ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រ្ដី​វ័យ​ក្មេង​ចាញ់​បោក​ប្ដី​ហេង​ស៊យ​បាន​កូន​2នាក់​បោះបង់​​នាង​ចោល​ ​ស្មារលា​មនុស្ស​មិន​ស្គាល់​សាវតារ​

11 ឆ្នាំ មុន

ខេត្ដ​ប៉ៃលិន​ ៖ ស្រ្ដី​វ័យ​ក្មេង​ម្នាក់​ ត្រូវ​ប្ដី​ហេង​ស៊យ​បោះ​បង់​ចោល​បន្ទាប់​ពី​ឆ្អែតឆ្អន់​ និង​បាន​ទៅ​រស់​នៅ​ជា​មួយប្រពន្ធ​ដើម​វិញ​ ខណៈ​ដែល​នាង​សម្រាល​កូន​ទី​២​បាន​រយៈ​ពេល​១​ខែ​ ដោយ​ទុក​ឱ្យ​នាង​និងកូន​ទាំង​២​នាក់​រស់​នៅ​យ៉ាង​លំបាក​វេទនា​ កណ្ដោច​កណ្ដែង​ ស៊ី​អត់​ស៊ី​ឃ្លាន​ រក​ព្រឹក​ខ្វះ​ល្ងាច​ រក​ល្ងាច​ខ្វះ​ព្រឹក​ ។​ សព្វ​ថ្ងៃ​នេះ​​​​​​​​​​​បាន​អ្នក​ភូមិ​ចិត្ដ​បុណ្យ​ឱ្យ​ផ្ទះ​នាង​ស្នាក់​នៅ​បណ្ដោះ​អាសន្ន​ ប៉ុន្ដែ​ល្គឹក​ណា​

ខេត្ដ​ប៉ៃលិន​ ៖ ស្រ្ដី​វ័យ​ក្មេង​ម្នាក់​ ត្រូវ​ប្ដី​ហេង​ស៊យ​បោះ​បង់​ចោល​បន្ទាប់​ពី​ឆ្អែតឆ្អន់​ និង​បាន​ទៅ​រស់​នៅ​ជា​មួយប្រពន្ធ​ដើម​វិញ​ ខណៈ​ដែល​នាង​សម្រាល​កូន​ទី​២​បាន​រយៈ​ពេល​១​ខែ​ ដោយ​ទុក​ឱ្យ​នាង​និងកូន​ទាំង​២​នាក់​រស់​នៅ​យ៉ាង​លំបាក​វេទនា​ កណ្ដោច​កណ្ដែង​ ស៊ី​អត់​ស៊ី​ឃ្លាន​ រក​ព្រឹក​ខ្វះ​ល្ងាច​ រក​ល្ងាច​ខ្វះ​ព្រឹក​ ។​ សព្វ​ថ្ងៃ​នេះ​​​​​​​​​​​បាន​អ្នក​ភូមិ​ចិត្ដ​បុណ្យ​ឱ្យ​ផ្ទះ​នាង​ស្នាក់​នៅ​បណ្ដោះ​អាសន្ន​ ប៉ុន្ដែ​ល្គឹក​ណា​ម្ចាស់​គេ​ត្រូវ​ការ​វិញ​ នឹង​ឱ្យ​នាង​និង​កូន​ទាំង​២​នាក់​ចេញ​ទៅ​រស់​នៅ​កន្លែង​ផ្សេង​ ។​

