ខេត្តប៉ៃលិន ៖ ក្មេងទំនើងពីរក្រុមដែលម្ខាងជាសិស្សរៀននៅខេត្តប៉ៃលិន និងម្ខាងទៀតជាសិស្សមកពីខេត្តបាត់ដំបង បានដេញវាយកាប់ចាក់គ្នា រត់ប្រសាច និងបណ្តាលឱ្យយុវជនម្នាក់រងរបួសដាច់ស្បែកក្បាលដេរអស់ចំនួន៤ថ្នេរ ។ ចំណែកជនបង្កហេតុ និងបក្ខពួកសរុបចំនួន១០នាក់ត្រូវបានប៉ូលិសព្រហ្មទណ្ឌកម្រិតធ្ងន់សហការជាមួយប៉ូលិសព្រហ្មទណ្ឌកម្រិតស្រាលស្ទាក់ចាប់បាន ។
ហេតុការណ៍ក្មេងទំនើងផ្ទុះជម្លោះកាប់ចាក់គ្នានេះ កើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី៤ ធ្នូ នៅក្នុងបរិវេណវិទ្យាល័យហ៊ុន សែន ក្រុងទេពនិម្មិត ស្ថិតក្នុងសង្កាត់ទួលល្វា ក្រុងប៉ៃលិន ។ ក្រោយពីទទួលពាក្យបណ្តឹងភ្លាម សមត្ថកិច្ចក៏ឃាត់ខ្លួនពួកគេទាំង១០នាក់បាននៅវេលាម៉ោង១១និង១៥នាទីព្រឹក ថ្ងៃដដែល នៅលើផ្លូវជាតិលេខ៥៧ក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។
ក្មេងទំនើងទាំង១០នាក់នេះមាន ១-ឈ្មោះ ម៉ម មករា ភេទប្រុស អាយុ២២ឆ្នាំ ជាសិស្សថ្នាក់ទី៩ រស់នៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ២-ឈ្មោះ រតនៈ ភក្តី ភេទប្រុស អាយុ១៤ឆ្នាំ ជាសិស្សថ្នាក់ទី៩ រស់នៅភូមិអូរចារ ឃុំអូរចារ ស្រុកអូរចារ ខេត្តបាត់ដំបង ៣-ឈ្មោះ មៃ ចំរើន ភេទប្រុស អាយុ១៥ឆ្នាំ ជាសិស្សថ្នាក់ទី៩ រស់នៅភូមិព្រែកខ្ពប ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង ៤-ឈ្មោះ ចិន សុខហេង ភេទប្រុស អាយុ១៥ឆ្នាំ ជាសិស្សថ្នាក់ទី៩, ៥-ឈ្មោះ ម៉ន ជៀនធី ភេទប្រុស អាយុ១៤ឆ្នាំ ជាសិស្សថ្នាក់ទី ៩ ទាំងពីរនាក់រស់នៅភូមិកាប់គោ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ៦-ឈ្មោះ ម៉ាច ចាន់កាម៉ាន់ដូ ភេទប្រុស ជាសិស្សថា្នក់ទី៩ រស់នៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ស្រុកបាត់ដំបង ខេត្តបាត់ដំបង ៧-ឈ្មោះ សេង តារា ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្សថ្នាក់ទី៩ ៨-ឈ្មោះ អែម សីហា ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្សថ្នាក់ទី៩ ទាំងពីរនាក់រស់នៅភូមិចម្ការសំរោង សង្កាត់ចម្ការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ៩-ឈ្មោះ ពេជ្រ រស្មី ភេទប្រុស អាយុ១៥ឆ្នាំ ជាសិស្សថ្នាក់ទី៩ រស់នៅភូមិរំចេក៣ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង និង១០-ឈ្មោះ ណាង មុន្នី ភេទប្រុស អាយុ១៥ឆ្នាំ ជាសិស្សថ្នាក់ទី៩ រស់នៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ជាអ្នកបង្កហេតុ ដោយយកខ្សែក្រវាត់វាយទៅលើជនរងគ្រោះបណ្តាលឱ្យបែកក្បាល ។
ចែករំលែកព័តមាននេះ