រាជធានីភ្នំពេញ ៖ រថយន្តម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ មួយគ្រឿងដែលទើបតែទិញបានជាងមួយខែមិនទាន់មានស្លាកលេខផងត្រូវនិស្សិតម្នាក់ជាជនជាតិអ៊ិស្លាម បើកបោះពួយឡើងចិញ្ចើមផ្លូវជាតិលេខ៥ បុករះគ្រែលក់ដូរ និងជញ្ជាំងផ្ទះប្រជាពលរដ្ឋរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ហើយរថយន្តផ្ទុះពោងស្រុញមុខក្រពឹតផ្នែកខាងក្រោយ បណ្តាលឱ្យអ្នកបើករងរបួសបែកក្បាល កាលពីវេលាម៉ោង៩និង៤៥នាទីយប់ថ្ងៃទី៤ សីហា ២០១២ តាមផ្លូវជាតិលេខ៥ ខាងត្បូងសាលាសង្កាត់ច្រាំងចំរេះទី១ ចម្ងាយប្រមាណ៥០ម៉ែត្រក្នុងខណ្ឌឫស្សីកែវ។
អ្នកបើករថយន្តដែលរងរបួសឈ្មោះសេន សាឡេះ ភេទប្រុស អាយុ២២ឆ្នាំ ជានិស្សិតមូស្ល៉ីម មានលំនៅភូមិទី៣ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌ ឫស្សីកែវ រងរបួសក្បាលត្រូវបានបងប្អូននាំទៅដេររបួសនៅមន្ទីរពេទ្យឯកជនក្បែរនោះ ។ តាមសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ជិះគ្នា៣នាក់ ធ្វើដំណើរតាមផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូងដោយល្បឿនលឿន ។ លុះមកដល់មុខសាលាសង្កាត់ច្រាំងចំរេះទី១ បានគេចរថយន្តមួយគ្រឿងដែលឈប់ពីមុខក៏រេចង្កូតទៅឆ្វេងដៃ ស្របពេលនោះមានរថយន្តដឹកទឹកបរិសុទ្ធមួយគ្រឿងទៀតធ្វើដំណើរមកពីមុខក្នុងទិសដៅបញ្ជ្រាសទិសគ្នាវាក់អើ ស្រាប់តែរថយន្តម៉ាកហាយឡែនឌ័របានទាញចង្កូតមកស្តាំដៃវិញ ក៏ជ្រុលឡើងចិញ្ចើមផ្លូវទៅបុករះគ្រែលក់ដូរបាក់រាប និងបុកជញ្ជាំងផ្ទះលេខ២៣ សេ បណ្តាលឱ្យប្រេះ បាក់បែក ហើយរថយន្តបន្តទៅមុខបុកដំបូលរោងគ្រែបាក់ខ្ទេចរួចហោះរំលងផ្លូវបេតុងទៅបុកជាប់ជញ្ជាំងផ្ទះលេខ១៣១ បណ្តាលឱ្យបាក់ជញ្ជាំងឈើ និងថ្មមួយផ្ទាំង ។
ទោះបីយ៉ាងណាគ្រោះថ្នាក់នេះបណ្តាលឱ្យទុយោទឹក និងទុយោស្រោមខ្សែភ្លើងរងការខូចខាតផងដែរ ។ នេះចាត់ទុកជាសំណាងដែលរថយន្តបុកចំប្រឡោះបង្គោលភ្លើងបើកបុកបង្គោលភ្លើងច្បាស់ជាមានគ្រោះថ្នាក់ធ្ងន់ធ្ងរជាងនេះ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