ខេត្តកំពង់ធំ ៖ ពីរនាក់ប្តីប្រពន្ធត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលស្រុកស្ទោងឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពលួចក្របីទាំងក្រោលកាលពីថ្ងៃទី៣១ មីនា ២០១៣ នៅចំណុចភូមិឡា ឃុំទ្រា ស្រុកស្ទោង ។ ការជ្រើសរើសមុខរបរក្តៅក្រហាយបង្កអន្តរាយដល់អ្នកដទៃ ប៉ុន្តែត្រូវអស់លក្ខណ៍ដោយសារតែអាជីពធ្វើចោរនេះ ត្រូវសមត្ថកិច្ចក្របួចបានទាំង២នាក់ ព្រមទាំងដកហូតវត្ថុតាងបានក្របី៤ក្បាល ។
ទាក់ទងហេតុការណ៍នេះនគរបាលស្រុកស្ទោងបានបញ្ជាក់ថា កាលពីយប់ថ្ងៃទី៣១ មីនា ២០១៣ ឈានចូលថ្ងៃទី១ មេសា ទំនងជាប្តីប្រពន្ធនេះ គ្មានលុយចូលឆ្នាំ ទើបបានជាបែកគំនិតនាំគ្នាដើរកាត់វាលរាប់សិបគីឡូម៉ែត្រពីស្រុកកំពង់ស្វាយទៅដល់ស្រុកស្ទោង មកលួចក្របី៤ក្បាលដឹកចេញទាំងកណ្តាលយប់ និងយកទៅលាក់ទុកនៅផ្ទះរបស់ខ្លួន ស្ថិតនៅក្នុងភូមិជ័យ ឃុំសានគរ ស្រុកកំពង់ស្វាយ ដែលមានចម្ងាយពីស្រុកស្ទោងប្រមាណ៤០គីឡូម៉ែត្រ ។
នគរបាលបានបន្តថា ម្ចាស់ក្របីមានឈ្មោះមុត មល់ ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ ។ ក្រោយពីកើតហេតុម្ចាស់ក្របីបានមកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលស្រុកស្ទោង ដើម្បីតាមរកក្របីទាំង៤ក្បាលរបស់ខ្លួន ។
ពាក់ព័ន្ធករណីនេះ លោកវរសេនីយ៍ត្រី យ៉ង សំ អធិការនគរបាលស្រុកស្ទោង បានឲ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្តឹង និងទទួលបានការណែនាំបន្ថែមពីលោកឧត្តមសេនីយ៍ត្រី ផាន់ សុផេង ស្នងការនគរបាលខេត្ត និងលោកកែ ខាន់ណារា ស្នងការងទទួលបន្ទុកការងារព្រហ្មទណ្ឌឲ្យសហការជាមួយនឹងកម្លាំងអធិការស្រុកកំពង់ស្វាយ បានធ្វើការស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យ ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ប្តីប្រពន្ធនេះ ៕
ចែករំលែកព័តមាននេះ