រាជធានីភ្នំពេញ ៖ នគរបាលជំនាញបាននិយាយថា ស្រ្តីម្នាក់ត្រូវបានជនមិនស្គាល់មុខរឹតកសម្លាប់ក្នុងបន្ទប់លេខ២១៦ជាន់ទី២នៃផ្ទះសំណាក់លីហ៊រដែលមានទីតាំងលេខ១៦-១៨ ផ្លូវលេខ៦៣ ភូមិទី១ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ ហើយត្រូវបានគេប្រទះឃើញកាលពីវេលាម៉ោង៤ និង៣០នាទីរសៀលថ្ងៃទី៩ មិថុនា ២០១២បន្ទាប់ពីមានក្លិនស្អុយ ។ នេះជាករណីឃាតកម្មសម្លាប់ស្រ្តី ។ ជនជាតិខ្មែរជាលើកទី២ ក្នុងផ្ទះសំណាក់លីហ៊រខាងលើ ។
យោងតាមការបំភ្លឺរបស់ម្ចាស់ផ្ទះសំណាក់លីហ៊រឲ្យសមត្ថកិច្ចដឹងថា ស្រ្តីរងគ្រោះធ្លាប់មកអ៊ុតសក់ក្នុងហាងលីហ៊រ តែពុំស្គាល់ឈ្មោះទេ ហើយអំឡុងថ្ងៃទី២មិថុនា ២០១២ ជនរងគ្រោះបានមកជួលបន្ទប់លេខ២១៦ជាន់ទី២ ស្នាក់នៅម្នាក់ឯងក្នុងតម្លៃមួយថ្ងៃ៦ដុល្លារ ។ នៅថ្ងៃទី៧មោ៉ងប្រហែលជា២រសៀល ស្រ្តីរងគ្រោះបានចុះមកខាងក្រោមហើយអង្គុយនិយាយលេងជាមួយម្ចាស់ផ្ទះសំណាក់ និងបុគ្គលិករួចចេញចូលជាធម្មតា ។ លុះដល់ថ្ងៃទី៩ ខែឆ្នាំដដែល វេលាម៉ោង៤ និង៣០នាទី រសៀលបុគ្គលិកផ្ទះសំណាក់ម្នាក់ផ្នែកបោសសម្អាតបានឡើងទៅជាន់ទី២ បន្ទប់លេខ២១៦ដើម្បីរៀបចំបន្ទប់ ក៏គោះទ្វារហៅមិនឮនិងមិនឃើញបើកទ្វារហើយកើតការសង្ស័យ ក៏បានយកកូនសោមួយទៀតទៅចាក់មើលក៏ប្រទះឃើញសពនាងតែម្តង ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕
ចែករំលែកព័តមាននេះ