រាជធានីភ្នំពេញ ៖ ម៉ូតូឌ្រីមសេ១២៥ ពណ៌ខ្មៅ ជិះគ្នា២នាក់ បានបើកទៅបុកម៉ូតូគុបជ្រុង៧០ ពណ៌ស្លែ សន្លប់២នាក់ ខាងម៉ូតូបង្កភ័យពេកស្មានតែរបួសធ្ងន់បាននាំគ្នារត់ចោលម៉ូតូនៅកន្លែងកើតហេតុ ។ គ្រោះថ្នាក់នេះកើតឡើងកាលពីវេលាម៉ោង៩និង២០នាទីយប់ថ្ងៃទី២៧ វិច្ឆិកា ២០១២ នៅចំណុចផ្លូវលេខ១៦៣កែងផ្លូវលេខ៣៦០ មុខភោជនីយដ្ឋានអត់បញ្ហា ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ។
សាក្សីឃើញហេតុការណ៍ឱ្យដឹងថា ម៉ូតូម៉ាកឌ្រីមសេ១២៥ ពណ៌ខ្មៅ ជិះគ្នា២នាក់តាមបណ្តោយផ្លូវលេខ៣៦០ ពីលិចទៅកើត ចំណែកម៉ូតូគុបជ្រុង៧០ ពណ៌ស្លែ ជិះគ្នា២នាក់ តាមផ្លូវលេខ១៦៣ ពីជើងទៅត្បូង ខណៈមកដល់ចំណុចខាងលើស្រាប់តែម៉ូតូឌ្រីមសេ១២៥ ជិះទៅបុកបណ្តាលឱ្យអ្នកជិះម៉ូតូគុបជ្រុងសន្លប់ទាំង២នាក់ ឃើញបែបនេះភាគីបង្កទាំង២នាក់បាននាំគ្នារត់គេចខ្លួនអស់ដោយបន្សល់ទុកម៉ូតូនៅកន្លែងកើតហេតុ ។
ក្រោយពេលកើតហេតុអ្នកឃើញហេតុការណ៍នាំគ្នាជួយរត់កន្លងតាមជំនឿប្រពៃណីបុរាណជនរងគ្រោះបានដឹងខ្លួនឡើងវិញ ពេលរថយន្តសង្គ្រោះមកដល់ជនរងគ្រោះមិនព្រមឡើងរថយន្តសង្គ្រោះទៅព្យាបាលទេ ប្រុងជិះម៉ូតូត្រឡប់ទៅផ្ទះវិញត្រូវប៉ូលិសឃាត់មិនទាន់ឱ្យទៅ ដោយយកម៉ូតូទាំង២គ្រឿងទៅធ្វើការដោះស្រាយនៅខណ្ឌចំការមន៕
ចែករំលែកព័តមាននេះ