ស្រ្ដី​ដែល​ត្រូវ​ប្ដី​បោះ​បង់​ចោល​នេះ​ឈ្មោះ​ ហ៊ុល​ យ៉ា​ អាយុ​ ២៩​ឆ្នាំ​ ជា​អ្នក​ដើរ​បោក​ខោអាវ​តាម​ផ្ទះ​ មាន​កូន​ប្រុស​២​នាក់​ម្នាក់​ឈ្មោះ​ រឿ​ រ៉ាន់​  អាយុ ៣​ឆ្នាំ​ និង​ម្នាក់​ទៀត​ឈ្មោះ​ រឿ​ រ៉ុង​ អាយុ​ ៧ខែ​ ។​ នាង​មាន​ស្រុក​កំណើត​នៅ​ស្រុក​ឯក​ភ្នំ​ ខេត្ដ​បាត់​ដំបង​ ចំណែក​ប្ដី​ហេង​ស៊យ​ឈ្មោះ​ រ៉េត​ រឿ​ អាយុ​ ៥៣​ឆ្នាំ​ មាន​ស្រុក​កំណើត​នៅ​ខេត្ដ​កំពង់​ចាម​ ទាំង​២​នាក់​មក​រស់​នៅ​ខេត្ដ​ប៉ៃលិន​​អស់​រយៈ​ពេល​​៦​ឆ្នាំ​ហើយ​ ដោយ​យក​គ្នា​ជា​ប្ដី​ប្រពន្ធ​មិន​បាន​រៀប​ការ​ និង​រស់​នៅ​ភូមិ​ប៉ាហ៊ីជើង​ សង្កាត់​ប៉ៃលិន​ ក្រុង​ប៉ៃលិន​ ។​

សូម​បញ្ជាក់​ថា​ ស្រ្ដី​រង​គ្រោះ​នេះ​ជា​ប្រពន្ធ​ទី​៤​ ដែល​ប្រពន្ធ​ទី​១​-ឈ្មោះ​ រម្យ​ អាយុ​ជាង​ ៤០​ឆ្នាំ​ មាន​កូន​៤​នាក់​ (ប្រុស​២​នាក់​ ស្រី​២​នាក់​)​ រស់​នៅ​ខេត្ដ​កំពង់​ចាម​ ប្រពន្ធ​ទី​២​និង​ទី​៣​ រស់​នៅ​ខេត្ដ​កំពង់​ចាម​ដែរ​ បាន​ស្លាប់​ដោយ​សារ​ជំងឺ​  ។​ ស្រ្ដី​ដែល​ត្រូវ​ប្ដី​ហេងស៊យ​បោះ​បង់​ចោល​ទៅ​រួម​រស់​ជា​មួយ​ប្រពន្ធ​ទី​១​វិញ​នេះ​បាន​រៀប​រាប់​ថា​ នាង​មាន​ស្រុក​កំណើត​នៅ​ខេត្ដ​បាត់​ដំបង​ ឪពុក​ឈ្មោះ​ តុ​ ហ៊ុល​ ស្លាប់​នៅ​អាយុ​ ៥៩​ឆ្នាំ​ និង​ម្ដាយ​ឈ្មោះ​ ម៉ៅ​ មុំ​ ស្លាប់​នៅ​អាយុ​ ៥០​ឆ្នាំ​ មាន​បង​ប្រុស​ម្នាក់​ឈ្មោះ​ ហ៊ុល​ សេង​​ អាយុ​៣១​ឆ្នាំ​ មាន​ប្រពន្ធ​រស់​នៅ​ខេត្ដ​កំពង់​ស្ពឺ​ ។​ ក្រោយ​ពេល​ឪពុក​ម្ដាយ​ស្លាប់​ នាង​បាន​រសាត់​អណ្ដែត​មក​ស៊ី​ឈ្នួល​កាច់​ពោត​ និង​ដក​ដំឡូង​មី​ឱ្យ​គេ​នៅ​ខេត្ដ​​ប៉ៃលិន​កាល​ពី​៦​ឆ្នាំ​មុន​ ។​ ពេល​មក​ស៊ី​ឈ្នួល​ធ្វើ​ជា​កម្មករ​បាន​រយៈ​ពេល​៣​ទៅ​៤​ឆ្នាំ​ ក៏​ស្គាល់​បុរស​ម្នាក់​ធ្វើ​ជា​ជាង​សិប្បកម្ម​នៅ​កន្លែង​មួយ​ លុះ​ពេល​នាង​ស្នាក់​នៅ​ផ្ទះ​ក្បែរ​ផ្ទះ​បុរស​រូប​នោះ​ក៏​ស្គាល់​គ្នា​ក្រោយ​មក​ក៏​យក​គ្នា​ជា​ប្ដី​ប្រពន្ធ​រួម​រស់​ជា​មួយ​គ្នា​ ដោយ​មិន​បាន​រៀប​ការ​អ្វី​ឡើយ។​

