ៍កើតឡើងរហូតដល់៦៦៩លើក មានមនុស្សស្លាប់ចំនួន២៧៩នាក់ ហើយខេត្តដែលកើតគ្រោះថ្នាក់ចរាចណ៍តិចជាងគេគឺខេត្តកែបកើតមាន២៣លើកមនុស្សស្លាប់៥នាក់ ។បានកត់សម្គាល់ថា មហន្តរាយជីវិតលើផ្លូវជាតិនៅតែស្ថិតក្នុងក្តីបារម្ភជាទូទៅ មិនដឹងថា តើនៅពេលណាទើបសុវត្ថិភាពចរាចរណ៍ត្រូវបានធានានៅឡើយទេ ៕
ចែករំលែកព័តមាននេះ