រាជធានីភ្នំពេញ៖ នាវេលារសៀលថ្ងៃទី២៧ ធ្នូ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំបើកកិច្ចប្រជុំបន្ទាន់មួយជាមួយតំណាងសហជីពកម្មករចំនួន៦ ដែលមិនទទួលយកលទ្ឋផលនៃកិច្ចប្រជុំរបស់គណៈកម្មការប្រឹក្សាការងារ កាលពីថ្ងៃទី២៤ ធ្នូ ២០១៣ ទាក់ទងទៅនឹងការដំឡើងបា្រក់ឈ្នួលអប្បបរមារបស់កម្មករ ។ កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាព លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។
សហជីពដែលចូលរួមប្រជុំនាពេលនេះមាន៖ លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ,លោក អាត់ ធន ប្រធានសម្ព័ន្ឋសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរ ,លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ឋសហជីពចលនាកម្មករ, លោកស្រី ម៉ម ញឹម ប្រធានសហព័ន្ឋសហជីពជាតិនៃឧស្សាហកម្មវាយនភ័ណ្ឌកាត់ដេរកម្ពុជា និងលោកស្រី យ៉ាង សោភ័ណ្ឌ ប្រធានសហព័ន្ឋសហជីពកម្ពុជា ។
យោងតាមលិខិតកោះអញ្ជើញដែលចុះហត្ថលេខាដោយ លោក អ៊ុំ មាន រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈកាលពីថ្ងៃទី២៥ ធ្នូ បានបញ្ចាក់ថា កិច្ចប្រជុំនេះនឹងពិភាក្សាទៅលើការតវ៉ាអំពីការដំឡើងបា្រក់ឈ្នួលអប្បបរមា នៅទីស្តីការក្រសួងការងារ វេលាម៉ោង៣រសៀលថ្ងៃទី២៧ ធ្នូ ២០១៣ ។
ជាការកត់សម្គាល់ ការកោះមេដឹកនំាសហជីពខាងលើចូលរួមប្រជុំនេះ បានធ្វើឡើងបន្ទាប់ពីរលកនៃការធ្វើបាតុកម្ម បានផ្ទុះឡើងជាច្រើនខេត្ត-រាជធានីរយៈពេលពីរថ្ងៃមកហើយ ក្រោយពេលពួកគេ មិនពេញចិត្តនឹងការដំឡើងបា្រក់ខែគោលអប្បបរមាត្រឹម៩៥ដុល្លារនិងការដំឡើងជាដំណាក់កាលៗដល់ឆ្នាំ២០១៨ ទើបទទួលបាន១៦០ដុល្លារនោះ ៕
ចែករំលែកព័តមាននេះ