រាជធានីភ្នំពេញ ៖ យុវជនម្នាក់ជិះម៉ូតូវ៉ាកង់ក៏ប៉ះគ្នាដួលខ្ទាតកង់ទៅកណ្តាលថ្នល់ ធ្វើឱ្យស្ត្រីអ្នកជិះកង់ដួលបោកក្បាលសន្លប់ស្តូក ចំណែកម៉ូតូដួលលើចិញ្ចើមផ្លូវរយះថ្ងាស កាលពីវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃទី២៩ មិថុនា លើផ្លូវលេខ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
ប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ នារី២នាក់បានជិះកង់ឌុបគ្នា តាមផ្លូវលេខ២៧១ ពីលិចទៅកើត ចំណែកម៉ូតូសេ១២៥ ស៊េរី២០១០ ពណ៌ខ្មៅ មួយគ្រឿង ជិះស្របទិសគ្នា ខណៈមកដល់ចំណុចកើតហេតុ ម៉ូតូបានជិះវ៉ាកង់ ហើយកង់រេចង្កូតបន្តិចក៏បណ្តាលឱ្យប៉ះជាមួយម៉ូតូដួលខ្ទាតកង់ទៅកណ្តាលថ្នល់បោកក្បាលអ្នកជិះកង់សន្លប់ស្តូក ឯអ្នកជិះពីក្រោយមិនមានរងរបួសទេ ចំណែកអ្នកបើកម៉ូតូដួលនៅលើចិញ្ចើមផ្លូវរយះថ្ងាស ។ អ្នកជិះកង់ឈ្មោះ ស្រី នូ អាយុ២២ឆ្នាំ ជាចុងភៅ ស្នាក់នៅសង្កាត់ផ្សារច្បារអំពៅ ខណ្ឌមានជ័យ របួសសន្លប់មួយសន្ទុះក៏ដឹងខ្លួនវិញ ។ អ្នកជិះពីក្រោយឈ្មោះ លី អាយុ២៣ឆ្នាំ មិនមានរងរបួសទេធ្វើការនិងស្នាក់នៅជាមួយគ្នា ។
ក្រោយពេលកើតហេតុ នារីសន្លប់បានដឹងខ្លួនវិញ ហើយមិនបានទាមទារសំណងទេ ដោយប្រាប់ទៅខាងម្ចាស់ម៉ូតូបង្កថា មានលទ្ធភាពប៉ុនណាឱ្យប៉ុនហ្នឹងចុះ បន្ទាប់មកខាងម៉ូតូបានសងសំណងចំនួន៣០ដុល្លារទៅនារីរងគ្រោះ ៕
ចែករំលែកព័តមាននេះ