បន្ទាប់​ពី​យក​គ្នា​ជា​ប្ដី​ប្រពន្ធ​រួច​មក​ បុរស​ជា​ប្ដី​ហេងស៊យ​នេះ​បាន​សារភាព​ប្រាប់​ថា​ គាត់​មាន​ប្រពន្ធ​មុន​៣​នាក់​រួច​ហើយ​ ដោយ​ប្រពន្ធ​ទី​១​បាន​ឈ្លោះ​ទាស់​ទែង​លែង​លះ​គ្នា​ ក្រោយ​មក​យក​ប្រពន្ធ​ម្នាក់​ទៀត​ តែ​នាង​បានស​្លាប់​ដោយសារ​ជំងឺ​​ ហើយ​បន្ទាប់​ពី​ប្រពន្ធ​ទី​២​ស្លាប់​ គាត់​បាន​យក​ប្រពន្ធ​ទី​៣​ម្នាក់​ទៀត​ក៏​ស្លាប់​ដោយ​សារ​ជំងឺ​ដែរ​ តែ​មិន​មាន​កូន​ទេ​ ។​ ប្រភព​ព័ត៌មាន​ដដែល​បន្ដ​ទៀត​ថា​ លុះ​ពួក​គេ​រួម​រស់​នៅ​ជា​មួយ​គ្នា​រហូត​បាន​កូន​ប្រុស​ម្នាក់​ ប្ដី​រូប​នេះ​ក៏​ឈប់​ធ្វើ​ជា​ជាង​សិប្បកម្ម​ព្រោះ​ផឹក​ស៊ី​អួទីនួ​ខ្លាំង​ពេក​ ថៅកែ​ដេញ​ចេញ​អត់​ឱ្យ​ធ្វើ​ការ​ ក៏​ទៅ​ស៊ី​ឈ្នួល​កាច់​ពោត​ និងដក​ដំឡូង​មី​ជា​មួយ​នាង​ដែរ​ ។​ ក្រោយ​ពី​សម្រាល​បាន​កូន​ប្រុស​ម្នាក់​រួច​ នាង​ក៏​មានទម្ងន់​សម្រាល​បាន​កូន​ប្រុស​ម្នាក់​ទៀត​ ហើយ​ប្ដី​នាង​បាន​បបួល​នាង​ឱ្យ​ទៅ​លេង​ស្រុក​កំណើត​របស់​គាត់​ លុះ​ទៅ​ដល់​ទី​នោះ​ អ្នក​ភូមិ​បាន​បង្ហាញ​ប្រពន្ធ​ដើម​ឱ្យ​ស្គាល់​គ្នា​ ហើយ​ប្រាប់​នាង​ថា​ បុរស​រូប​នេះ​មិន​បាន​លែង​លះ​ជា​មួយ​ប្រពន្ធ​ទី​១​ទេ​ ។​

