ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាស​​ភាព​​គូ​​ប្រ​ដាល់​​នៅ​​លើ​​រេញ​​ CTN ​ថ្ងៃ​​អាទិត្យ​​សប្តាហ៍​​នេះ​​

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សង្វៀន​ CTN ថ្ងៃ​​អាទិត្យ​ ទី​២៦​ ឧសភា​សប្តាហ៍​នេះ​ ប្រមូល​មូល​ផ្តុំ​ដោយ​កីឡាករ​ជើង​ខ្លាំង​ជា​ច្រើន​គូ​ ក្នុង​នោះ​កីឡា​ករ​ផាវ​ ភឿត​ មក​ពី​ក្លិប​កង​ពល​ធំ​អន្ត​រាគមន៍​លេខ​៣ ព្រះវិហារ​ ត្រូវបាន​គណៈ​កម្មការ​រៀបចំ​កម្មវិធី​ប្រដាល់​ធ្វើការ​ផ្គូ​ផ្គង​ឱ្យ​ជួប​ប្រកួតជា​មួយ​កីឡាករ​នន់ ជំនិត​ មក​ពី​មជ្ឈ​មណ្ឌល​សកម្ម​ភាព​កម្ចាត់​មីន​កម្ពុជា​ (CMAC) ។​

រវាង​គូ​នេះ​សុទ្ធ​តែ​ជា​អ្នក​ប្រដាល់​ចាស់​វស្សា​ដូចគ្នា ប៉ុន្តែ​ពួក​គេ​មិន​ធ្លាប់​ជួបគ្នា​ពី​មុន​មក​ទេ​ ហើយ​បើនិយាយ​ពីល្បិច​ប្រយុទ្ធ​នៅ​លើ​សង្វៀន​វិញ​នោះ​ គឺ​មាន​ភាព​ខុសគ្នា​បន្តិច​បន្តួច​ប៉ុណ្ណោះ​ ។​ ផាវ ភឿត​ វាយ​អាង​កម្លាំងបាយ​មិនចេះ​ប្រើ​ស្នៀត​កែង​ និង​ជង្គង់​ឡើយ​ តែ​បើ​ស្នៀត​កណ្តាប់​ដៃ​និង​ស្នៀតជើង​វិញ​ គេ​ពូកែ​ខ្លាំង​ណាស់​ ពេល​ខ្លះ​បើ​សិន​ជា​គូ​ប្រកួត​ធ្វើ​ឱ្យ​គេ​ខឹង​ គឺ​គេ​ដើរ​ចូល​វាយ​ទាំង​កំរោល​មិន​ខ្ចី​ដក​ថយ​ឡើយ​ ប៉ុន្តែ​មួយ​រយៈ​មក​នេះ​កម្លាំង​របស់​គេ​ហាក់​ស្រុត​ចុះ​ជាង​មុន​បន្តិច​ ។

រី​ឯ​ នន់ ជំនិត​ វិញ​នោះ​ត្រូវ​គេ​ទទួល​ស្គាល់​ថា​ ជា​ជើង​ខ្លាំង​មួយ​រូប​ដែល​មាន​ស្នៀត​កែង​ និង​ជង្គង់​ល្អ​ ។ មួយ​រយៈ​មក​នេះ​ក្បាច់​គុន​របស់​គេ​មិន​ខ្លាំង​ដូច​មុន​ទៀត​ឡើយ​ ឯ​កម្លាំង​ក៏​ចុះ​ខ្សោយ​ជាងម​ុន​ ប៉ុន្តែ​ចិត្ត​របស់​គេ​សឿង​គួរ​សម​ មិន​ចេះ​កោត​ញញើត​នរណា​ម្នាក់​ផ្តាស​​ឡើយ ។​ ទោះ​ជា​យ៉ាងណា​ រវាងគូ​នេះ​គ្មាន​នរ​ណា​ហ៊ាន​ទស្សន៍​ទាយ​លទ្ធផល​ទុក​មុន​ទេ​ គ្រាន់​តែ​គេ​ដឹង​ថា​មុន​នឹង​ចាញ់-​ឈ្នះ​គ្នា​ច្បាស់​ជា​បែក​ផ្កា​ភ្លើង​ពេញ​សង្វៀន​មិន​ខាន​ ។​
នៅ​លើ​សង្វៀន​ដដែល​ក្រៅ​ពី​គូ​ចាប់​អារម្មណ៍​នេះ​ទៅ​ នៅ​មាន​ការប្រកួត​រវាង​កីឡាករ​ធិន សុវណ្ណ មក​ពី​ក្លិប​កងពល​តូច​លេខ​៧០​ និង​កីឡា​ករ​ខុន ស៊ីចន​ មក​ពី​ក្លិប​កង​ពល​ធំ​អន្តរាគមន៍​លេខ​៣ ព្រះ​វិហារ​ ។

កីឡាករ​ឡុង ឡាំដា មក​ពី​ក្លិប​សាលវ័ន្ត​កីឡា​ ប្រកួត​ជា​មួយ​កីឡាករ​វី សាវុធ មកពី​ក្លិប​ឥន្ទ្រី​កីឡា​បង្ក្រាប​គ្រឿង​ញៀន​ខេត្ត​កណ្តាល​ ។ កីឡាករ​ហែល​ វ៉ា​ មក​ពី​ក្លិប​ឃ្លាំង​មឿង​កីឡាខេត្ត​ពោធិ៍សាត់ ប្រកួត​ជា​មួយកីឡាករ​ម៉ន ចាន់ដារ៉ា​ មក​ពី​ក្លិប​វិស្វកម្ម​បច្ចេកទេស​ទ័ព​ជើង​គោក​ព្រែក​ឯង ។​ កីឡាករ​សេន​ វណ្ណេត​ មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ​បង្ក្រាប​គ្រឿង​ញៀន​ ប្រកួត​ជា​មួយ​កីឡាករ​អៀង ចាន់​លក្ខណ៍​ មក​ពី​ក្លិប​ទីបញ្ជាការ​កង​ទ័ព​ជើង​គោក ។​ កីឡាករ​វង្ស វិច្ឆិកា​ មក​ពី​ក្លិប​យុវជន​អង្គរ​ ប្រកួត​ជាមួយ​កីឡាករ​មាស វុត្ថា​ មក​ពី​ក្លិប​យុវ​កីឡា​ខេត្ត​កណ្តាល​ និង​កីឡាករ​ឆន ចាន់នី មក​ពី​ក្លិប​រស្មី​ភូមិ​គាប​ខេត្ត​បន្ទាយ​មាន​ជ័យ​ ប្រកួត​ជា​មួយ​កីឡាករ​ហឹុម សេរី មកពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ​បង្ក្រាប​គ្រឿង​ញៀន​ ៕