ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លើ​រេញ​បាយ័ន​ថ្ងៃ​អាទិត្យ ឡុង សុផល ជួប​ម៊ី សុភាព

15 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ នៅ​លើ​សង្វៀន​ប្រដាល់​ស្ថានីយ​ទូរទស្សន៍​បាយ័ន​សំរាប់​រសៀល​ថ្ងៃ​អាទិត្យ​ ទី​២៩ សីហា ខាង​មុខ​នេះ ឡុង សុផល មក​ពី​ក្លឹប​កងពល​តូច​លេខ​៧០ ត្រូវ​បាន​ផ្គូ​ផ្គង​ឱ្យ​ជួប​ប្រកួត​ជា​មួយ​ ម៊ី សុភាព មក​ពី​ក្លឹប​ព្រះ​ខ័ន​រាជ ។ សុផល និង​សុភាព មាន​ប្រវត្តិ​ប្រកួត​យូរ​ឆ្នាំ​មក​ហើយ ពួក​គេ​សុទ្ធ​តែ​ជា​ខ្លា​ចាស់​ តែ​នៅ​អាច​មាន​កំលាំង​ប្រយុទ្ធ​គ្នា​បាន ។

សុផល មិន​សូវ​មាន​បច្ចេកទេស​ប្រកួត​ល្អ​ប៉ុន្មាន​ទេ តែ​អ្នក​ប្រដាល់​រូប​នេះ​ចូល​ចិត្ត​ប្រើ​កំលាំង​បុក​មិន​រា​ថយ រីឯ​សាច់​របស់​គេ​វ៉ៃ​មិន​ចេះ​ឈឺ​ទេ ដៃ​គូ​វ៉ៃ​ត្រូវ​កាន់​​តែ​ច្រើន ​គេ​ដើរ​ចូល​កាន់​តែ​ខ្លាំង និង​មិន​ធ្លាប់​មាន​ប្រវត្តិ​សន្លប់​ឡើយ ។ ចំណែក​ម៊ី សុភាព ក៏​មិន​ខុស​ពី​សុផល​​ប៉ុន្មាន​ដែរ គឺ​មាន​មុខ​រឹង​ ស្បែក​ស្វិត​ ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ បើ​ប៉ះ​ចំ​កែង​ទំនង​​ជា​មិន​ស្វិត​ប៉ុន្មាន​ទេ ព្រោះ​ជា​ញឹក​ញាប់​ម្នាក់ៗ​មិន​​សូវ​ចៀស​ផុត​ពី​​គ្រូ​ពេទ្យ​ដេរ​ទេ ។ ​ការ​ប្រកួត​​ចុង​ក្រោយ​របស់​ សុភាព កាល​ពី​ថ្ងៃ​ទី​២២ សីហា កន្លង​មក​​ចាញ់​ពិន្ទុ​អឹុម ដារា៉​ មក​ពី​ក្លឹប​ក្រសួង​ការ​ពារ​ជាតិ ។ ពេល​នេះ​សុភាព​ ត្រូវ​ប៉ះ​ជា​មួយ​សុផល ដែល​គេ​ធ្លាប់​ឱ្យ​រហស្ស​នាម​ថា សាច់​ជ្រូក​៣​ជាន់ តើ​​សុភាព​អាច​ស៊ូ​​បាន​ ឬ​អត់?
ជាតិ វណ្ណៈ មក​ពី​ក្លឹប​បាក់​ខែង​កីឡា​ត្រូវ​ប្រកួត​ជា​មួយ​ផល សោភ័ណ្ឌ មក​ពី​ក្លឹប​តាឡី​ដំរី​មាន​រិទ្ធ ។ បើ​ប្រៀប​ធៀប​រវាង​សមត្ថ​ភាព​របស់​គូ​នេះ គេ​មើល​ឃើញ​សោភ័ណ្ឌ​ មាន​ប្រៀប​ និង​មាន​ទំងន់​ជាង​វណ្ណៈ ។ មិ​នថា​តែ​សមត្ថ​ភាព​ទេ​ សូម្បី​តែ​បទ​ពិសោធន៍​លើ​សង្វៀន​ក៏​សោភ័ណ្ឌ​មាន​ច្រើន​ជាង​ដែរ ។ ដូច្នេះ​គេ​អាច​សន្និ​ដ្ឋាន​បាន​ថា សោភ័ណ្ឌ​ជា​អ្នក​ឈ្នះ​ក្នុង​ការ​ប្រកួត​នេះ ។
ម៉ៃ សុខនឿន មក​ពី​​ក្លឹប​ចក្រ​អង្រែ​លើ ត្រូវ​ជួប​ប្រកួត​ជា​មួយ​ទឹម គឹម​ហុង មក​ពី​ក្លឹប​សាល​វ័ន្ត​កីឡា​ ។ ទាំង​សុខ​នឿន ​និង​​គឹម​ហុង សុទ្ធ​តែ​ជា​​អ្នក​ប្រដាល់​ជើង​ថ្មី​ដែល​ឡើង​សង្វៀន​​លើក​ដំបូង​ប៉ុណ្ណោះ។

ឯម សុភាព មក​ពី​ក្លឹប​គ្រុឌ​មាន​ជ័យ ត្រូវ​ប្រកួត​ជា​មួយ​អ៊ុង វិរៈ មក​ពី​ក្លឹប​គុជ​សារ​កីឡា។ រីឯ​ជុន សាវុធ​ មក​ពី​ក្លឹប​អូដឹម​កីឡា​ត្រូវ​ប្រកួត​ជា​មួយ​ភិរម្យ រស្មី មក​ពី​ក្លឹប​ភិរម្យ​គុន​ខ្មែរ ។ ទាំង​ពីរ​គូ​នេះ ក៏​ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ​ដែរ ប៉ុន្តែ​វិជ្ជា​គុណ​របស់​គេ​មិន​អន់​ឡើយ ។
នៅ​មាន​ការ​ប្រកួត​ជា​លក្ខណៈ​សាកល​​មួយ​គូ​ទៀត​រវាង​អេ ភូ​ថង មក​ពី​ក្លឹប​ក្រសួង​ការ​ពារ​ជាតិ​ ជា​មួយ​អាត សំរិទ្ធ មក​ពី​ក្លឹប​អារុណ​រះ៕