នាង​ ហ៊ុល​ យ៉ា​ រៀប​រាប់​ទៀត​ថា​ ក្រោយ​ពី​ស្ដាប់​សម្ដី​អ្នក​ភូមិ​រួច​មក​ នាង​រក​និយាយ​អ្វី​លែង​ចេញ​ ព្រោះ​អ្វីៗ​បានជ្រុល​ហួស​អស់​ទៅ​ហើយ​ ។​ ទោះជា​យ៉ាង​ណា​ នាង​បាន​ព្យាយាម​ទៅ​ជួប​ជា​មួយ​ប្រពន្ធ​ទី​១​របស់​គាត់​ ហើយ​គេ​ក៏​អត់​មាន​រក​រឿង​ឈ្លោះ​ទាស់​ទែង​អ្វី​ជា​មួយ​នឹង​នាង​ទេ​ ។​ ពេល​ដែល​នាង​នៅ​លេង​ផ្ទះ​ម្ដាយ​ខាង​ប្ដី​នោះ​អស់​រយៈ​ពេល​ពី​២​ទៅ​៣​ថ្ងៃ​​ ស្រាប់​តែ​ប្ដី​របស់​នាង​បាន​ជេរ​ និង​បណ្ដេញ​នាង​ឱ្យ​ត្រឡប់​ទៅ​ប៉ៃលិន​វិញ​ ។​ ពេល​នោះ​នាង​ប្រាប់​ថា​ អត់​មាន​លុយ​កាក់​អ្វី​ដើម្បី​ធ្វើ​ដំណើរ​ទេ​ ហើយ​ប្ដី​របស់​នាង​ឆ្លើយ​ថា​ លក់​កូន​ទាំង​២​នាក់​នេះ​ឱ្យ​គេ​ទៅ​ ហើយ​យក​លុយ​ទៅ​វិញ​ចុះ​ ។​

គ្រាន់តែ​ឮ​ប្ដី​តិរច្ឆាន​និយាយ​ដូច្នេះ​ ធ្វើ​ឱ្យ​នាង​តូច​ចិត្ដ​យ៉ាង​ខ្លាំង​ និង​បាន​ប្រាប់​ទៅ​វិញ​ថា​ ទោះ​បី​ជា​នាង​ធ្លាក់​ខ្លួន​តោក​យ៉ាក​ រហូត​ដល់​ដាច់​បាយ​ស្លាប់​​ក៏​មិន​មាន​ឈ្មោះ​ថា​ជា​ស្រី​លក់កូន​ឱ្យ​គេ​ដូច​សត្វ​ធាតុ​ដែរ​ ។​ ម៉្យាង​ទៀត​ ពូជ​ពង្ស​វង្ស​ត្រកូល​របស់​នាង​អត់​មាន​អ្នក​ណា​ធ្លាប់​រក​ស៊ី​លក់​កូន​ឱ្យ​គេ​ទេ​ ហើយ​ដោយ​សារ​ប្ដី​គម្រក់​ម្នាក់​នេះ​ដុក​ដាន់​ខ្លាំង​ពេក​ ធ្វើ​ឱ្យ​នាង​ទ្រាំ​ស្នាក់​នៅ​ទី​នោះ​លែង​បាន​ ក៏​ទូរស័ព្ទ​ប្រាប់​ស្រ្ដី​ស្គាល់​គ្នា​ម្នាក់​ដែល​ជា​ម្ចាស់​ផ្ទះ​នាង​ស្នាក់​នៅ​រាល់​ថ្ងៃ​ គេ​បាន​វេរលុយ​ឱ្យ​នាង​ធ្វើ​ដំណើរ​ត្រឡប់​មក​ខេត្ដ​ប៉ៃលិន​វិញ​ ដោយ​ពេល​នោះ​នាង​ទើប​តែ​សម្រាល​កូន​ទី​២​បាន​តែ​១​ខែ​ប៉ុណ្ណោះ​ ។​

