ការតាមរុករកនៅតែបន្តក្នុងសមុទ្រចិនក្រោយការបាត់ដានយន្តហោះធុនប៊ូអុីង៧៧៧ របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី ។ រិតតែអាថ៌កំបាំងថែមទៀត ដោយទូរស័ព្ទរបស់អ្នកដំណើរមួយចំនួននៅតែចុចទៅរោទ៍ បុ៉ន្តែគ្មានអ្នកលើក ។ យន្តហោះធុនប៊ូអុីង៧៧៧ របស់ក្រុមហ៊ុន MALAYSIA AIRLINES នៅតែពុំទាន់អាចរកឃើញ ទោះបីមានប្រតិបត្តិការតាមរុករកយ៉ាងសកម្មបំផុតចូលរួមដោយប្រទេសជាច្រើនក៏ដោយ ។ សភាពការណ៍នាថ្ងៃទី១០ មីនា មានការវិវត្តន៍បន្តិចហើយបណ្តាគ្រួសារពួកអ្នកដំណើរជិះក្នុងយន្តហោះជើងហោះហើរ MH 370 នោះនៅរង់ចាំស្តាប់ព័ត៌មាន ខណៈពេញមួយថ្ងៃមានព័ត៌មានជាច្រើនដែលពុំស៊ីគ្នា ។
ទោះបីយ៉ាងណា គេមានការភ្ញាក់ផ្អើល ហើយមានសង្ឃឹមខ្លះ ព្រោះទូរស័ព្ទដៃចំនួន១៩គ្រឿងប្រហែលជារបស់ពួកអ្នកដំណើរហាក់ដូចជានៅដំណើរការពេលចុចទៅ តែគ្មានអ្នកលើក។ យោងតាមកាសែតអាមេរិកវ៉ាស៊ីនតោនបុ៉ស្តិ៍ ចុះថ្ងៃទី១០ មីនា និងតាមកាសែត BUSINESS TIMES ថា គ្រួសារចំនួន១៩របស់មនុស្សដែលបាត់ខ្លួនក្នុងយន្តហោះបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមមួយ ដោយក្នុងសេចក្តីថ្លែងការណ៍រួមនោះ ពួកគេអះអាងថា លេខទូរស័ព្ទដៃជាច្រើនចុចទៅនៅរោទ៍ គឺនៅដំណើរការ ។
ពួកគេស្នើដល់អាជ្ញាធរចិនទទួលបន្ទុកផ្តល់សេវាកម្មដល់ទូរស័ព្ទដៃទាំងនោះឱ្យធ្វើការស្រាវជ្រាវ ដើម្បីបំភ្លឺលើអាថ៌កំបាំងនៃការបាត់យន្តហោះនោះជាមួយមនុស្ស២៣៩នាក់ ។ ទូរស័ព្ទដៃរបស់បណ្តាសមាជិកក្រុមយានិក ក៏ស្ថិតក្នុងចំណោមទូរស័ព្ទហៅទៅនៅដំណើរការដែរ ។ នេះជាការអះអាងរបស់កាសែតសិង្ហបុរី STRAIT TIMES ។ នេះជាសមាសភាគថ្មីនៃការសើុបអង្កេត ដែលរហូតមកទល់ពេលនេះនៅពុំទាន់កំណត់បានអ្វីនៅឡើយនោះ ។
ម្យ៉ាងវិញទៀត គេរាយការណ៍កាលពីថ្ងៃទី១០ មីនាថា កងម៉ារីនអាមេរិកនឹងបញ្ជូននាវាចម្បាំង១គ្រឿងទៀតមកកាន់សមុទ្រចិនភាគខាងត្បូងដើម្បីចូលរួមក្នុងការរុករក ។ នាវាពិឃាតអាមេរិក USS KIDD នឹងមកកាន់តំបន់សង្ស័យយន្តហោះធ្លាក់ ដែលនៅទីនោះមានវត្តមានរួចហើយរបស់នាវាពិឃាតអាមេរិក USS PINCKNEY ៕
ចែករំលែកព័តមាននេះ