ទីភ្នាក់ងារព័ត៌មានរបស់ជប៉ុនផ្សាយថា អ្នកដំណើរជាច្រើននាំគ្នារុញទូរថភ្លើងមួយខ្សែមានទម្ងន់ប្រហែល២៩តោន ដើម្បីជួយសង្គ្រោះនារីម្នាក់ធ្លាក់ទៅជាប់នៅចន្លោះរវាងរថភ្លើង និងបញ្ជាររង់ចាំរបស់អ្នកដំណើរនៅស្ថានីយរថភ្លើងមីណាមី-អ៊ូរ៉ារ៉ា ក្នុងទីក្រុងតូក្យូ កាលពីព្រឹកថ្ងៃទី២២ កក្កដា ។ រូបភាពត្រូវគេថតបានបន្ទាប់ពីជួបដោយចៃដន្យនៅកន្លែងកើតហេតុ និងចុះផ្សាយនៅក្នុងកាសែតយ៉ូមីអ៊ូរី ស៊ីមប៊ុន ដ៏ធំបំផុតរបស់ជប៉ុន ។
កាសែតនេះផ្សាយថា មិនយូរប៉ុន្មាន ក្រោយពីប្រកាសសុំការជួយសង្គ្រោះក៏មានប្រជាជនប្រហែល៤០នាក់ រួមជាមួយបុគ្គលិករថភ្លើងនាំគ្នាជួយរុញច្រានទូរថភ្លើងមួយខ្សែនេះឱ្យផ្អៀងទៅផ្នែកម្ខាង ដើម្បីសង្គ្រោះនារីម្នាក់អាយុប្រហែល៣០ឆ្នាំ ដែលកៀបជាប់នៅចន្លោះទូរថភ្លើង និងបញ្ជាររង់ចាំ ។ មិនទាន់ដឹងថា នារីរងគ្រោះធ្លាក់ចូលទៅក្នុងចន្លោះខាងលើដោយមូលហេតុអ្វី ៕
ចែករំលែកព័តមាននេះ