ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេជ្រ​ ​សោភា​ ត្រូវ​​គេ​បណ្តេញ​​ចេញ​ពី​​ផលិត​កម្ម​​ហង្ស​មាស​​ឬ​ ?

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ បន្ទាប់​ពី​បុរស​ម្នាក់​បង្ហោះ​ព័ត៌​មាន​បង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​មហា​ជន​ថា​ តារា​ចម្រៀង​ចាស់​វស្សា​នាង​ពេជ្រ​ សោភា​ ត្រូវ​គេ​បណ្តេញ​ចេញ​ពី​ផលិត​កម្ម​ហង្ស​មាស​ ដោយ​សារ​តែ​នាង​មាន​និន្នា​ការ​នយោ​បាយ​នោះ​ តារា​ចម្រៀង​ដែល​មាន​ប្រភព​ចេញ​ពី​ក្មេង​លក់​ទឹក​អំពៅ​រូប​នេះ​បាន​ឆ្លើយ​តប​ និង​បក​អាក្រាត​បុរស​នោះ​វិញ​ ។

រាជធានីភ្នំពេញ​ ៖ បន្ទាប់​ពី​បុរស​ម្នាក់​បង្ហោះ​ព័ត៌​មាន​បង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​មហា​ជន​ថា​ តារា​ចម្រៀង​ចាស់​វស្សា​នាង​ពេជ្រ​ សោភា​ ត្រូវ​គេ​បណ្តេញ​ចេញ​ពី​ផលិត​កម្ម​ហង្ស​មាស​ ដោយ​សារ​តែ​នាង​មាន​និន្នា​ការ​នយោ​បាយ​នោះ​ តារា​ចម្រៀង​ដែល​មាន​ប្រភព​ចេញ​ពី​ក្មេង​លក់​ទឹក​អំពៅ​រូប​នេះ​បាន​ឆ្លើយ​តប​ និង​បក​អាក្រាត​បុរស​នោះ​វិញ​ ។​ មុន​នឹង​ឆ្លើយ​តប​ស្ទើរ​ក្លាយ​ជា​ជម្លោះ​យ៉ាង​ក្តៅ​គគុក​នេះ​ បុរស​ម្នាក់​បាន​ប្រើ​ប្រាស់​គណ​នេយ្យ​ហ្វេស​ប៊ុក​របស់​ខ្លួន​ បង្ហោះ​ព័ត៌​មាន​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​មួយ​ ដែល​អះ​អាង​ថា​ ពេជ្រ​ សោភា​ ត្រូវ​គេ​បណ្តេញ​ចេញ​ពី​ហង្ស​មាស​ហើយ​ ដោយ​សារ​នាង​ប្រកាន់​និន្នា​ការ​នយោ​បាយ​ ។​

