រាជធានីភ្នំពេញ ៖ បុរស-ស្ត្រី២នាក់ជិះម៉ូតូបុកគ្នាពេញទំហឹង បណ្តាលឱ្យរងរបួសធ្ងន់ទាំងសងខាង ត្រូវរថយន្តសង្គ្រោះលេខ៧១១ របស់មន្ទីរពេទ្យកងពលតូចលេខ៧០ ដឹកទៅសង្គ្រោះបន្ទាន់ ចំណែកកូនតូចម្នាក់មិនមានរងរបួសទេ ។ ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង៧ និង២០នាទីព្រឹក ថ្ងៃទី២៨ មីនា នៅលើកំណាត់ផ្លូវជាតិលេខ៣ ក្នុងភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ ។
ប្រភពព័ត៌មានបានឱ្យដឹងថា ម៉ូតូទាំងពីរគ្រឿង ម៉ាកគុប ពណ៌ទឹកប៊ិក គ្មានស្លាកលេខ បើកបរដោយស្ត្រីឈ្មោះសួង សាវ៉ុន អាយុ៣៣ឆ្នាំ ស្នាក់នៅក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ ដឹកកូនតូចម្នាក់ បើកបញ្ច្រាសផ្លូវពីត្បូងទៅជើង និងមួយគ្រឿងទៀតម៉ាកស្មាស់ ស៊េរី២០១៣ ពណ៌ខ្មៅ លាយក្រហម គ្មានស្លាកលេខដូចគ្នា បើកបរដោយបុរសម្នាក់ឈ្មោះចាន់ រិទ្ធ អាយុ២៦ឆ្នាំ ជាអ្នកបើកបររថយន្តឱ្យរោងចក្រ មានលំនៅភូមិត្រពាំងតាង៉ែ ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ធ្វើដំណើរពីជើងទៅត្បូង ។ ប្រភពដដែលបានបន្តថា ខណៈនោះស្ត្រីជិះម៉ូតូគុបមូលមិនហ៊ានជិះលើផ្លូវកៅស៊ូទេ គឺបានជិះលើចិញ្ចើមផ្លូវដីក្រហម លុះពេលទៅដល់ចំណុចកើតហេតុ ក៏បានជ្រុលទៅបុកគ្នាពេញទំហឹង បណ្តាលឱ្យដួលរងរបួសធ្ងន់ទាំងសងខាង ចំណែកកូនតូចមិនបានរងរបួសទេ ។
ក្រោយពេលកើតហេតុ រថយន្តសង្គ្រោះលេខ៧១១ របស់កងពលតូចេលខ៧០ បានចេញទៅដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ ។ ចំណែកនគរបាលបានទៅអន្តរាគមន៍យកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ៕
ចែករំលែកព័តមាននេះ