តារាចម្រៀងប្រចាំផលិតកម្មថោន ដែលទទួលការគាំទ្រច្រើនពីសំណាក់យុវវ័យនាង មាស សុខសោភា បានសម្តែងការសប្បាយរីករាយ និងគាំទ្រចំពោះការរៀបចំឱ្យមានការប្រកួតបាល់ទាត់ស្ត្រីដែលកំពុងតែធ្វើឡើងក្នុងប្រទេសកម្ពុជា ។ តារាចម្រៀងរូបនេះបានលើកឡើងដូច្នេះក្នុងពេលដែលនាងបានចូលរួមសម្តែង និងច្រៀងក្នុងកម្មវិធីបាល់ទាត់ស្ត្រីថ្នាក់ជាតិលើកទី២ នៅក្នុងប្រទេសកម្ពុជា កាលពីល្ងាចថ្ងៃទី១៥ ឧសភា ២០១៣ ដែលបានរៀបចំឡើងក្នុងកីឡដ្ឋានស្តាតចាស់។
ឮនៅចំពោះមុខគណៈកម្មាធិការ និងក្រុមកីឡាករមកពីបណ្តាខេត្ត-ក្រុងចំនួន៩នៃប្រទេសកម្ពុជា ដើម្បីចូលរួមប្រកួតដណ្តើមពានរង្វាន់នៃទិវាបាល់ទាត់ស្ត្រីថ្នាក់ជាតិលើកទី២ តារាចម្រៀងកំពុងតែមានប្រជាប្រិយភាពនៅក្នុងស្រទាប់យុវវ័យខាងលើនេះ បានអះអាងថា ការដែលបង្កើតឱ្យមានទិវាបាល់ទាត់ស្ត្រីបែបនេះ គឺពិតជាល្អខ្លាំងណាស់ ព្រោះវាអាចផ្តល់ឱកាសឱ្យនារីៗបានបញ្ចេញសមត្ថភាពពិតៗ ចំពោះសេចក្តីស្រឡាញ់លើវិស័យកីឡា ជាពិសេសបាល់ទាត់ដែលជាហេតុធ្វើឱ្យស្ត្រីអាចចូលរួមយ៉ាងសកម្មនៅលើឆាកជាតិ-អន្តរជាតិ មិនតែប៉ុណ្ណោះវានឹងជួយបង្កើនថាមពលសុខភាពរបស់នារីទៀតផង ។
មាស សុខសោភា ក៏បានជូនពរ និងជំរុញឱ្យកុមារីទាំងអស់ព្យាយាមខិតខំហ្វឹកហាត់បន្ថែមទៀត ដើម្បីទទួលបានជោគជ័យនៅថ្ងៃក្រោយ និងមានលទ្ធភាពខ្ពស់សម្រាប់ដណ្តើមយកកិត្តិយសឱ្យខ្លួនឯង និងប្រទេសជាតិយើង ៕
ចែករំលែកព័តមាននេះ