ខេត្តតាកែវ ៖ បច្ចុប្បន្ននៅក្នុងខេត្តតាកែវ គេសង្កេតឃើញមានរថយន្តផ្ទាល់ខ្លួនមួយចំនួនដែលម្ចាស់រថយន្តទាំងនោះសុទ្ធសឹងតែជាមន្ត្រីសមត្ថកិច្ចមានប៉េអឹម ប៉ូលិស ឬទាហាន កំពុងតែយកស្លាកលេខអង្គភាពរបស់ពួកគេបំពាក់លើរថយន្តរបស់ខ្លួន ដើម្បីគេចផុតពីការបង់ពន្ធផ្លូវប្រចាំឆ្នាំ ដែលនៅពាក់កណ្តាលខែនេះដល់ឱសានវាទត្រូវធ្វើការត្រួតពិនិត្យកាតព្វកិច្ចពន្ធហើយ ។
ប្រភពព័ត៌មានពីមន្ត្រីកងរាជអាវុធហត្ថខេត្តឱ្យដឹងថា ដោយសារពន្ធផ្លូវប្រចាំឆ្នាំមានតម្លៃខ្ពស់សម្រាប់រថយន្តស៊េរីទំនើបនោះ ទើបមន្ត្រីប៉េអឹមខេត្ត ខ្លះបានយកស្លាកលេខខេមរភូមិន្ទទៅបំពាក់លើរថយន្តផ្ទាល់ខ្លួនដែលមិនមែនជារថយន្តអង្គភាព ដើម្បីគេចពីការបង់ពន្ធ ។ កន្លងទៅ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានចេញបទបញ្ជាដល់ក្រសួងការពារជាតិ អគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវតែចាប់ ឬដកហូតរថយន្តដែលពាក់ស្លាកលេខខេមរភូមិន្ទចេញពីរថយន្តផ្ទាល់ខ្លួនឱ្យអស់ ហើយរថយន្តដែលបំពាក់លេខខេមរភូមិន្ទ នគរបាល បាននោះជារថយន្តរបស់អង្គភាព ទើបមានសិទ្ធិប្រើប្រាស់ ។
ប្រភពដដែលបានបន្តទៀតថា បទបញ្ជាទាំងអស់នោះមិនត្រូវបានគេគោរពទេ ព្រោះគេនៅតែយកស្លាកលេខន.ប, ខ.ម របស់អង្គភាពមកបំពាក់លើរថយន្តផ្ទាល់ខ្លួន ដើម្បីបង្អួតអ្នកនៅក្រោមបញ្ជាឱ្យខ្លាចអំណាចរបស់ខ្លួន ។ ប្រភពដដែលបានបញ្ជាក់ថា ពេលនេះ មានរថយន្តស៊េរីទំនើបៗជាច្រើនគ្រឿងត្រូវបានបំពាក់ស្លាកលេខខ.ម, ន.ប កំពុងធ្វើចរាចរណ៍ក្នុងខេត្តរាល់ថ្ងៃ ដើម្បីឱ្យរួចផុតពីការបង់ពន្ធផ្លូវ ។
សាធារណមតិនិយាយថា បើសិនជាមិនមានការចាត់វិធានការទៅលើរថយន្តពាក់ស្លាកលេខនគរបាល ឬខេមរភូមិន្ទទាំងនោះទេ នឹងធ្វើឱ្យតម្លៃនៃការគោរពច្បាប់បំពេញកាតព្វកិច្ចបង់ពន្ធជូនរដ្ឋនោះមានតែអ្នកតូចតាចប៉ុណ្ណោះ ឯអ្នកមានអំណាចគេនៅតែមិនគោរពដដែល ៕
ចែករំលែកព័តមាននេះ