រាជធានីភ្នំពេញ ៖ ពិធីការិនី និងជាតារាសម្តែង ឈិត សុជាតា មួយរយៈនេះបានផ្លាស់ប្តូរស្ទីលសម្តែង ថ្មីៗគួរឱ្យចាប់អារម្មណ៍ ។ ពីមុនសុជាតា គ្រាន់តែជាអ្នកចាប់អាជីពអត្ថាធិប្បាយទូរទស្សន៍ និងសម្តែងប៉ុណ្ណោះ ប៉ុន្តែចុងក្រោយនេះ នាងក្តាប់មុខរបរសិល្បៈថ្មីមួយចំនួនទៀតដូចជាច្រៀង និងបង្ហាញម៉ូដនៅក្រុមសុ៊បពើម៉ូដែលរបស់កញ្ញាឌួង ហ្សូរីដា ។ ខណៈពេលកំពុងអភិវឌ្ឍខ្លួននេះឈិត សុជាតា បង្ហាញអារម្មណ៍ព្រួយចិត្តខ្លះ នៅពេលការច្រៀងរបស់នាងនៅមានកម្រិត ហើយបូករួមការច្រៀងផង រាំផង ជាកត្តាដែលធ្វើឱ្យនាងពិបាកក្នុងការហាត់រៀន ស្របពេលដែលនាងមិនសូវមានជំនាញនោះ ។
សម្រាប់តារាសម្តែង ឈិត សុជាតា ការច្រៀងគឺជាអាជីពមួយដែលនាងមិនសូវទុកចិត្តខ្លួនឯងដូចជាការសម្តែងប៉ុន្មានឡើយ ព្រោះការច្រៀងរាំនាងមិនសូវជាមានជំនាញ ។ កន្លងមក សុជាតាមិនសូវអើពើជាមួយការច្រៀងរាំនៅតាមកញ្ចក់ទូរទស្សន៍ប៉ុន្មានទេ បើទោះជាមានគេទាក់ទងឡើងសម្តែងក្នុងកម្មវិធីផ្សាយបន្តផ្ទាល់ ម្តងៗក្តី ដូច្នេះហើយទើប យូរៗគេឃើញនាងឡើងច្រៀងម្តង ។ ទោះជាយា៉ងណាក្តី ដោយមើលឃើញថា អ្នកសិល្បៈនាពេលបច្ចុប្បន្ន ម្នាក់ៗ ចេះច្រើនជំនាញនោះ ឈិត សុជាតា ចាប់ផ្តើមបោះជំហានរៀបចំវិវឌ្ឍខ្លួនឱ្យដូចគេដែរ ។ ការខំប្រឹងប្រែងរបស់សុជាតារីកលូតលាស់ទៅមុខ ហើយមានឱកាសឡើងច្រៀងតាមទូរទស្សន៍ជារឿយៗ ។
តារាសម្តែងមានប្រភពកំណើតនៅខេត្តតាកែវរូបនេះបញ្ជាក់ថា ពីមុននាងកម្រឡើងច្រៀងណាស់ ព្រោះសំឡេងរបស់នាងមិនសូវល្អទេ បានសម្តែង និងការតុបតែខ្លួនយោង ។ ពេលគេហៅច្រៀងតាមទូរទស្សន៍ ម្តងៗនាងបុកពោះណាស់ខ្លាចច្រៀងខុសចង្វាក់ ។ ប៉ុន្តែខណៈដែលមិត្តសិល្បៈមួយចំនួនគេប្រឹងប្រែងចេះច្រៀងគ្រប់គ្នា ទើបសុជាតា ខំហាត់រៀនរាំនិងច្រៀងដើម្បីឱ្យមើលទៅនៅលើឆាកឱ្យរស់រវើកដូចគេដូចឯង ។ ឱ្យតែច្រៀងបទញាក់ ម្តងៗនាងបារម្ភណាស់ព្រោះបទញាក់ត្រូវឱ្យមានភាពរហ័សរហួន រាំផង ច្រៀងផង គឺហត់ណាស់ ។ ទោះជាយា៉ងណាក្តីអាជីពថ្មី បើទោះជានាងនៅខ្វះខាតមួយចំនួន តែនាងនឹងព្យាយាម ហើយយូរទៅគង់តែបានសម្រេច និងសាំុជាមួយអាជីពនេះមិនខាន ។ ការច្រៀងរាំ និងដើរម៉ូដស្រួលម្យ៉ាងដែរចំណាយពេល មួយភ្លែតៗ អត់ចំណាយពេលយូរឡើយ គឺស្រួលយកលុយ បើសម្តែងវិញចាយពេលច្រើន ។ ទោះជាយ៉ាងណាក្តី នាងយល់ថា សិល្បៈមិនថាផ្នែកអ្វីទេ គឺកើតចេញពីការតស៊ូ និងអត់ធ្មត់ទើបទទួលបានជោគជ័យ និងមានប្រជាប្រិយភាព ។
បេក្ខនារីប្រចាំកម្មវិធីពានរង្វាន់អប្សរា ឈិត សុជាតា ថ្លែងថា ឆ្លងកាត់ការបង្ហាញសមត្ថភាពប្រជែងគ្នាដណ្តើមយកពានរង្វាន់ឆ្នើមប្រចាំទូរទស្សន៍អប្សរា នាងចេះទម្រង់សិល្បៈបានច្រើនគួរសម មានទាំងយីកេ របាំ សៀក និងច្រៀង ដោយបានអ្នកដឹកនាំបង្ហាត់បង្រៀន ។ ពិសេសផ្នែកចម្រៀងនាងរីកចម្រើនជាងមុន ហើយហា៊នឡើងច្រៀងតាមទូរទស្សន៍ញឹកញាប់ដូចគេ ។ ពីមុនឱ្យតែគេហៅច្រៀង នាងបដិសេធអត់ទៅទេប្រាប់គេថា ច្រៀងមិនកើត តែឥឡូវឱ្យតែគេហៅច្រៀងទៅយ៉ាងលឿនដូចជាហាត់ផងច្រៀងផងយូរទៅពិតជាស្ទាត់៕
ចែករំលែកព័តមាននេះ