គណៈកម្មាធិការអូឡាំពិកកម្ពុជាផ្តល់រង្វាន់ដល់កីឡាករ-កីឡាការិនី វិលត្រឡប់មកពីចូលរួមប្រកួតកីឡាអូឡាំពិកយុវជននៅសិង្ហបុរី
ដោយ ៖ អប្សរា
ថ្ងៃអាទិត្យ ទី២៩ ខែសីហា ឆ្នាំ២០១០ ម៉ោង ១៥:០១

សំអូន
គណៈកម្មាធិការអូឡាំពិកកម្ពុជាផ្តល់រង្វាន់ដល់កីឡាករ-កីឡាការិនីទាំងអ្នកទទួលបានមេដាយ និងមិនទទួលបានមេដាយយ៉ាងអធិកអធម
រាជធានីភ្នំពេញ ៖ កីឡាការិនីជំរើសជាតិផ្នែកយូដូ សំ សូភី ម្ចាស់មេដាយសំរឹទិ្ធដែលទទួលបានពីការចូលរួមប្រកួតកីឡាអូឡាំពិកយុវជនលើកទី១នៅប្រទេសសិង្ហបុរី ទទួលបានប្រាក់ឧបត្ថម្ភ១ពាន់ដុល្លារសហរដ្ឋអាមេរិកពីលោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។ ក្រៅពីនេះ គ្រូបង្វឹកទទួលបាន៥០០ដុល្លារ និងកីឡាករ-កីឡាការិនី៣ វិញ្ញាសាផ្សេងទៀតដែលមិនទទួលបានមេដាយដូចជាហែលទឹក អត្តពលកម្ម និងចំបាប់ក៏ទទួលបានការឧបត្ថម្ភលើកទឹកចិត្តក្នុងម្នាក់ៗ ១០០ដុល្លារដែរ ។
នៅទីស្តីការក្រសួងទេសចរណ៍ កាលពីថ្ងៃទី២៧ សីហា មានរៀបចំពិធីទទួល និងជួបសំណេះសំណាល ព្រមទាំងធ្វើពិធីប្រគល់ប្រាក់រង្វាន់ និងមានបាច់ផ្កាជូនដល់កីឡាករ-កីឡាការិនីទាំងអ្នកទទួលបានមេដាយ និងមិនទទួលបានមេដាយយ៉ាងអធិកអធម ដោយមានការអញ្ជើញចូលរួមពីលោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោកវ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងមន្ត្រីអ្នកមុខអ្នកការជាច្រើនរូបទៀត ។
កីឡាការិនី សំ សូភី ដែលបានទៅចូលរួម ហើយទទួលបានមេដាយសំរឹទិ្ធ លើកនេះ គឺបន្ទាប់ពីឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញអស់ចំនួន៣ប្រកួត ។ លើកទី១ ឈ្នះកីឡាការិនីប្រទេសបាហាម៉ាស់ លើកទី២ ចាញ់កីឡាការិនីប្រទេសហុងគ្រី និងលើកទី៣ ឈ្នះកីឡាការិនី ប៊ុលហ្គារី ។ ចំណែកឯកីឡាករ-កីឡាការិនី៣ វិញ្ញាសាទៀតមានដូចជា ហែលទឹក អត្តពលកម្ម និងចំបាប់បានធ្លាក់តាំងពីជំរុះជុំទី១ម៉្លេះ ។ ការប្រកួតត្រូវបញ្ចប់នៅថ្ងៃទី២៧ សីហា ប៉ុន្តែកីឡាករកីឡាការិនីកម្ពុជាបានបញ្ចប់តាំងពីថ្ងៃទី២៤ សីហា មកម៉្លេះ ។ ទោះជាយ៉ាងណា លោកថោង ខុន បានថ្លែងនូវការកោតសរសើរយ៉ាងក្រៃលែងចំពោះកីឡាករ-កីឡាការិនី ជាពិសេសលោកគ្រូបង្វឹកដែលបានខិតខំយកអស់ពីកំលាំងកាយចិត្តដើម្បីស្វែងរកជ័យជំនះមកជូនជាតិ ហើយលោកគិតថា នេះគឺជាជ័យជំនះធំធេងណាស់ ព្រោះការដែលយើងបានទៅចូលរួមប្រកួតនេះវាជាព្រឹត្តិការណ៍ពិភពលោកដែលមិនងាយនឹងដណ្តើមបានមេដាយឡើយ ។
ដូច្នេះយើងអាចចាត់ទុកជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រហើយសំរាប់កម្ពុជាយើង ហើយលោកមានការសប្បាយចិត្តណាស់ និងសំណូមពរដល់កីឡាករ-កីឡាការិនីទាំងអស់ត្រូវតែខិតខំហ្វឹកហាត់បន្ថែមទៀត ព្រោះបច្ចុប្បន្ននៅលើពិភពលោកវិស័យកីឡាកំពុងមានការរីកចំរើនយ៉ាងខ្លាំង បើទោះជាយើងធ្វើមិនបានដូចគេមែន តែយើងក៏មិនត្រូវរាថយដែរ ។ លោកថោង ខុន បានឱ្យដឹងទៀតថា នៅក្នុងឱកាសនៃពិធីប្រកួតនោះផងដែរ គណៈកម្មការរៀបចំការប្រកួតបានរៀបចំស្តង់ផ្សាយពីទេសចរណ៍ និងវប្បធម៌ជូនដល់បណ្តាប្រទេសចូលរួមទាំង២០៥ ដោយចែកជាវេនផងដែរ ។ ចំណែកគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រសួងទេសចរណ៍ និងស្ថានទូតកម្ពុជាប្រចាំប្រទេសសិង្ហបុរី បានសហការធ្វើការងារនេះទទួលលទ្ធផលយ៉ាងល្អប្រសើរ ៕