រាជធានីភ្នំពេញ ៖ ស្ត្រី២នាក់បើករថយន្តយ៉ាងលឿនប្រញាប់ទៅជប់លៀងក្មួយនៅក្នុងក្លិបមួយបានបើករថយន្តទៅបុកម៉ូតូពីក្រោយបណ្តាលឱ្យដួលរបួសធ្ងន់២នាក់ ស្រាលម្នាក់ កាលពីវេលាម៉ោង១០និង៤០នាទីយប់ថ្ងៃទី២៤ កក្កដា តាមផ្លូវលេខ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ ហើយរថយន្តព្យាយាមបើករត់ទៅដល់មុខក្រសួងធម្មការ និងសាសនាក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញត្រូវសមត្ថកិច្ចឃាត់បាន ។
សាក្សីបានឱ្យដឹងថា មុនពេលកើតហេតុរថយន្តកូរ៉ូឡា ស៊េរី៩៥ ពណ៌ឈាមជ្រូកជិះគ្នា២នាក់ជាស្ត្រី ក្នុងទិសដៅពីលិចទៅកើតស្របទិសគ្នាជាមួយម៉ូតូសេ១២៥ ស៊េរី២០១២ ពណ៌ខ្មៅ ជិះគ្នា៣នាក់ជាយុវជន ខណៈមកដល់ចំណុចខាងលើរថយន្តបានជ្រុលទៅបុកម៉ូតូពីក្រោយបណ្តាលឱ្យដួលរងរបួសធ្ងន់២នាក់ ស្រាលម្នាក់ ។ អ្នករបួសធ្ងន់ទាំងពីរនាក់ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ។
បន្ទាប់ពីបុកគ្នាហើយរថយន្តបានព្យាយាមបើករត់ទាំងរថយន្តធ្លាក់កាងមុខ និងបែកកញ្ចក់ផ្ទាំងខាងក្រោយតាមវិថីព្រះសីុសុវត្ថិទៅដល់មុខក្រសួងធម្មការ និងសាសនាត្រូវសមត្ថកិច្ចដេញតាមឃាត់រថយន្តបាន ។ក្រោយពេលសមត្ថកិច្ចឃាត់រថយន្តបាន ស្ត្រីទាំងពីរនាក់នោះមិនព្រមសារភាពថា រថយន្តរបស់គេបង្កគ្រោះថា្នក់ចរាចរណ៍ទេ ដោយថែមទាំងប្រើពាក្យមិនសមរម្យដាក់សមត្ថកិច្ចទៀត រួចបានទូរស័ព្ទហៅអ្នកអន្តរាគមន៍ម្នាក់ដែលអះអាងថា ជាសមត្ថកិច្ច និងជាអ្នកសារព័ត៌មានដែលមិនមានអង្គភាពច្បាស់លាស់បានដកកាតមកគំរាមសមត្ថកិច្ច និងអ្នកកាសែតដែលចុះទៅថតយករូបភាពទៀតផង ។បើទោះជាយ៉ាងណារថយន្តបង្ក និងស្ត្រីទាំងពីរនាក់នោះត្រូវសមត្ថកិច្ចនាំយកទៅការិយាល័យនគរបាលចរាចរផ្លូវគោកដើម្បីដោះស្រាយ៕
ចែករំលែកព័តមាននេះ