ឥឡូវ​នេះ​ ប្ដី​ហេង​ស៊យ​របស់​នាង​រស់​នៅ​ជួប​ជុំ​ប្រពន្ធ​កូន​ដើម​វិញ​ អស់​រយៈ​ពេល​៥​ទៅ​៦​ខែ​ហើយ​ អត់ដែល​ផ្ញើ​លុយ​ សូម្បី​តែ​មួយសេន​ឱ្យ​កូន​ទាំង​២​នាក់​ក៏​អត់​មាន​ដែរ​ ។​ ថ្មីៗ​នេះ​ទៀត​ ប្ដី​រូប​នោះ​បាន​ទូរស័ព្ទ​មក​ជេរ​នាង​ម្ដង​ ដោយ​និយាយ​ចោទ​នាង​ថា​ មាន​ប្រុស​សហាយ​ និង​យក​ប្ដី​ថ្មី​ម្នាក់​ទៀត​ ហើយ​ប្រាប់​ទៀត​ថា​ អត់​ត្រឡប់​មក​រួម​រស់​ជា​មួយ​នាង​តទៅ​ទៀត​ទេ​ គឺ​គេ​រស់នៅ​ជា​មួយ​ប្រពន្ធ​ដើម​វិញ​ ព្រោះ​កូន​ធំៗ​អស់​ហើយ​ ។​ ធាតុ​ពិត​នាង​អត់​មាន​ប្រុស​ឈ្មោល​ ឬ​ប្ដី​ឯ​ណា​ទេ​ គឺ​ប្រឹងប្រែង​រាល់​ថ្ងៃ​ដើរ​ស៊ីឈ្នួល​បោក​ខោអាវ​តាម​ផ្ទះ​ឱ្យ​គេ​ដើម្បី​បាន​លុយ​ចិញ្ចឹម​កូន​ប្រុស​ទាំង​២​នាក់​ ។​

ស្រ្ដី​រង​គ្រោះ​បាន​បញ្ជាក់​ទៀត​ថា​ មួយជីវិត​នេះ​នាង​ឆ្អែត​ចិត្ដ​ហើយ​ក្នុង​ការ​យក​ប្ដី​ចិត្ដ​ឯង​ ដោយ​អត់ស​្គាល់​សាវតារ​ពិត​ប្រាកដ​ ជឿ​លង់​នឹង​ពាក្យ​លួង​លោម​របស់​គេ​ ។​ ទោះ​បី​ជា​យ៉ាង​ណា​ អ្វីៗ​ហួស​អស់​ទៅ​ហើយ​មាន​តែ​ប្រឹង​តស៊ូ​ដើម្បី​ខ្លួន​ឯង​និងកូន​តូចៗ​២​នាក់​ ។​ ម៉្យាង​ទៀត​ ជា​រៀង​រាល់​ថ្ងៃ​នាង​រស់​នៅ​ដោយ​អ្នក​ជិត​ខាង​គេ​អាណិត​អាសូរ​ក៏​ផ្ដល់​ជា​ម្ហូប​អាហារ​សម្រាប់​ចិញ្ចឹម​កូន​២​នាក់​ផងដែរ​ ។​

នាង​បាន​រំលឹក​ដែរ​ថា​ កាត់​សក់​ខុស​១​ខែ​ ធ្វើ​ស្រែ​ខុស​១​ឆ្នាំ​ តែ​យក​ប្ដី​ប្រពន្ធ​បើ​ខុស​គឺ​ខុស​មួយ​ជីវិត​ ដូច្នេះ​យុវជន​យុវនារី​ទាំង​ឡាយ​មុន​នឹង​យក​អ្នក​ណា​ម្នាក់​មកធ្វើ​ជា​គូ​អនា​គត​ត្រូវ​តែ​សម្លឹង​មើល​ឱ្យ​ច្បាស់​ និង​ត្រូវ​ស្គាល់​សាវតារ​គេ​ជា​មុន​សិន​ ដើម្បី​កុំ​ឱ្យ​ទឹក​ភ្នែក​ជូត​ក្បាល​ជង្គង់​ទៅ​ថ្ងៃ​មុខ​ ដូច​ដែល​នាង​បានជួប​នា​ពេល​នេះ​ ៕