ស្ថានការណ៍នយោបាយនៅក្នុងប្រទេសថៃ បច្ចុប្បន្នកំពុងរំកិលទៅរកសភាពជាធម្មតាវិញ ក្រោយពីតុលាការធម្មនុញ្ញបដិសេធការរំលាយគណបក្សភឿថៃ និងឱ្យបន្តការធ្វើវិសោធនកម្ម នាពេលអនាគត ។ នេះជាសក្ខីភាពមួយបង្ហាញឱ្យឃើញពីជ័យជម្នះរបស់លោកស្រីយីងឡាក់ សុីណាវ៉ាត្រា នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ។
ស្របពេលជាមួយគ្នានេះ ទីភ្នាក់ងារព័ត៌មានបរទេសជាច្រើន បានចុះផ្សាយពីលទ្ធផលនៃការសម្រេចរបស់តុលាការធម្មនុញ្ញថៃ ដោយរៀបរាប់ថា «គណបក្សភឿថៃ របស់រដ្ឋាភិបាលបានរួចផុតពីការរំលាយ និងមិនទទួលផលប៉ះពាល់ពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ» ។
ក្រៅពីនេះ ប្រព័ន្ធផ្សព្វផ្សាយនានាក៏បានកត់សម្គាល់លើហេតុការណ៍ទំនាស់ផ្នែកនយោបាយដែលបានអូសបន្លាយពេលដ៏យូរកន្លងមក ដោយទីភ្នាក់ងារព័ត៌មាន AFP បានបញ្ជាក់ថា ការសម្រេចលើកនេះ ធ្វើឱ្យក្រុមអ្នកនយោបាយទាំង២ភាគីមានការពេញចិត្ត ប៉ុន្តែអ្នកវិភាគមានជំនឿថា គ្រាន់តែជាដំណោះស្រាយបញ្ហាក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ រីឯការតស៊ូផ្នែកនយោបាយរបស់ភាគីទាំង២ នៅតែបន្ត ។ ចំណែក BBC បានវិភាគថា តុលាការធម្មនុញ្ញរបស់ថៃ មានអំណាចកំណត់លើដំណើរការនយោបាយមួយប្រភេទដ៏កម្រជួបនៅក្នុងប្រទេសដទៃ ។ កន្លងមក តុលាការនេះធ្លាប់សម្រេចឱ្យរំលាយគណបក្សថៃរ៉ាក់ថៃ កាលពីឆ្នាំ២០០៧ និងគណបក្សកម្លាំងប្រជាជននៅឆ្នាំ២០០៨ ។
ខណៈដែលស្ថានការណ៍នយោបាយថៃ ចាប់ផ្តើមធូរស្រាល ក្រោយពីតុលាការធម្មនុញ្ញសម្រេចបដិសេធលុបចោលការរំលាយគណបក្សភឿថៃ និងអនុញ្ញាតឱ្យមានវិសោធនកម្មផ្នែកច្បាប់ ស្របតាមគន្លងនៃការដឹកនាំប្រទេសបន្ត កាលពីថ្ងៃទី២០ វិច្ឆិកា ខាងក្រុមបាតុករដែលទ្រទ្រង់រដ្ឋាភិបាល ឬក្រុមអាវក្រហម បានប្រកាសបំបែកជួរក្រុមរបស់ខ្លួនដែរ ប៉ុន្តែពួកគេគូសបញ្ជាក់ជាចុងក្រោយថា នឹងត្រឡប់មកជាថ្មី ដើម្បីជំរុញឱ្យរដ្ឋាភិបាលធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៃមាត្រា២៩១ ។
លោកចាទូផន ព្រំផាន់ មេដឹកនាំក្រុមបាតុករអាវក្រហម ថ្លែងថា សុំឱ្យក្រុមអាវក្រហមត្រៀមខ្លួន វិលត្រឡប់មកជាថ្មី ប្រសិនបើមានការចង់ផ្តួលរំលំរដ្ឋាភិបាលទៀត ។ ស្របពេលជាមួយគ្នា លោកចាទូផន ក៏បានផ្តាំផ្ញើដល់លោកស៊ូថេប ធឿកស៊ូបាន មេដឹកនាំក្រុមបាតុករប្រឆាំងនឹងច្បាប់លើកលែងទោស ឬក្រុមអាវលឿងថា ប្រសិនបើលោកស៊ូថេប ព្រមឈប់ ក្រុមអាវក្រហមក៏ឈប់ បើមិនឈប់ យើងនឹងប៉ះគ្នាជាថ្មី ខណៈពេលជំហរបស់ក្រុមបាតុករអាវក្រហមបញ្ជាក់ថា ត្រូវធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលកើតឡើងពីការធ្វើរដ្ឋប្រហារ និងទ្រទ្រង់ដល់សភារបស់រដ្ឋាភិបាល ឱ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ មាត្រា២៩១ ក្នុងជំពូកទី៣បន្ត ។
ដោយឡែក កាសែតញូ៉វយ៉កថែម បានចុះផ្សាយពីស្ថានភាពទូទៅនៅក្នុងប្រទេសថៃ ទាក់ទងនឹងបញ្ហានយោបាយថា វាកំពុងក្លាយជាទម្លាប់ និងជាប្រពៃណីរបស់ថៃទៅហើយ ។ ប្រសិនបើមានការមិនពេញចិត្តលើនរណាម្នាក់ ពួកគេក៏នាំគ្នាចេញធ្វើបាតុកម្មបណ្តេញចេញជំនួសការបោះឆ្នោត ដែលជាគោលការណ៍ប្រជាធិបតេយ្យ ៕
ចែករំលែកព័តមាននេះ