ខេត្តព្រះសីហនុ៖ អាជីវករម្នាក់លក់គ្រឿងអលង្ការប្លាទីន នៅផ្សារលើ ក្រុងព្រះសីហនុ កាលពីវេលាម៉ោង៥និង២០នាទីល្ងាចថ្ងៃទី១៧ កក្កដា ត្រូវចោរមួយក្រុមមានគ្នា៣នាក់បានភ្ជង់ដោយកាំភ្លើងខ្លីប្លន់យកគ្រឿងអលង្ការអស់នៅពេលចេញពីលក់ដូរនៅផ្សារ ធ្វើដំណើរមកដល់មុខផ្ទះស្ថិតនៅភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ ។
ប៉ូលិសនិយាយថា អំពើប្លន់នេះកើតឡើងពេលអាជីវករលក់គ្រឿងអលង្ការបើកទ្វាររថយន្តបម្រុងចូលផ្ទះក៏ត្រូវក្រុមចោរស្ទុះមកភ្ជង់ប្លន់យកគ្រឿងអលង្ការដែលដាក់ក្នុងហឹបដែករួចនាំគ្នាជិះម៉ូតូគេចខ្លួនបាត់ស្រមោលដោយសុវត្ថិភាព ។ ជនរងគ្រោះក្នុងហេតុការណ៍ខាងលើឈ្មោះ អីុ រស្មី ភេទស្រី អាយុ២២ឆ្នាំ ។
ពត៌មាននៅកន្លែងកើតហេតុបានបញ្ជាក់ឱ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូម៉ាកស៊ុយហ្សុគីស្មាស់ ពណ៌ខ្មៅចំនួន២គ្រឿង(មិនចាំស្លាកលេខ)ដែលមួយគ្រឿងចតនៅខាងមុខផ្ទះ ឯមួយគ្រឿងផ្សេងទៀតចតនៅខាងចំហៀងផ្ទះជនរងគ្រោះ និងមានមនុស្ស៣នាក់ម្នាក់ៗអាយុប្រមាណជាង៣០ឆ្នាំ ដើររេរាចុះឡើង ដូចរង់ចាំអ្វីមួយ ។ ចំណែកស្ត្រីរងគ្រោះពុំចាប់អារម្មណ៍ ថាពួកនេះជាចោរប្លន់ទេ ។ ខណៈបើករថយន្តមកដល់មុខផ្ទះក៏បើកទ្វារបម្រុងដើរចូលទៅក្នុងផ្ទះក៏ត្រូវក្រុមចោរប្លន់ទាំង៣នាក់បានស្ទុះមកភ្ជង់ដោយកាំភ្លើងខ្លីចំនួន២ដើមមិនស្គាល់ម៉ាកឱ្យម្ចាស់រថយន្តបើកគូទរថយន្តប្រគល់ហិបដាក់គ្រឿងអលង្ការឱ្យទៅពួកគេរួមនិងថង់ខ្មៅដែលមានដាក់គ្រឿងអលង្ការមួយចំនួនទៀត ។ ជនរងគ្រោះដោយសារភ័យខ្លាច ម្យ៉ាងទៀតទីនោះស្ងាត់ផងក៏ព្រមប្រគល់ដោយគ្មានតវ៉ាអ្វីឡើយ ។ បន្ទាប់ពីពួកគេប្លន់បានសម្រេចភ្លាមក៏នាំគ្នាជិះម៉ូតូចេញទៅដោយសុវត្ថិភាព ។ នៅក្នុងហេតុការណ៍ប្លន់ប្រដាប់អាវុធខាងលើនេះស្ងប់ស្ងាត់ល្អណាស់មិនបង្កឱ្យមានគ្រោះថ្នាក់ដល់អាជីវករលក់គ្រឿងអលង្ការនោះទេ ។
ជនរងគ្រោះបានរៀបរាប់ឱ្យដឹងថា សម្ភារដែលបាត់បង់មានខ្សែ.ក ខ្សែដៃ ចិញ្ចៀន ក្រវិល (ប្លាទីន) សរុបប្រមាណជា៤០តម្លឹង ។
ករណីប្លន់ខាងលើសមត្ថកិច្ចកំពុងស្វះស្វែងស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យហើយ ដែលសង្ឃឹមតិចណាស់ខាងរកឃើញ ។ សមត្ថកិច្ចសន្និដ្ឋានថា ករណីប្លន់បែបនេះមានន័យថា ក្រុមចោរបានឃ្លាំ និងតាមដានមើលច្រើនថ្ងៃមកហើយទើបធ្វើសកម្មភាព មិនមែនជាអំពើភ្ជង់ប្លន់ដោយចៃដន្យនោះទេ។
តាមព័ត៌មានពីស្ត្រីអាជីវកររងគ្រោះនិយាយថា នាងបានរងគ្រោះដោយចោរប្លន់បែបនេះ៣លើកមកហើយ គិតទាំងលើកនេះ ៕
ចែករំលែកព័តមាននេះ