ខេត្តកំពង់ស្ពឺ ៖ ស្ត្រីជាប្រពន្ធម្នាក់បានចាក់សម្លាប់ប្តីរបស់ខ្លួនដោយកាំបិតចុងស្រួច ខណៈដែលប្តីស្រវឹងខួបតែងតែវាយធ្វើបាបរាល់ពេលស្រវឹងម្តងៗ គឺចាក់តែមួយកាំបិតចិតបន្លែចំបំពង់ក បណ្តាលឱ្យស្លាប់ភ្លាមៗក្នុងថ្លុកឈាម ។
ទាក់ទិនករណីធ្វើឃាតប្តីនេះត្រូវបានសមត្ថកិច្ចមូលដ្ឋានស្រុកភ្នំស្រួចឱ្យដឹងថា បានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី១២ មិថុនា នៅចំណុចលើផ្លូវលំចូលផ្ទះរបស់ខ្លួនក្នុងភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ចំណុចថ្លុកត្រសេក ។ សមត្ថកិច្ច ទាំងប៉ូលិស និងកងរាជអាវុធហត្ថស្រុកបានបន្តថា ស្ត្រីដែលចាក់ប្តីឱ្យស្លាប់នេះឈ្មោះសួន ចាន់ធី អាយុ៥៩ឆ្នាំជាអ្នកដាំបាយធ្វើម្ហូបឱ្យសិក្ខាកាមយោធានៅស្រុកភ្នំស្រួច និងប្តីដែលស្លាប់ ឈ្មោះឯក សារិន អាយុ៥៩ឆ្នាំ ជាយោធិនចូលនិវត្តន៍ មានកូន៧នាក់បានរៀបការអស់ហើយនៅតែកូនប្រុសតូចអាយុ១៣ឆ្នាំ រស់នៅជាមួយក្នុងបន្ទុក ។
នៅចំពោះមុខសមត្ថកិច្ច ស្ត្រីឈ្មោះសួន ចាន់ធី បានសារភាពថា នៅយប់នោះពេលខ្លួនបានបង្ហើយការងារដាំស្ល លាងចានទុកដាក់រួចរាល់ ក៏វិលត្រឡប់ទៅផ្ទះវិញដែលនៅពុំឆ្ងាយពីរោងបាយយោធាទេ ។ ពេលទៅដល់ផ្ទះពុំឃើញប្តីក៏ដឹងថាប្តីទៅផឹកទៀតហើយ ដោយទុកឱ្យកូននៅតែម្នាក់ឯង ពុំទាន់ហូបបាយទឹកទើបទៅតាមហៅឱ្យមកបាយជុំគ្នា ។ តែពេលទៅដល់កន្លែងផឹកក៏ត្រូវប្តីស្តីបន្ទោស និងជេរប្រមាថខ្លាំងៗ ។ ទោះបីជាយ៉ាងនេះក្តី ប្រពន្ធក៏ព្យាយាមលួងលោមអង្វរឱ្យប្តីទន់ចិត្តមកផ្ទះវិញ ព្រោះយប់ហើយ ។ តែការអង្វរពុំស្តាប់ ហើយព្រមទាំងទៅយកដំបងប្ញស្សីមកវាយគាត់ជាប្រពន្ធឥតប្រណីទៀត ដោយការឈឺចាប់ស្ទើររាល់លើកព្រោះតែប្តីកំណាចវាយក្បាល វាយដំ ច្រើនដងមកហើយនោះធ្វើឱ្យគាត់ទ្រាំលែងបាននឹកថាតាមកម្មទៅចុះ បានកាន់កាំបិតនៅដៃចាក់តបទៅប្តីវិញតែមួយកាំបិតចំបំពង់ក បណ្តាលឱ្យដួលស្លាប់ក្នុងថ្លុកឈាមតាមដងផ្លូវ ពេលដើរត្រឡប់ជិតដល់ផ្ទះទៅហើយ ។
សមត្ថកិច្ចប្រមូលបានវត្ថុតាងទាំងអស់មានដំបងប្ញស្សី និងកាំបិតយកទៅរក្សាទុកជាវត្ថុតាង ។ ឯស្ត្រីជាប្រពន្ធកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ។ សពប្តីត្រូវបានកូនៗយកមកបូជាធ្វើបុណ្យតាមប្រពៃណី ឯប្រពន្ធចូលពន្ធនាគារ ។ តើនេះជាកំហុសនរណា?
ចែករំលែកព័តមាននេះ