បុរស​រូប​នោះ​សរ​សេរ​ថា​ «មាត់​និយាយ​ថា​ មិន​ប្រកាន់​និន្នា​ការ​នយោ​បាយ​» តែ​តារា​ចម្រៀង​ពេជ្រ​​ សោភា​ ត្រូវ​ផលិត​កម្ម​រស្មី​ហង្ស​មាស​ បណ្តេញ​ចេញ​ហើយ !​ ពិត​ជា​គួរ​ឱ្យ​សោក​ស្តាយ​ខ្លាំង​ណាស់​ ។​ ខ្ញុំ​សូម​ប្រកាស​ថា​ ខ្ញុំ​ឈប់​គាំទ្រ​ផលិត​កម្ម​រស្មី​ហង្ស​មាស​ទៀត​ហើយ​ ចាប់​ពី​ពេល​នេះ​ទៅ​ ។​ មុន​នឹង​ឈាន​ដល់​ការ​បង្ហោះ​ព័ត៌​មាន​នោះ​ ពេជ្រ​ សោភា​ ត្រូវ​សារ​ព័ត៌​មាន​នៅ​ក្នុង​ស្រុក​មួយ​ចុះ​ផ្សាយ​ដោយ​ដាក់​ចំណង​ជើង​ ធំៗ​ថា​ ទំនង​ជា​មាន​និន្នា​ការ​ទៅ​រក​បក្ស​សង្គ្រោះ​ជាតិ​ បន្ទាប់​ពី​នាង​បាន​សហ​ការ​ជាមួយ​តារា​មួយ​រូប​ដែល​ចេញ​មុខ​យ៉ាង​ពេញ​ទំហឹង​គាំទ្រ​បក្ស​ប្រឆាំង​ ក្នុង​ន័យ​កៀង​គរ​ស្វែង​រក​ជំនួយ​ជួយ​ជន​រង​គ្រោះ​ដោយ​សារ​ទឹក​ជំនន់​ក្នុង​ប្រទេស​កម្ពុជា​ ។​
អត្ថបទ​មួយ​នោះ​ធ្វើ​ឱ្យ​ពេជ្រ​ សោភា​ ស្រក់​ទឹក​ភ្នែក​ និង​បាន​ឆ្លើយ​តប​វិញ​តាម​រយៈ​វីដេអូ​ឃ្លីប​បង្ហោះ​តាម​ហ្វេស​ប៊ុក​របស់​នាង​ពី​អាមេរិក​ ក្នុង​ពេល​ដែល​នាង​កំពុង​តែ​ច្រៀង​នៅ​ទីនោះ​ ។​ ពេជ្រ​ សោភា​ អះ​អាង​ថា​ ការ​ស្វែង​រក​ជំនួយ​ គឺ​ធ្វើ​ឡើង​ដោយ​ចេញ​ពី​ចិត្ត​របស់​នាង​ផ្ទាល់​ និង​មិន​ប្រកាន់​និន្នា​ការ​នយោ​បាយ​ខាង​ណា​ឡើយ​ ។ ជំនួយ​ដែល​នាង​រក​បាន​ នាង​នឹង​ប្រគល់​ដោយ​ផ្ទាល់​ដៃ​ដល់​ប្រជា​ពល​រដ្ឋ​ដែល​រង​គ្រោះ​ដោយ​ទឹក​ជំនន់​នៅ​ក្នុង​ឆ្នាំ​នេះ​ ។​ រឿង​ហេតុ​នោះ​ហើយ​ ដែល​ធ្វើ​ឱ្យ​បុរស​ម្នាក់​នោះ​សរសេរ​បង្អើល​ដល់​ស្រទាប់​មហា​ជន​ថា​ តារា​ចម្រៀង​ពេជ្រ​ សោភា​ ត្រូវ​គេ​បណ្តេញ​ចេញ​ពី​ផលិត​កម្ម​ហង្ស​មាស​ ដោយ​មាន​និន្នា​ការ​នយោ​បាយ​ ។​ ដោយ​សារ​ឃើញ​គេ​សរសេរ​បែប​នោះ​ ពេជ្រ​ សោភា​ ក្តៅ​ស្លឹក​ត្រចៀក​ ក៏​បក​អាក្រាត​បុរស​រូប​នោះ​វិញ​ ។​ ពេជ្រ​ សោភា​ ប្រើ​ប្រាស់​គណ​នេយ្យ​ហ្វេស​ប៊ុក​របស់​នាង​ សរសេរ​បក​អាក្រាត​បុរស​រូប​នោះ​វិញ​ថា​ «ចង់​ដឹង​អ្នក​សរសេរ​ជា​អ្នក​ណា​ទេ?​ អ្នក​សរសេរ​នោះ​មិន​ទាន់​សង​លុយ​ម្តាយ​ខ្ញុំ​ និង​បង​ស្រី​ខ្ញុំ​ មិន​ទាន់​សង​គ្រប់​ទេ​ ។ បើ​យក​ល្អ​ មក​សង​ប្រាក់​គ្រួសារ​ខ្ញុំ​សិន​ទៅ​ ។ ខ្ញុំ​ជួយ​អ្នក​ណា​ម្នាក់​ ខ្ញុំ​មិន​ដែល​គិត​ថា​ ចង់​បាន​ការ​តប​ស្នង​វិញ​ទេ​ តែ​អ្នក​កាសែត​ម្នាក់​នេះ​ ធ្លាក់​សុំ​ជ្រក​កោន​នៅ​ក្នុង​ផ្ទះ​របស់​ខ្ញុំ​ ដើម្បី​បន្ត​ការ​សិក្សា​ ក្រោយ​ពេល​រៀន​ចប់​ មាន​ចំណេះ​ដឹង​គួរ​សម​ បែរ​ជា​សរសេរ​ព័ត៌​មាន​មិន​ពិត​ពី​នាង​ខ្ញុំ​ពេជ្រ​ សោភា​ ដែល​ធ្លាប់​ជា​អ្នក​មាន​គុណ​របស់​គេ​ទៅ
​វិញ​» ។​

ដោយ​ឡែក​ពាក់​ព័ន្ធ​ទៅ​នឹង​រឿង​រ៉ាវ​ដែល​ថា​ ពេជ្រ​ សោភា​ ត្រូវ​បណ្តេញ​ចេញ​ពី​ផលិត​កម្ម​ហង្ស​មាស​នោះ​ អ្នក​ចាត់​ការ​ទូទៅ​របស់​ផលិត​កម្ម​​នេះលោក អុិន​ ទីតូ​ បាន​សម្តែង​ការ​ភ្ញាក់​ផ្អើល​ និង​បដិសេធ​ចោល​ការ​ចោទ​នាង​ពេជ្រ​ សោភា​ បែប​នោះ​ ។​ អ្នក​ចាត់​ការ​វ័យ​ក្មេង​រូប​នេះ​ អះ​អាង​ប្រាប់​កោះ​សន្តិ​ភាព​តាម​ទូរ​ស័ព្ទ​កាល​ពី​ពេល​ ថ្មីៗ​នេះ​ថា​ ពេជ្រ​ សោភា​ មិន​ត្រូវ​ក្រុម​ហ៊ុន​បញ្ឈប់​ការ​ងារ​ឡើយ​ គឺ​នាង​នៅ​តែ​ច្រៀង​នៅ​ក្នុង​ផលិត​កម្ម​លោក​ដដែល​ ។​ លោក​បាន​សម្តែង​ការ​ភ្ញាក់​ផ្អើល​ពេល​ឮ​ព័ត៌​មាន​នេះ​ ហើយ​លោក​ក៏​ចង់​ដឹង​ច្បាស់​ដែរ​ថា​ ព័ត៌​មាន​នេះ​ចេញ​ពី​ប្រភព​ណា​ ហើយ​គេ​បង្កើត​ព័ត៌​មាន​នេះ​ក្នុង​គោល​បំណង​អ្វី​ ខណៈ​ពេល​ដែល​ក្រុម​ហ៊ុន​របស់​លោក​កំពុង​តែ​ត្រៀម​ចេញ​បទ​ចម្រៀង​ ថ្មីៗ​បន្ថែម​ទៀត​ សម្រាប់​តារា​ចម្រៀង​ពេជ្រ​ សោភា​ ក៏​ដូច​ជា​តារា​ចម្រៀង​ទាំង​អស់​នៅ​ក្នុង​ផលិត​កម្ម​ហង្ស​មាស​ ៕​