រាជធានីភ្នំពេញ ៖ តារាសម្តែងសម្បុរខ្មៅស្រអែម កញ្ញាពៅ លីដា ត្រូវបងប្អូនខ្មែរយើងនៅក្រៅប្រទេស ស្នើសុំឱ្យនាងទៅសម្តែង ប្រសិនជានាងមានពេលគ្រប់គ្រាន់ ។ ដំណឹងល្អនេះ ពៅ លីដា មិនអាចបំពេញបានទេ ពេញ១ឆ្នាំ២០១៤នេះ ដោយសារតែនាងសម្លឹងឃើញឱកាសសិល្បៈនៅក្នុងប្រទេសល្អជាងក្រៅប្រទេស ។
តារាសម្តែងមានទម្រង់មុខបែបខ្មែរ ពិតៗនាងពៅ លីដា បានច្រានចោលគម្រោងស្រូបយកប្រាក់នៅក្រៅប្រទេសដោយមិនចង់ទៅខ្លាំងដូចតារាមួយចំនួនឡើយ ។ ចំណុចដែលលីដាច្រានចោលការសម្តែងនៅបរទេស ដោយសារតែក្នុងរដូវកាលឆ្នាំថ្មី២០១៤នេះ នាងត្រូវទទួលការងារជាបន្តបន្ទាប់ ដែលសុទ្ធសឹងតែជាការងារសិល្បៈមានភាពល្អប្រសើរ មិនថាតែខ្សែភាពយន្ត ច្រៀងតាមស្ថានីយទូរទស្សន៍ ឬការដើរបង្ហាញម៉ូដឡើយ គឺនាងចង់ទុកពេលនៅក្នុងស្រុកឱ្យបានច្រើន ដើម្បីស្ទាបស្ទង់ប្រជាប្រិយភាពឆ្នាំថ្មីនេះស្ទុះដល់កម្រិតណា ។
លើសពីនេះបើនិយាយពីកម្មវិធីប្រកួតលើកពានរង្វាន់អប្សរាឆ្នាំ២០១៤ វគ្គថ្មីនេះ គឺតម្រូវឱ្យនាងប្រកួតពេញមួយឆ្នាំតែម្តង មុននឹងឆ្លងទៅយកជ័យលាភីលើកពានរង្វាន់នាចុងឆ្នាំ ។ ការពិតលោកហ្វៃ សំអាង មិនបានហាមឃាត់ ឬបិទផ្លូវមិនឱ្យច្រៀង សម្តែងនៅក្រៅប្រទេសទេ តែមកពីនាងយល់ថា ចង់នៅប្រកួតឱ្យបានពេញមុខ និងចង់ដកបទពិសោធន៍ជាមួយទម្រង់សិល្បៈ ប្លែកៗផងនោះ ទើបនាងសម្រេចចិត្តមិនចេញទៅសម្តែងនៅបរទេស ។
តារាសម្តែងដែលប្រសូតចេញពីកម្មវិធីប្រឡងកញ្ញាឯកប្រ៊ីតស្តុនរូបនេះលើកឡើងកាលពីពេល ថ្មីៗនេះថា នាងលើកហេតុផលបែបនេះមិនមែនមកពីលើកតម្លៃខ្លួនរហូតមិនចេញសម្តែងនៅក្រៅប្រទេសឡើយ ការណ៍ពិតនាងក៏ទៅសម្តែងជូនបងប្អូនខ្មែរនៅក្រៅប្រទេសដែរ ដើម្បីស្រូបយកប្រជាប្រិយភាព តែមកពីឆ្នាំនេះទៅមិនរួច រកចន្លោះមិនឃើញ ។ នាងនឹងបន្តការសម្តែងនៅប្រទេសក្រៅនៅឆ្នាំក្រោយដោយមានអ្នករៀបចំកម្មវិធីមួយនៅអាមេរិក បានមកទាក់ទង ហើយទុកពេលឱ្យនាងប្រឡូកការងារក្នុងស្រុកពេញ១ឆ្នាំ២០១៤ ។
លើសពីនេះខណៈបិទផ្លូវចេញទៅនាយសមុទ្រ នាងបានសម្រុកថតតាមផលិតកម្មជាបន្តបន្ទាប់ ដូចជាថតបទចម្រៀងពីជំនាន់មុនឱ្យផលិតកម្មរស្មីហង្សមាស ហើយមានផលិតកម្មផ្សេងទៀតដូចជាសាន់ដេ ថោន ក៏នាងចូលរួមថតជាហូរហែ បូករួមទាំងធ្វើជាពិធីការិនីមួយទៀត ។ រវល់ច្រើនបែបនោះហើយ ទើបចងជើងនាងមិនអាចទៅណាកើត ។ ពៅ លីដា រំពឹងថា នាងប្រឹងបញ្ចេញទេពកោសល្យក្នុងឆ្នាំនេះ ពិតជាអាចស្រូបយកប្រជាប្រិយភាពបានលើសពេលណាទាំងអស់ជាក់ជាមិនខាន ៕
ចែករំលែកព័តមាននេះ