ខេត្តបន្ទាយមានជ័យ ៖ ២នាក់ ឪពុក និងកូនប្រុសអាយុ ៤ឆ្នាំ បានស្លាប់បាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែង ខណៈដែលជិះម៉ូតូទៅបុករថយន្តពីក្រោយ ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៧ និង ២០នាទី យប់ថ្ងៃទី១២ ធ្នូ ២០១៣ នៅលើកំណាត់ផ្លូវជាតិលេខ៦ ខាងលិចស្ពានត្បែងចម្ងាយ ១០០ម៉ែត្រ ស្ថិតក្នុងភូមិរំដួល ឃុំភ្នំលាភ ស្រុកព្រះនេត្រព្រះ។
តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលចរាចរណ៍ស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា ជនរងគ្រោះជាឪពុកឈ្មោះ ទូ លូ អាយុ ២៩ឆ្នាំ រស់នៅភូមិអន្លង់សារ ឃុំភ្នំលាភ ជិះម៉ូតូម៉ាកស្មាស់រីវ៉ូ ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរពីទិសខាងលិចទៅកើត រួមដំណើរជាមួយកូនប្រុសម្នាក់អាយុទើបតែ ៤ឆ្នាំ។
មុនពេលកើតហេតុ ២នាក់ ឪពុក និងកូន បានបើកម៉ូតូទៅមើលប្រពន្ធ និងម្តាយ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ លុះពេលត្រលប់មកវិញ បានឈប់អង្គុយលេងនៅផ្ទះបងប្អូននៅភូមិព្រៃមាន់ ឃុំរហាល ស្រុកព្រះនេត្រព្រះ ដោយមានកម្មវិធីផឹកស៊ីបន្តិចបន្តួច រួចបានឌុបកូនបន្តទៅផ្ទះ ខណៈពេលមកដល់ចំណុចកើតហេតុ ក៏បានបើកម៉ូតូទៅបុករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ពងមាន់លាយស ដឹកស្រូវលើសចំណុះបែកកង់ក្រោយផ្នែកខាងស្តាំទាំង២ ដោយឈប់ចតមិនដាក់ភ្លើងបំភ្លឺ ឬសញ្ញាសម្គាល់អ្វីទាំងអស់ ទើបអ្នកបើកម៉ូតូមើលមិនឃើញ ហើយបើកបរលឿនស្ថិតក្នុងភាពស្រវឹងផងនោះ បណ្តាលឲ្យបុករថយន្តពេញទំហឹង ស្លាប់ភ្លាមៗនៅនឹងកន្លែងក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម។
សាកសពឪពុក និងកូន ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលស្រុកព្រះនេត្រព្រះ ដឹកតាមរថយន្តរបស់មន្ទីរទេព្យបង្អែក យកទៅគេហដ្ឋាន នៃសព ដើម្បីឲ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕
ចែករំលែកព័តមាននេះ