កម្ពុជាទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាវាយកូនឃ្លីលើតុ ដណ្ដើមពានរង្វាន់ជើងឯកយុវជនអាស៊ីអាគ្នេយ៍លើកទី១៦ឆ្នាំ២០១០
ដោយ ៖ អប្សរា
ថ្ងៃព្រហស្បត្ត៏ ទី២៧ ខែឧសភា ឆ្នាំ២០១០ ម៉ោង ១៤:៣០

សំអូន
ការប្រកួតជ្រើសរើសជើងឯកយុវជនអាស៊ីអាគ្នេយ៍កីឡាវាយកូនឃ្លីលើតុ
រាជធានីភ្នំពេញ ៖ ការប្រកួតជ្រើសរើសជើងឯកយុវជនអាស៊ីអាគ្នេយ៍កីឡាវាយកូនឃ្លីលើតុលើកទី១៦ ឆ្នាំ២០១០ ដែលកម្ពុជា ទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះនឹងត្រូវចាប់ ផ្ដើមពីថ្ងៃទី៣ ដល់ថ្ងៃទី៧ ខែមិថុនា ខាងមុខនេះនៅពហុកីឡដ្ឋានជាតិអូឡាំពិក ។លោកស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនឃ្លីលើតុបានប្រាប់កោះសន្ដិភាពឱ្យដឹងថា រហូតមកដល់ត្រឹមថ្ងៃនេះ មានប្រទេសដែលបានចុះឈ្មោះមកចូលរួមប្រកួតជាផ្លូវកាចំនួន៨ប្រទេស ហើយក្នុងនោះមានកម្ពុជា ជាម្ចាស់ផ្ទះ បន្ទាប់មកមានឡាវ, ថៃ, វៀតណាម, សិង្ហបុរី, ម៉ាឡេស៊ី, ឥណ្ឌូណេស៊ី និងប្រ៊ុយណេ ។ ក្នុងចំណោមបណ្ដាប្រទេសទាំង៨នេះ សរុបមានកីឡាករ-កីឡាការិនី និងប្រតិភូទាំងអស់១២០នាក់ ។ លោកស៊ុន សុទ្វារិទ្ធ បានបញ្ជាក់បន្ថែមទៀតថា ពេលនេះកម្ពុជាក៏បានត្រៀមរួចជាស្រេចនូវកីឡាករ-កីឡាការិនីសរុបចំនួន១៥នាក់ បូករួមទាំងប្រតិភូ និងគ្រូ២នាក់ទៀតផងនោះមាន ទាំងអស់១៨នាក់ ។
ចំណែកឯវិញ្ញាសាដែល ត្រូវដាក់ឱ្យប្រកួតវិញមានចំនួន១១វិញ្ញាសា ប៉ុន្ដែលោកមិនបានប្រាប់លំអិតថាមាន វិញ្ញាសាអ្វីខ្លះនោះទេ ។លោកអគ្គលេខាធិការបានបញ្ជាក់បន្ថែមទៀតថា ព្រឹត្ដិការណ៍នេះគេរៀបចំធ្វើឡើង១ឆ្នាំម្ដង ។ កម្ពុជាត្រូវបានគេជំរុញឱ្យធ្វើជា ម្ចាស់ផ្ទះម្ដងរួចហើយនៅឆ្នាំ២០០៧ តែយើងអត់មានពេលវេលាគ្រប់គ្រាន់ ។ ប៉ុន្ដែរាល់ព្រឹត្ដិការណ៍នៃការប្រកួតលោកបានបញ្ជូន កីឡាករ-កីឡាការិនីទៅចូលរួមមិនដែលខក ខានម្ដងណាឡើយ ហើយកាលពីប្រកួតនៅប្រទេសប្រ៊ុយណេ ឆ្នាំ២០០៥ យើងទទួលបានមេដាយសំរិទ្ធ១ ដោយកីឡាករ វ៉ាន់ ម៉េង។ ដោយឡែកសំរាប់ការប្រកួតលើកនេះលោក មិនហ៊ានធ្វើការអះអាងថា នឹងទទួលបានលទ្ធផលបែបណានោះទេ ប៉ុន្ដែលោកបានត្រៀម កីឡាករ-កីឡាការិនីល្អៗដែលបច្ចុប្បន្នពួកគេបាននិងកំពុងសម្ងំហ្វឹកហាត់នៅប្រទេសវៀតណាមមានរយៈពេល១ខែមកហើយ ។
ជាមួយនឹងការសួរថា តើយើងអាចមានសង្ឃឹមរកបានមេដាយពីការប្រកួតនេះបានឬក៏អត់នោះ លោកបានឆ្លើយថា វាពិតជាមានការពិបាកបន្ដិចហើយ ពីព្រោះថា ការបណ្ដុះ បណ្ដាលកីឡាករ-កីឡាការិនីម្នាក់ឱ្យទទួល បានកំរិតបច្ចេកទេសល្អនោះ គឺមានការពិបាកខ្លាំងណាស់ ។ លោកបានបញ្ជាក់ថា សហព័ន្ធបានតស៊ូបណ្ដុះបណ្ដាលកីឡាករ-កីឡាការិនី តាំងពីក្មេងៗហើយដល់ពេលពួកគេមានការយល់ដឹងបានល្អហើយត្រូវឪពុកម្ដាយរបស់គេឈប់ឱ្យលេង ។ ម្យ៉ាងវិញទៀតកីឡាករ-កីឡាការិនីខ្លះជាប់រវល់សិក្សាការហ្វឹកហាត់ មិនបានទៀងទាត់ ។ កត្ដាទាំងនេះហើយដែលជាចំណុចអវិជ្ជមានដែលធ្វើឱ្យយើងជួបផលវិបាកយ៉ាងខ្លាំង ។